គ​.​ជ​.​ប ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2018 ក+ ក-

​ភ្នំពេញ ៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានរៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​។

​ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្ដម​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប និង​មានការ​និមន្ត​ចូលរួម​ពី​សម្ដេចព្រះសង្ឃរាជ​ទាំង​២​គណៈ ព្រម​ទាំ​តំណាង​គណបក្សនយោបាយ​,​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​,​តំណាង​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​,​និង​អ្នកសារព័ត៌មាន​ជាតិ អន្ដរជាតិ​ជាច្រើនរូប​ទៀត​។​

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​ពិធី​នេះ ថា ដំណើរ​ការរៀប​ចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី បាន​នឹង​កំពុង​ប្រ​ព្រឹ​ត្ដ​ទៅតាម​ការកំណត់​រប​ស់គ​.​ជ​.​ប ដោយ​កាលពីពេល​ថ្មីៗ​នេះ គ​.​ជ​.​ប​បានបញ្ចប់​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។

ប្រធាន គ​.​ជ​.​ប បាន​ថ្លែងបន្ត ថា ការកំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត គឺ​រឿង​សំខាន់​មួយ សម្រាប់​គណបក្សនយោបាយ​យកទៅ​ឃោសនាបោះឆ្នោត ក្នុង​យុទ្ធនា​ការឃោសនា​ការបោះ​ឆ្នោត​នាពេលខាងមុខ​។ លោក​ជឿជាក់ ថា ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​នាពេលនេះ នឹង​ប្រ​ព្រឹ​ត្ដទៅ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ដល់​គណបក្សនយោបាយ​ទាំងអស់​។

​សូម​ជម្រាប ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានទទួល​ស្គាល់​ជា​ផ្លូវការ នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ចំនួន​២០ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​៕​