តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ក្នង​សប្តាហ៍​នេះ​កើនឡើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពេល​ក្រសួងពាណិជ្ជកម្ម​បាន​ព​ន្យ​ល់​កាល​ពីស​ប្តា​ហ៌​មុន​ថា ការប្រែប្រួល​តម្លៃ​លក់​ប្រេងសាំង​ក្នុងប្រទេស​កម្ពុជា គឺ​ផ្អែកលើ​ទីផ្សារ​ប្រេង​អន្តរជាតិ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​បន្ត​កើនឡើង​ប្រមាណ​១០០​រៀល​ទៀត​។​

​បើតាម​តារាង​តម្លៃ​ដាក់​លក់រាយ​ប្រេងសាំង​នៅតាម​បណ្តា​ស្ថា​នី​យ៌​ប្រេងឥន្ធនៈ ក្នុងប្រទេស​កម្ពុជា នា​ថ្ងៃ​ច័ន្ទ​ទី​១៤ ខែឧសភា​នេះ បង្ហាញថា ប្រេងសាំង​ធម្មតា មានតម្លៃ ៤១៥០ រៀល​ក្នុង​មួយ​លីត្រ ដែល​កើនឡើង​៥០​រៀល​ទៀត ពី​តម្លៃ​៤១០០ រៀល កាលពី​១០​ថ្ងៃមុន​។ រីឯ​តម្លៃ​ប្រេងម៉ាស៊ូត ក៏​កើនឡើង ១០០ រៀល​ទៀត​ដែរ គឺ​ឡើងដល់ ៤០០០ រៀល​ក្នុង​មួយ​លីត្រ​ផងដែរ​។ ចំពោះ​តម្លៃ​សាំង​ស៊ុប​ពែ គឺ​នៅមាន​តម្លៃ ចន្លោះ​៤៤០០ ទៅ​៤៤៥០​រៀល ក្នុង​មួយ​លីត្រ​ដដែល​។ តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេង​ម៉ា​សូត​ថ្មី​នេះ គឺ​ស្របតាម​តារាង​តម្លៃ​ថ្មី​សម្រាប់​រយៈពេល​១០​ថ្ងៃ ដែល​កំណត់ដោយ​ក្រសួងពាណិជ្ជកម្ម ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨​។

​កាលពី​ថ្ងៃ​១១ ខែឧសភា ស​ប្តា​ហ៌​មុននេះ ក្រសួងពាណិជ្ជកម្ម ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​ពន្យល់​ដល់​សាធារណជន អោយបាន​ដឹង​ពី​កត្តា​ឡើងថ្លៃ​តម្លៃ​ប្រេង​នេះ​ថា គឺ​ដោយសារ​តម្លៃ​ប្រេង​អន្តរជាតិ​ក៏មាន​ការឡើង​ថ្លៃ​ដែរ ក្នុងនោះ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា គឺ​ពឹងផ្អែក​តាម​ទីផ្សារ​តម្លៃ​ប្រេង​របស់​ប្រទេស​សិង្ហ​បុរី ។

​ក្រសួងពាណិជ្ជកម្ម បាន​ពន្យល់ថា ហេតុផល​ដូចនេះ ទើប​ក្រសួង​បាន​បង្កើត​រូបមន្ត គណនា​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​រៀងរាល់​១០​ថ្ងៃ​ម្តង ដោយ​ប្រើប្រាស់​រូបមន្ដ ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​តម្លៃ​ប្រេង អោយ​សមាមាត្រ​ទៅនឹង​ការប្រែប្រួល​តម្លៃ​ប្រេង​អន្តរជាតិ​ដែរ​។ ប៉ុន្តែ រូបមន្ត​នេះ​មិន​គ្រប់គ្រង​ប្រេងសាំង ស៊ុប​ពែរ​នោះទេ ដោយ​ក្រសួងពាណិជ្ជកម្ម ពន្យល់ថា គឺ ទុក​សម្រាប់​អោយ ក្រុមហ៊ុន​វិនិយោគ​រកប្រាក់​ចំណេញ ក្នុង​ទីផ្សារសេរី​។

​គួរកត់សំគាល់ បើតាម​ក្រសួងពាណិជ្ជកម្ម បង្ហាញថា បើ​ប្រៀបធៀប​តម្លៃ​ចាប់តាំងពី​ឆ្នាំ​២០១៦ មកទល់នឹង​ខែមេសា ឆ្នាំ​២០១៨ ការ​តម្លៃ​លក់រាយ​ប្រេងសាំង​នៅ​កម្ពុជា បាន​កើនឡើង ២៧ ភាគរយ ខណៈ​តម្លៃ​អន្តរជាតិ​បាន​កើនឡើង ៦៣ ភាគរយ​។ ចំណែក កាល​ពីស​ប្តា​ហ៌​មុន​តម្លៃ​ប្រេង​ឆៅ​នៅ​អាស៊ី ក៏បាន​ឡើង​ខ្លាំង​ដល់​ទៅ​ជាង​៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែលជា​តម្លៃ​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំកន្លះ​មកនេះ​៕​