ការស្វែងរក​យន្តហោះ​ម៉ាឡេស៊ី MH370 នឹងត្រូវ​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2018 ក+ ក-

​ម៉ាឡេស៊ី ៖ អាជ្ញាធរ នឹង​បញ្ចប់​ការស្វែងរក​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH370 នៅ​ថ្ងៃទី 29 ខែឧសភា បន្ទាប់ពី​បាន​ខិតខំ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ ដើម្បី​ស្វែងរក​យន្តហោះ Boeing 777 ដែល​បាត់ដាន នៅក្នុង​អ្វី​ដែលជា​អាថ៌កំបាំង​អាកាសចរណ៍​ធំ​បំផុត​របស់​ពិភពលោក​។​

​ជើងហោះហើរ MH370 បាន​បាត់ ក្នុង​ផ្លូវ​ធ្វើដំណើរ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី 8 ខែមីនា​ឆ្នាំ 2014 ជាមួយ​មនុស្ស 239 នាក់ ដែល​ភាគច្រើន ជា​ជន​ជាតិចិន នៅលើ​យន្តហោះ​។ ប្រទេស​អូស្ត្រាលី ចិន និង​ម៉ាឡេស៊ី បានបញ្ចប់​ការស្វែងរក​របស់ខ្លួន កាលពី​ខែមករា​ឆ្នាំមុន​។​

​កាលពី​ខែមករា ប្រទេស​ម៉ាឡេស៊ី​បាន​ព្រមព្រៀង បង់ប្រាក់​ទៅឱ្យ​ក្រុមហ៊ុន​រុករក អ​សិន អ៊ី​ន​ហ្វី​នី​ធី Ocean Infinity ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ដែលមាន​ផ្ទាល់ខ្លួន​នាវា​(​ស៊ី​ប៊ែ​ត ខុន​ស្ត្រា​ក់​ធឺរ​) Seabed Constructor ក្នុង​ត​ម្លែ​រហូតដល់ 70 លាន​ដុល្លារ​ប្រសិនបើ​រកឃើញ​យន្តហោះ ក្នុង​រយៈពេល 90 ថ្ងៃ​។ រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​លោក អា​ធូ​នី លូ​កេ Anthony Loke បាន​និយាយថា នាវា​រុករក​របស់​ក្រុមហ៊ុន Ocean Infinity បានបញ្ចប់​ការរុករក នៅ​ខែមេសា ហើយ​បាន​ស្នើសុំ​ពន្យារពេល រហូតដល់​ថ្ងៃទី 29 ខែឧសភា​។​

​ក្រុម​អ្នកស៊ើប​អង្កេត​ជឿជាក់ថា មាន​នរណាម្នាក់ អាច​បិទ​ប្រព័ន្ធ​បញ្ជូន​ទិន្នន័យ​របស់​យន្តហោះ Boeing 777 ដោយ​ចេតនា មុនពេល​នៅលើ​មហាសមុទ្រ​ឥណ្ឌា​។ បំណែក​ជាច្រើន​នៃ​យន្តហោះ ត្រូវបាន​ប្រមូល​ពី​កោះ​មហាសមុទ្រ​ឥណ្ឌា និង​តាម​បណ្ដោយ​ឆ្នេរ​ខាងកើត​របស់​ទ្វីបអាហ្វ្រិក ដោយ​យ៉ាងហោចណាស់ មាន​បំណែក​ចំនួន​៣ ត្រូវបាន​អះអាងថា​ជា​របស់​យន្តហោះ​ដែល​បាត់ដាន​៕