« ភ្នំ​ធំ » ជា​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​មង្គលបុរី​នឹងរលាយបាត់​រូប​ដោយ​ការជីក​រំលាយ​យក​ថ្ម​លក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2015

​បន្ទាយមានជ័យ​៖ ភ្នំ​ធំ​ដែល​ស្ថិតនៅក្នុង​ឃុំ​អូរ​ប្រាសាទស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវគេ​មើលឃើញថា កំពុង​រង​ការជីក​កកាយ​យក​ថ្ម​លក់​យ៉ាង​គគ្រឹកគគ្រេង​ពី​សំណាក់​ក្រុម​ឈ្មួញ ។​ក្រុម​អ្នក​ជីក​ភ្នំ​បាន​បោះ​ពាក្យសំដី​ដោយ​យកឈ្មោះ​មន្ត្រី​ថ្នាក់​ធំ​មានអំណាច​ដើម្បី​បញ្ចៀស​ពី​ការសាកសួរ​ផ្សេងៗ​។

​មន្ត្រី​ថ្នាក់មូលដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើងថា សកម្ម ភាព​នៃ​ការធ្វើ​អាជីវកម្ម​ភ្នំ​ធំ​នេះ ប្រសិនបើ​អាជ្ញាធរ​ខេត្ដ និង​ក្រសួង​ពាក់ព័ន្ធ​មិនបាន​ទប់ស្កាត់​ទាន់ពេលវេលា នោះទេ ភ្នំ​នេះ​នឹង​រលាយបាត់​រូបរាង​ចេញពី​ផែនទី​នៃ​ប្រទេស​កម្ពុជា​ជាមិនខាន​ឡើយ ហើយ​កូនចៅ​ជំនាន់​ក្រោយ​បានត្រឹមតែ​ឮឈ្មោះ​ប៉ុណ្ណោះ ចំណែក​រូបរាង​ភ្នំ​ពិត​ត្រូវបាន​រំលាយ​សាបសូន្យ​បាត់អស់ ។

​ការធ្វើ​អាជីវកម្ម​ជីក កកាយ​យក​ថ្មភ្នំ​ធំ​នេះ ធ្វើឱ្យ​ប្រជា​ពល រដ្ឋ​រស់នៅក្នុង​ខេត្ដ​បន្ទាយមានជ័យ​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​និង អន្ដរជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ដ​ប​ន្ទា​យ​មានជ័យ មើលឃើញ​សកម្មភាព​នោះ​នាំគ្នា​សោកស្ដាយ​ចំពោះ​ការបាត់បង់​ភ្នំ​ធម្មជាតិ​មួយ​នេះ​យ៉ាងខ្លាំង ។​

​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យដឹងថា​នៅ លើ​ភ្នំ​ធំ​នោះ​មាន​ល្អាង​ក្រម​ថ្ម​ភ្ជាប់​រឿង ប្រ​វ​ត្ដិ​សាស្ដ្រ​ដូចជា​ល្អាង​កី ល្អាង​គោ​យំ ល្អាង​ថ្ម​ស្រក់​និង​មាន​ល្អាង​មួយចំនួនទៀត ដែលជា​ទីតាំង​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ ចូល​លេង​កម្សាន្ដ​ផងដែរ ។ ជាង​នេះ ទៅទៀត​ជា​រៀងរាល់​ថ្ងៃសីល​គេ​ឃើញ មាន​លោកយាយ​លោកតា​ជា​អ្នក​ជឿ ជាក់​លើ​ព្រះពុទ្ធសាសនា​តែងតែបាន នាំគ្នា​ឡើងទៅ​លើ​ភ្នំ​ដើម្បី​ធ្វើ​សមាធិ ។ បច្ចុប្បន្ន​លោកយាយ​លោកតា​ទាំងនោះ ក៏​មានការ​ត្អូញត្អែរ ព្រោះតែ​លំបាក​រក ផ្លូវ​ឡើងទៅ​លើ​ភ្នំ​ធំ​ដោយសារ​ក្រុមហ៊ុន គេ​ធ្វើ​អាជីវកម្ម​បិទផ្លូវ​នោះ​អស់ហើយ ។​

​សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​ថ្មភ្នំ​ធំ​ក៏ត្រូវ​បាន​រង​ការរិះគន់ ពី​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ជា​រៀងរាលថ្ងៃ​បង្ក​ឱ្យ​ហុយ​កម្ទេច​ថ្ម​ប៉ះ​លើ ប្រជាពលរដ្ឋ​ការដឹក​ជញ្ជូន​ថ្ម និង​ការ​បំផ្ទុះ​យក​ថ្មភ្នំ​លាន់ឮ​សំឡេង​កក្រើក​ភូមិ​។​ប្រជាពលរដ្ឋ បន្តទៀតថា កន្លងមក​ការ​បំផ្ទុះ​យក​ថ្ម​របស់​ក្រុមហ៊ុន​នោះ​ដដែល​នេះដែរ បាន​បណ្ដាលឱ្យ​ដុំថ្ម​ផ្លោង​ខ្ទាត​បង្ក​ឱ្យ​ត្រូវរបួស និង ស្លាប់​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​ទៀតផង ។​

មន្ដ្រី​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច ប្រាប់​ឱ្យដឹងថា ក្រុមហ៊ុន​ដែល​កំពុងតែ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ធំ មាន​ចំនួន​៥​ក្រុមហ៊ុន​គឺ​៖ ១-​ក្រុមហ៊ុន ណុប ទូច ,២-​ក្រុមហ៊ុន អិដ្ឋ លឿ , ៣-​ក្រុមហ៊ុន យ៉ែម សារឿន ,៤-​ក្រុមហ៊ុន​កូ ណៃ និង ៥-​ក្រុមហ៊ុន​ជីផូស្វាត ជា​ក្រុម ហ៊ុន​របស់​ជនជាតិ​ថៃ ។ ក្រុមហ៊ុន​ទាំង​៥ នេះ បើតាម​ការ​បង្ហើប​ឱ្យដឹងពី​មន្ដ្រី សាលា​ខេត្ដ​គឺមាន​ក្រុមហ៊ុន​ខ្លះ​ចប់​អាជ្ញាប័ណ្ណ​ហើយ​ក៏ប៉ុន្ដែ​នៅតែ​បន្ដសកម្មភាព​ជា​ដដែល ។​

លោក​សុខ វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ដ មិន​​អាច​ទំនាក់ទំនង​ដើម្បី​ឱ្យជួយ​បំភ្លឺ​បានទេ​កាលពីពេល​ថ្មីៗ​នេះ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ហៅចូល​៣​លើក​គ្មាន​ការឆ្លើយតប ៕ វ កVicheka-315Vicheka-
14Vicheka