ក្រសួង​បី បកស្រាយ​ថា ករណី​ស្លាប់​ពលរដ្ឋ​នៅ​ខេត្តក្រចេះ មកពី​ស្រា ស និង​ជាតិគីមី​កសិកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2018 ក+ ក-

​ភ្នំពេញ ៖ ករណី​ស្លាប់​ពលរដ្ឋ និង​ច្រើន​រយ​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កន្លងទៅ ត្រូវបាន​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ចំនួន​៣ ចេញ​សេចក្តីប្រកាស​រួមគ្នា​បកស្រាយ​ថា បណ្តាលមកពី​ស្រាស មាន​ជាតិ​មេ​តា​ណុល​ខ្ពស់ និង​សារ​ធាតុគីមី​សម្លាប់​សត្វល្អិត ដែល​គេ​ប្រើ​ក្នុង​វិស័យ​កសិកម្ម​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​៧ ខែឧសភា​អ្នកភូមិ​២៣៤​នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុងនោះ ១៣​នាក់​បាន​ស្លាប់​។ ក្រោយមក​រដ្ឋបាលខេត្ត​ក្រចេះ​បាន​សន្និដ្ឋានថា មកពី​ស្រា ស មាន​ជាតិ មេ​តា​ណុល​ខ្ពស់ និង​ទឹក​ព្រែក​ទេរ ដែល​ពលរដ្ឋ​ប្រើ​ប្រា​ស់មានជាតិ ក្រូម​។​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ កាលពី​ថ្ងៃទី​១៧ ខែឧសភា ប្រាប់ អ្នកសារព័ត៌មាន​ថា ទឹក​ព្រែក​ទេរ មាន​សារ​ធាតុគីមី ម្យ៉ាង​ឈ្មោះ ស្យា​នី​ដ ដែល​សារធាតុពុល​នេះ គេ​ប្រើ​សម្រាប់​លាង រ៉ែ​លោហៈ​។​

​នៅ​ថ្ងៃទី​២៥ ខែឧសភា នេះ លោក ចម ប្រសិទ្ធ បាន​ចុះហត្ថលេខា​ក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា ជាមួយ​រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បំភ្លឺថា ករណី ពុល​នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី​នេះ មកពី​ស្រាស និង​សា​ធាតុ​គីំ​មី​ពុល​សម្លាប់​ស្មៅ និង​សត្វល្អិត និង​ត្រូវ​បន្ត​សហការគ្នា ដើម្បី​បង្ការ ទប់ស្កាត់ ជៀសវាង​មានការ​កើតឡើង​ថ្មី​ទៀត​។

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រី​៣​រូប ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ស្តីបន្ទោស​ធ្ងន់ៗ​នៅមុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ គឺ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​បាន​ឆ្លើយ​ដាក់គ្នា​ជុំវិញ​ករណី ប្រជាពលរដ្ឋ​ពុល​នៅក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ៕​