នេះ​ជា​ឆ្នាំ​ទី​៥ ដែល​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​បំផុត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2018 ក+ ក-

​ភ្នំពេញ ៖ គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បានផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជា​សំណង់​អច្ឆរិយៈ​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត និង​ជា​គោលដៅ​ទេសចរណ៍ ចំណាត់ថ្នាក់​លេខ​១៣​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨ ។ នេះ បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា​ក្រោយ​ការចូលរួម​បោះឆ្នោត​ស្ទង់​មតិ​ពី​ភ្ញៀវទេសចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​។​

​នេះ​គឺជា​ឆ្នាំ​ទី​៥​ហើយ ដែល​តំបន់​អង្គរ​ត្រូវបាន​ភ្ញៀវទេសចរ​លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយ​ទទួលបាន​ចំណាត់​លេខ​១​ជាប់ៗ​គ្នា​តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​គ្នា ក្នុងនោះ កាលពី​ឆ្នាំ​២០១៤ អង្គរ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១ នៅលើ​គេហទំព័រ ArchaeoMadness ដែល​បាន​យក​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា ។

​បន្ទាប់មកទៀត នៅ​ដើមឆ្នាំ​២០១៥ អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ម្តងទៀត នៅលើ​គេហទំព័រ TripAdvisor ដែលជា​គេហទំព័រ​ដ៏​ពេញនិយម​លើ​ការផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​ក្នុង​ពិភពលោក​។ រីឯ​នៅ​ឆ្នាំ​២០១៦ អង្គរ​បាន​បន្ត​ជាប់​លេខ​១ នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែលជា​ប្រភព​ផ្សព្វផ្សាយ និង​ជា​ប្រភពព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក ដែលមាន​ទាំង​គេហទំព័រ ទស្សនា​វ​ដ្តី និង​សៀវភៅ ជាដើម​។

​ចំណែក​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​នេះ TripAdvisor ក៏បាន​បន្ត​ផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ក្នុងឋានៈ​ជា​សំណង់ ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​ក្នុង​លោក​។ ក្នុងនាម​ស្ថាប័ន​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាត់ទុកថា នេះ​ជា​មោទនភាព​មួយ​របស់​ជាតិខ្មែរ​ទាំងមូល ដែល​អង្គរវត្ត​របស់​កម្ពុជា​ទទួលបាន​ការ​គាំទ្រ​ពី​បណ្តា​ប្រជាជន​ជុំវិញ​ពិភពលោក​។ ទន្ទឹមនេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​អំពាវនាវ​ដល់​សាធារណជន បន្ត​ចូលរួម​ថែរក្សា ការពារ​នូវ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​នេះ ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ភាព​គង់វង្ស​យូរអង្វែង​ត​ទៀត​។

​សូមបញ្ជាក់ថា ប្រាក់ចំណូល​សរុប​ដែល​រមណីយដ្ឋាន​អង្គរ រកបាន កាលពី​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​១០៨​លាន​ដុល្លារ​អាមេរិក ពី​ការលក់​សំបុត្រ​អោយ​ភ្ញៀវទេសចរ​ណ៌​បរទេស ជាង​២​លាន​៥​សែន​នាក់​។ ចំពោះ​តម្លៃ​សំបុត្រ​សម្រាប់​ភ្ញៀវទេសចរ​ណ៌​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រយៈពេល​មួយថ្ងៃ មានតម្លៃ​៣៧​ដុល្លារ​! រយៈពេល​៣​ថ្ងៃ​មានតម្លៃ​៦២​ដុល្លារ​! និង រយៈពេល​មួយអាទិត្យ មានតម្លៃ ៧២​ដុល្លារ​៕