កម្ពុជា​-​ឥណ្ឌា ប្ដេជ្ញាប​ង្កើ​ន​ទំហំ​ពាណិជ្ជ កម្ម​ ខណៈ​បច្ចុប្បន្ន​មាន​ជាង​១០០​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2018 ក+ ក-

ភ្នំពេញ ៖ ស្របពេល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា នៅមាន​បរិមាណ​តិចតួច​នៅឡើយ ប្រទេស​ទាំងពីរ​បាន​ប្ដេជ្ញា​ពង្រឹង និង​ជំរុញ​អោយ​ទំហំ​ពាណិជ្ជកម្ម កាន់តែ​ច្រើនឡើង ដោយ​នឹងមាន​ការវិនិយោគ​បន្ថែម​ទៅលើ​វិស័យ​មួយចំនួន និង​ការបន្ថែម​ការនាំចេញ​នាំចូល​ទាំងពីរ​ភាគី ។

​តាម​របាយការណ៍​រប​ស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បង្ហាញថា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌា​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ​មាន​ចំនួន ១២៦​លាន​ដុល្លារ​អាមេរិក ចំណែកឯ​ការវិនិយោគ​របស់​ឥណ្ឌា​ក្នុងប្រទេស​កម្ពុជា កាលពី​ឆ្នាំ ២០១៦ កន្លងទៅ​មានតែ​ជាង​២០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។

​តាម​ប្រសាសន៍​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានអោយដឹងថា បន្ទាប់ពី​វេទិកា​នេះ​បាន​បញ្ចា​ប់ កម្ពុជា​រំពឹង​ខ្ពស់​លើ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ទ្វេរ​ភាគី ដោយ​នឹងមាន​ការវិនិយោគ​បន្ថែមទៀត​ទៅលើ​វិស័យ​មួយចំនួន ដូចជា​វិស័យ​អប់រំ សុខាភិបាល និង​ការនាំចេញ​នាំចូល​ជាដើម ។

​លោក​បន្តថា កម្ពុ​ជាមាន​កំលាំង​ពលកម្ម​សម្រាប់​បម្រើអោយ​ការវិនិយោគ​របស់​ឥណ្ឌា ហើយ​កម្ពុជា​ក៏មាន​នូវ​កសិឧស្សាហកម្ម​សម្រាប់​សក្ដានុពល​វិនិយោគ​របស់​ឥណ្ឌា​ផងដែរ ជាក់ស្ដែង​ផ​លិ​ផល​ដំឡូង​មី ដែលជា​អាច​កែច្នៃ​ជា​សំបក​ថ្នាំពេទ្យ ដូចនេះ​ឥណ្ឌា​អាច​នឹង​ចាប់អារម្មណ៍​លើ​វិស័យ​មួយ​នេះ សម្រាប់​នាំ​ដំឡូង​មី​ទៅ​កែច្នៃ​ជា​សំបក​ថ្នាំពេទ្យ​នៅ​ប្រទេស​ឥណ្ឌា រឺក៏​អាចមក​បណ្ដាក់ទុន​កែច្នៃ​នៅនឹងកន្លែង​តែម្ដង​ក៏បាន​ដែរ ។

​លោក​បន្ថែមថា ដើម្បីអោយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាន់​តែមាន​ទំហំ​ធំ​ឡើង កម្ពុជា ឥណ្ឌា​ក៏​កំពុងតែ​ជំរុញអោយមាន​ជើងហោះហើរ​ត្រង់​ផ្ទាល់​តែម្ដង ពីព្រោះ​បច្ចុប្បន្ននេះ គេ​ឃើញថា ទេសចរ​កម្ពុជា ទៅ​ប្រទេស​ឥណ្ឌា​ក៏​ច្រើន​ដែរ ដែល​ភាគច្រើន​គឺ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ដែនដី កំណើត​របស់​ព្រះពុទ្ធ ហើយ​ឥណ្ឌា​វិញ​ក៏​បានមក​កម្ពុ​ជាច្រើន​គួ​សម​ដែរ ។

​លោក ស៊ូ​រ៉េ​ស ប្រា​ប៊ូ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា បានអោយដឹងថា ឥណ្ឌា​នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា តាមរយៈ​ពិព័រណ៍​នានា​នៅ​ប្រទេស​ឥណ្ឌា សម្របសម្រួល និង​ជំរុញ​ការវិនិយោគ​ពី​ឥណ្ឌា​មក​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម ឧស្សាហកម្ម និង​ថ្នាំពេទ្យ ។

​លោក​បន្តថា រដ្ឋាភិបាល​ឥណ្ឌា​បានរៀបចំ​កញ្ចប់​ថវិកា​មួយ​ហៅថា Project Development Fund តាមរយៈ​ធនាគារ អេ​ហ្ស៊ី​ម ( EXIM Bank ) របស់​ឥណ្ឌា ដើម្បី​ផ្ដល់​ជា​ប្រាក់កម្ចី​ដល់​ក្រុមហ៊ុន​ឥណ្ឌា ដែលមាន​បំណង​មក​វិនិយោគ​នៅ​ប្រទេស CLMV ។ ក្រៅពីនេះទៀត ក្រសួងពាណិជ្ជកម្ម​ឥណ្ឌា​ក៏បាន​សន្យាថា​នឹង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ផងដែរ​៕