គម្រោង​ទីក្រុងរណប​កោះ​ពេជ្រ សាងសង់បាន​ប្រមាណ ៤០%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2018 ក+ ក-

​ភ្នំពេញ ៖ បើ​មើល​តាម​ស្ថានភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន ទីក្រុង​កោះ​ពេជ្រ មាន​សំណង់​អាគារ ពាណិជ្ជកម្ម លំនៅដ្ឋាន ខុន​ដូ​ជាច្រើន កំពុង​បង្ហាញ​វត្តមាន​រួចទៅហើយ​ក្នុង​តំបន់​កោះ​ពេជ្រ​នោះ ប៉ុន្តែ បើតាម​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ទីក្រុង​កោះ​ពេជ្រ​នេះ​បង្ហាញថា មកដល់ពេលនេះ​ទើប​សម្រេច បានការ​អភិវឌ្ឍ​ត្រឹម​៣០ ទៅ​៤០​ភាគរយ ប៉ុណ្ណោះ

​ក្រុមហ៊ុន OCIC ដែលជា​អ្នក​អភិវឌ្ឍ​គម្រោង​ទីក្រុង​រណប​កោះ​ពេជ្រ បានបង្ហាញ ថា ទោះបីជា​នៅក្នុង​តំបន់​កោះ​ពេជ្រ មាន​សកម្មភាព​អភិវឌ្ឍន៍ និង​សំណង់​នានា​កើនឡើង​ច្រើន យ៉ាង ណា​ក្តី ប៉ុន្តែ​បច្ចុប្បន្ន​ផ្ទៃដី​កោះ​ពេជ្រ​ទាំងមូល ទើប​ប្រើប្រាស់​បាន​ចន្លោះ​ពី​៣០ ទៅ​៤០​ភាគ រយ ប៉ុណ្ណោះ​។ ទន្ទឹម​នោះ គំរោង​ទីក្រុង​រណប​នេះ មិនអាច​បញ្ចប់​ការសាងសង់ ក្នុង​រយៈពេល​ខ្លី​បាន នោះទេ ព្រោះ​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​បញ្ចប់​តាម​ផែនការ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ គេហទំព័រ Propertyarea.asia ។

ក្រុមហ៊ុន OCIC ក៏បាន​បញ្ជាក់ដែរថា​ប​ច្ចុ​ប្បន្ន​ក្រុមហ៊ុន​កំពុង សិក្សា ពី​ស្ថានភាព​ទីផ្សារ និង​លំហូរ​ប្រជាជន​ថា តើ​ពួកគាត់​នឹង​ទៅកាន់​ទីក្រុង​ជ្រោយចង្វារ​ឬទេ​? ព្រោះ​ក្រុមហ៊ុន​មានបំណង​រើ សាល​រោងការ សាល​ពិ​ព៌​ណ និង​កន្លែង​លេង​កំសាន្ត​ពី​ទីក្រុង​កោះ ពេជ្រ ទៅកាន់​ទីក្រុង​រណប​ជ្រោយចង្វារ​វិញ នាពេល​អនាគត​។ បច្ចុប្បន្ន​ទីក្រុង​កោះ​ពេជ្រ មាន គំរោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន ដូចជា​គំរោង​ខុន​ដូ D I RIVIERA, Diamond Twin Tower, La Sen, Alysee, Diamond One ជាដើម​។ ទីក្រុង​កោះ​ពេជ្រ​នេះ​ក៏​គ្រោង​សាងសង់​អាគារ​កំពស់​៥៥៥ ម៉ែត្រ ផងដែរ ប៉ុន្តែ​ក្រុមហ៊ុន​បញ្ជាក់ថា គំរោង​នេះ​មិនដឹងថា​ពេលណា​នឹង​ចាប់ផ្តើម ឬក៏​ត្រូវ​លុប ចោល នៅឡើយ​នោះទេ​៕​