រោងចក្រ​បរទេស​ចំនួន៩​ថ្មីទៀត​​​​​​​​​ បាន​បង្កើត​នៅ​កម្ពុជា​ ប្រើ​ទុន​ជាង​៣១​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជម្រុញ​គោលនយោបាយ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ដើម្បី​បង្កើត​ការងារ​បន្ថែម​ក្នុងប្រទេស​កម្ពុជា ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​មេសា​កន្លងមក បង្ហាញថា មាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​ថ្មី​ចំនួន​៩ ដែលជា​គម្រោង​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង បានទទួល​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​អោយ​បើក​ដំណើរការ​នៅ​កម្ពុជា ដែល​នឹង​បង្កើត​ការងារ​ថ្មី ប្រមាណ​១​ម៉ឺន​កន្លែង សម្រាប់​ពលរដ្ឋ​កម្ពុជា ។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានបង្ហាញ​របាយ​ការ​ណ៌​មួយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្នុង​ខែមេសា ឆ្នាំ​២០១៨ កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ចំនួន ៩ ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៣១ លាន​ដុល្លារ​អាម​រិ​ក​។ ដែល​គម្រោង​វិនិយោគ​ភាគច្រើន ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ដោយ​នៅក្នុង​គម្រោង​វិនិយោគ​ទាំងអស់នេះ​បាន​អះអាង​ពី​ការផ្តល់​ការងារ​សរុប​ចំនួន​ជាង ១ ម៉ឺន​នាក់​។ ការអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៩​នេះ គឺធ្វើឡើង​តាម​សំណើសុំ របស់​ក្រុមហ៊ុន​តាមរយៈ​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងនោះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ចំនួន ៥ មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​រោងចក្រ​ផលិត​កាបូប និង​សម្លៀកបំពាក់​ចំនួន​៤ ផ្សេងទៀត មាន​ទីតាំង​ស្ថិតក្នុង​ខេត្តកណ្តាល តាកែវ និង​កំពង់ស្ពឺ​។

គួរ​បញ្ជាក់ថា យោងតាម​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ចុងឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន​២១៥២​ក្រុមហ៊ុន កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ទន្ទឹមនេះ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ភិ​វឌ្ឍន៍​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សិ​ទិ្ធ​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស សរុប​មានតម្លៃ​ជា​ទឹកប្រាក់ ៦​ពាន់​៣០០ លាន​ដុល្លារ​អាមេរិក​។ ចំណែក​ទិន្នន័យ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង កាបូប មាន​ចំនួន​សរុប ១០៣១​រោងចក្រ ដែលមាន​ចំនួន​កម្លាំង​ពលកម្ម​បំរើការ​សរុប​ជាង ៨៤​ម៉ឺន ៧​ពាន់​នាក់​៕​