កាំកុងត្រូល​ច្រកទ្វារ​ប៉ោយប៉ែត​ រងការរិះ គន់ថា«​ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​យកលុយ​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ និង​កម្មករ​អូស​រទេះ​មួយចំនួន​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​រិះគន់​មន្ត្រី​កាំកុងត្រូល ថា ជា​ក្រុម​«​ដៃ​ម្ខាង​ចាប់ ដៃ​ម្ខាង​យកលុយ​»​ពី​ឈ្មួញ ក្នុងករណី បិត​ភ្នែក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​គ្រឿងឧបភោគ បរិភោគ និង​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី ឬ​ខូចគុណភាព ចូល​យ៉ាង​រលូន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។ ការដែល​ឈ្មួញ​ខិលខូច​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​គេច​ផុតពី​ការបង្ក្រាប គឺមាន​ការឃុបឃិត​ពី​មន្ត្រី​ក្នុង​ស្ថាប័ន​ជំនាញ បើកដៃ​ឲ្យ​ធ្វើ គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។

​សូមជម្រាបថា ជា​ញឹកញាប់​គែ​ឃើញ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ តែងតែ​ចុះ​ត្រួតពិនិត្យ ទំនិញ​ខូចគុណភាព​នៅលើ​ទីផ្សារ ហើយ​រឹបអូស​ទំនិញ​ខូចគុណភាព​ឬ​គ្រឿង​ឧបភោគបរិភោគ​មាន​ផ្ទុក​សារធាតុ​គីមី​យកទៅ​កម្ទេចចោល​ដើម្បី​បង្ហាញ​ស្នាដៃ​។ ចំណែក​មន្ត្រី​បក្ខពួក​មួយចំនួន​ដែល​ឃុបឃិត​គ្នា​បិទបាំង​ការ​នាំចូល​ទំនិញ​ខូចគុណភាព ឬ​មាន​ផ្ទុក​សារធាតុ​គីមី នៅតែ​ប្រព្រឹត្តិ​អំពើពុករលួយ​ដដែល ។ ដោយសារតែ ម្តង​ចាប់ ម្តង​បើកដៃ​ឲ្យ​នាំចូល នេះហើយ ទើបត្រូវ​អ្នករស់នៅ​ក្រុង​ប៉ោយប៉ែត​ដាក់​រហស្សនាម​ឲ្យ​មន្ត្រី​កាំកុងត្រូល ខ្លះ​ថា «​ដៃ​ម្ខាង​បង្ក្រាប ដៃ​ម្ខាង​យកលុយ​»​។

​ក្រុមកម្មករ​អូស​រទេះ​ព្រំដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ការនាំ​ទំនិញ​ចូល​នេះ គេ​ឃើញ​មាន​ក្រុម​ជើងសា​របស់​កាំកុងត្រូល​នៅ​ប្រចាំ​ច្រកទ្វារ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​ថៃ​ចូលមក​ក្រុង​ប៉ោយប៉ែត យ៉ាង​សន្ធឹកសន្ធាប់​។ ប្រភព​បន្តថា គ្រឿងឧបភោគ​បរិភោគ​ដែល​ខូចគុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី ត្រូវបាន​ឈ្មួញ​យកទៅលក់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បន្តទៅ​ទីផ្សារ​នៅតាម​បណ្ដា​ខេត្ត​នានា​។ ហេតុនេះ​សួ​ម​ឯកឧត្តម ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល គួរ​ពិនិត្យឡើងវិញ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​កាំកុងត្រូល​បន្ទាយមានជ័យ ដែល​បណ្ដោយ​ឧ្យ​ក្រុម​ឈ្មួញ​នាំយក​សាច់​គ្រប់​ប្រភេទ​ឆ្លងដែន​មក​ចែក​។​

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​មួយចំនួន​ដែល​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ គឺមាន​ការឃុបឃិត​គ្នា​ជា​លក្ខណ​:​ប្រពន្ធ និង​បក្ខពួក​ទើប​អាច​ឆ្លង​ផុតពី​ច្រកទ្វារព្រំដែន​ចូលមក​ដល់ទី​ផ្សារ​។ ចំណែក​ពលរដ្ឋ ឬ​កម្មករ​អូស​រទេះ​ដែល​លួច​បង្កប់​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​តិចតួច បើ​គ្មាន​ទំនាក់ទំនង​ទេនោះ នឹង​ត្រូវគេ​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ សម្រាប់​អ្នក​ដែល​បង់លុយ​តាម​ការកំណត់​គឺ​តែង​ចៀស​ផុតពី​ការបង្ក្រាប​រហូត​។​

​បញ្ហា​នេះ អ្នក​សារ​ព័​ត៏​មាន​មិនទាន់​ទទួលបាន​បកស្រាយ​ពី​លោក សាន វិជ្ជា​សារា​វុ​ធ ប្រធាន​សាខា​កំ​កុងត្រូល​ខេត្តបន្ទាយមានជ័យ នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​របស់លោក​ទាក់​ទង​បាន​ហើយ តែ​គ្មាន​អ្នកទទួល​៕