ការនាំចេញ​អង្ករ​កម្ពុជា​ធ្លាក់ចុះ​៣​ខែ​ជាប់​គ្នានៅដើមឆ្នាំ​២០១៨ ជាង​៧​ភាគរយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2018 ក+ ក-

​ភ្នំពេញ ៖ រយៈពេល​៤​ខែ​ដំបូង ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ បាន​ជិត​២០​ម៉ឺន​តោន តែ​ទិន្នន័យ​នេះ​ធ្លាក់ចុះ​ជាង​៧​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧! ក្នុងនោះ ការនាំ​អង្ករ​ចេញ​មានការ​ធ្លាក់ចុះ​៣​ខែ​ជាប់​គ្នា ចាប់តាំងពី​ចន្លោះ​ខែកុម្ភៈ​ដល់​ខែមេសា​។​

​គិត​ចាប់តាំងពី​ខែមករា ដល់​ខែមេសា​ឆ្នាំ​២០១៨ បង្ហាញថា កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន​ជាង​១៩​ម៉ឺន​៧​ពាន់​តោន​។ ចំនួន​នេះ​មានការ​ធ្លាក់ចុះ​ប្រមាណ​៧,៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​បរិមាណ​នាំចេញ​ជាង​២១​ម៉ឺន​២​ពាន់​តោន​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។

​គួរកត់សំគាល់​ក្នុង​របាយ​ការ​ណ៌​នេះដែរ​ថា ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​២០១៨ នេះ​ការនាំ​អង្ករ​កម្ពុជា​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ធ្លាក់ចុះ​រយៈពេល​៣​ខែ​ជាប់​គ្នា គិត​ចាប់តាំងពី​ខែកុម្ភៈ ដល់​ខែមេសា ឆ្នាំនេះ​។ ក្នុង​ខែកុម្ភៈ បិ​រិ​មាណ​នាំចេញ​បាន​ជាង​៤​ម៉ឺន​៧​ពាន់​៨​រយ​តោន ធ្លាក់ចុះ​ប្រមាណ​២៧​ភាគរយ​។ ខែមីនា មាន​បិ​រ​មាណ​៥​ម៉ឺន​២​រយ​តោន ធ្លាក់ចុះ​១២,៧​ភាគរយ​។ ខែមេសា មាន​ចំនួន​៣​ម៉ែន​៦​ពាន់​២​រយ​តោន ធ្លាក់ចុះ ២៦,១​ភាគរយ​។ ដោយឡែក ការនាំចេញ​អង្ករ​កាលពី​ខែមករា បាន​កើនឡើង​ជាង​២៨​ភាគរយ មាន​ចំនួន​ជាង​៦​ម៉ឹ​ន​២​ពាន់​៦​រយ​តោន ។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ តាមរយៈ ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ចំនួន​៦៧​ក្រុមហ៊ុន ទៅកាន់​ទីផ្សារ​ចំនួន​៥៤​ប្រទេស នៅលើ​ពិភពលោក បាន​ចំនួន​សរុប ១៩​ម៉ឺន​៧​ពាន់​៣៥៤​តោន​។ ក្នុងនោះ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ចំនួន​២៥​ប្រទេស មាន​ចំនួន​ជាង​៩​ម៉ឺន​៩​ពាន់​តោន​! ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន ចំនួន​៤​ប្រទេស ដូចជា ម៉ាឡេស៊ី សិង្ហ​បុរី ប្រ៊ុយណេ វៀតណាម មាន​ចំនួន​សរុប​ប្រមាណ ២​ម៉ឺន​៧​រយ​តោន និង​ទៅកាន់​បណ្តា​ទីផ្សារ​ផ្សេងទៀត​ចំនួន​២៥​ប្រទេស មាន​ចំនួន​ជាង ៧​ម៉ឺន​៧​ពាន់​៧​រយ​តោន​។

​ក្នុងចំនោម​ប្រទេស​ទាំង​៥៤​នេះ ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងគេ មាន​រហូតដល់​ជាង​៥​ម៉ឺន​តោន បន្ទាប់មក គឺ​ប្រទេស​បារាំង មាន​ចំនួន​ជិត​២​ម៉ឺន​៧​ពាន់​តោន និង​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ជាង​១​ម៉ឹ​ន​៣​ពាន់​៧​រយ​តោន​។

​គួរ​បញ្ជាក់ថា អង្ករ​ដែល​កម្ពុជា​នាំចេញ​មាន​ចំនួន​៩​ប្រភេទ រួមមាន ៖ អង្ករ​នាង​ម្លិ​ស​! អង្ករ សូ​ម៉ាលី​! អង្ករ​ផ្ការំដួល និង​ផ្កា​ម្លិ​ស អង្ករ​សរីរាង្គ អង្ករ​ភ្លឺ អង្ករ​ប្រណិត​គ្រាប់​វែង អង្ករ​ចំហុយ​គ្រាប់​វែង​! អង្ករ​ចម្រុះ និង​អង្ករ​ចម្រុះ​គ្រាប់​វែង​៕​