​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ដើមខែ​ឧសភា កើនឡើង​ជាង​ខែមេសា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2018 ក+ ក-

​ភ្នំពេញ ៖ តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ដែល​ក្រសួងពាណិជ្ជកម្ម​បាន កំណត់​តម្លៃ​លក់រាយ សម្រាប់​រយៈពេល​១០​ថ្ងៃ​ថ្មី​ក្នុងថ្ងៃនេះ មានការ​កើនឡើង​ជាង កាលពី​ចុងខែ​មេសា​។​

​បើ​មើល​តាម​តារាង​តម្លៃ​ជាក់ស្តែង​នៅតាម​ស្ថា​នី​យ៌​លក់​ប្រេងឥន្ធនៈ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃទី​៤ ខែឧសភា​នេះ តម្លៃ​ប្រេងសាំង​ធម្មតា មានតម្លៃ​៤១០០​រៀល ក្នុង​មួយ​លីត្រ​។ ចំណែក ប្រេងម៉ាស៊ូត តម្លៃ​៣៩០០​រៀល​ក្នុង​មួយ​លីត្រ​។ រីឯ​ប្រេងសាំង​ស៊ុប​ពែ មានតម្លៃ​ចន្លោះ​ពី​៤៤០០​រៀល ទៅ ៤៤៥០​រៀល ក្នុង​មួយ​លីត្រ​។ តម្លៃ​ប្រេង​ទាំងបី​ប្រភេទ​នេះ មើលឃើញថា មានការ​កើនឡើង​បន្ថែមទៀត បើ​ធៀប​កាលពី​ចុងខែ​មេសា​កន្លងមក​។

​ចំពោះ​តម្លៃ​ប្រេង​ថ្មី​នេះ គឺ​ត្រូវ​បានកំណត់​ជាថ្មី​ដោយ ក្រសួងពាណិជ្ជកម្ម សម្រាប់​រយៈពេល​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ខែឧសភា ដល់​ថ្ងៃ​១១ ខែឧសភា ឆ្នាំ​២០១៨​។ ក្នុង​តារាង​តម្លៃ​ប្រេង​នោះ បានកំណត់​តម្លៃ​សម្រាប់​ប្រេងសាំង​ធម្មតា លក់​មិន​អោយលើស​៤១០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត ត្រូវ​លក់​មិនអោយ​លើស​តម្លៃ​៣៩០០​រៀល​ក្នុង​១​លីត្រ​។ ខណៈដែល​កាលពី​ចុងខែ​មេសា ប្រេងសាំង​ធម្មតា​មានតម្លៃ ៣៩៥០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត មានតម្លៃ​៣៨៥០​រៀល​ក្នុង​១​លីត្រ​ប៉ុណ្ណោះ​។ ចំណែក តម្លៃ​លក់រាយ​ប្រេងសាំង​ស៊ុប​ពែរ ដែល​មិន​ត្រូវបាន​គណនា​ក្នុង​តារាង​កំណត់​តម្លៃ​លក់រាយ របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ចុងខែ​មេសា គឺមាន​តម្លៃ​លក់រាយ​ចន្លោះ​៤២០០​រៀល ទៅ​៤៣០០​រៀល ក្នុង​មួយ​លីត្រ​ប៉ុ​ណ្នោះ​។

​គួរ​កត់សំគាល់ថា តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅតាម​បណ្តា​ស្ថា​នី​យ៌​ប្រេង​ទូទៅ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មក ដែល​នៅពេលនោះ​តម្លៃ​ប្រេងសាំង​ធម្មតា មានតម្លៃ​ប្រមាណ​៣៧០០​ក្នុង​មួយ​លីត្រ​! ប្រេងម៉ាស៊ូត​តម្លៃ​ប្រមាណ​៣៤០០​រៀល​ក្នុង​មួយ​លីត្រ ! និង ប្រេងសាំង​ស៊ុប​ពែរ មានតម្លៃ​ប្រមាណ​៣៩០០​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​។

​សូមបញ្ជាក់ថា ការកំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ មិន​ឲ្យ​លើសពី​តម្លៃ​ក្នុង​តារាង​កំណត់ សម្រាប់​រយៈពេល​១០​ថ្ងៃ​ម្តងនេះ គឺ​ផ្អែកទៅលើ​ការសម្រួល​រូបមន្ត​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​របស់​អន្តរក្រសួង ចំនួន​បី គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​មក ៕