កម្ពុជា ដាក់​ឲ្យ​ដំណើការ​ចុះបញ្ជី​យាន យន្ត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​ផ្លូវការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ការប្រមូល​ពន្ធ​យានយន្ត កាន់​តែមាន​ប្រសិទ្ធិភាព ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​ពន្ធគយ ។​

ការផ្ទៀងផ្ទាត់​គល់បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ត្រូវបាន​ដាក់អោយ​ដំណើរការ​សាកល្បង រយៈពេល​ប្រមាណ​ជាង​២​ខែ​មកហើយ គិត​ចាប់ពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​មក ដោយ​ការ​ក្នុង​រយៈពេល​ដំណើរការ​សាកល្បង​នេះ បានធ្វើការ​ផ្ទៀងផ្ទាត់​គ​ល់​បញ្ជី​យានយន្ត​ប្រមាណ​ជិត​១០​ម៉ឺន​គ្រឿង ក្នុងនោះ មាន​រថយន្ត​ប្រមាណ​១​ម៉ឺន ៣​ពាន់​គ្រឿង​។
បន្ទាប់ពី​លទ្ធផល​ជោគជ័យ​នៃ​ការដាក់អោយ​ដំណើរការ​សាកល្បង​នេះ ក្រសួង​សាធារណការ និង ដឹកជញ្ជូន កាលពី​ថ្ងៃទី​២១ ខែឧសភា​ឆ្នាំ​២០១៨​នេះ ក៏បាន ចាប់ផ្តើម​ជា​ផ្លូវការ​តែម្តង ក្នុងការ​ដាក់អោយ​ដំណើរ​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​ពន្ធគយ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​ការតភ្ជាប់​ប្រព័ន្ធ​នេះ នឹងធ្វើ​ការ​ផ្ទៀ​ត​ផ្ទាត់​លេខ​សម្គាល់​សន្លឹក​ពន្ធ​នាំចូល ដើម្បី​ទាញយក​ព័ត៌មាន​យានយន្ត​មកប្រើប្រាស់ សម្រាប់​ការចុះបញ្ជី​យានយន្ត ដែល​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការបង្ក​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា ទប់ស្កាត់​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ចំណេញ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​យានយន្ត និង​បង្កើន​ការប្រមូល​ចំណូល​ពន្ធគយ​ផងដែរ​៕