ចាប់​រថយន្តក្រុង​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ លួច​ដឹក​សត្វព្រៃច្រើន​ប្រភេទ​ជិត​កន្លះ​តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2018 ក+ ក-

​ភ្នំពេញ ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ អុ​ិ​ច​ប្រេ​ស្ស លួច​ដឹក​សត្វព្រៃ​ខុសច្បាប់​ឆែកឆេរ​រកឃើញ​កេស​ដឹក​សត្វព្រៃ​ជាច្រើន​ប្រភេទ សរុប​ជិត​កន្លះ​តោន​។​

​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះ​ដឹកនាំ​ដោយ​លោក​គាំ សីហា នាយការិយាល័យ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ដោយ​លោក ហុ​ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៥:១០​នាទី​ទាបភ្លឺ ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​បង្ក្រាបបាន គឺជា​ប្រភេទ​រថយន្តក្រុង ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ អុ​ិ​ច​ប្រេ​ស្ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-9774 ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​យក​រថយន្តក្រុង​ដែលមាន​លួចលាក់​ដឹក​សត្វព្រៃ​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ នៅ​ខណ្ឌចំការមន រងចាំ​ព្រះរាជអាជ្ញា ចុះមក​ត្រួតពិនិត្យ ដើម្បី​ប្រគល់​ទៅ​ឲ្យ​អង្គការ​សត្វព្រៃ​បន្ត​។​

​បើតាម​សម្តី​លោក​គាំ សីហា នាយការិយាល័យ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ បាន​ឲ្យ​ប្រាប់​អោយដឹងថា ប្រតិបត្តិការ​គឺ​កម្លាំង​របស់លោក បានធ្វើការ​តាមដាន​ស៉ើ​ប​អង្កេត អស់​រយះពេល​មួយ​សប្តាហ៍​មកហើយ ទើប​នៅ​ព្រឹក​កើតហេតុ​នេះ កម្លាំង​របស់លោក​បាន​ឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង ដោយមាន​ការសង្ស័យ ក៏បាន​ឃាត់​ឆែកឆេរ និង​រកឃើញ​សត្វព្រៃ​ជាច្រើន​កេស ដែល​លាក់​នៅក្នុង​រថយន្ត​ក្រុង​ខាងលើនេះ​។

​លោក គាំ សីហា បន្តថា សត្វព្រៃ​ដែល​បង្ក្រាបបាន​មាន​ចំនួន​១៧​កេស ក្នុងនោះ​មាន​សត្វ​ចំនួន​៥​ប្រភេទ គឺ​អ​ន្ស​ង កន្ធាយ អណ្តើក ពស់ និង​សត្វ​ប្រ​វឹង សរុប​ទាំងអស់​ស្មើនឹង ៤២១​គីឡូក្រាម​។

​បច្ចុប្បន្ន​បន្ទាប់ពី​ធ្វើ​របាយការណ៍​រួច សត្វព្រៃ​ទាំងអស់នេះ​ត្រូវបាន​លោក​គាំ សីហា នាយការិយាល័យ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដើម្បី​យកទៅ​ព្រលែង​នៅតាម​តំបន់​ព្រៃភ្នំ រីឯ​សត្វ​ដែល​ងាប់ គឺ​ក្រុមការងារ​យកទៅ​ដុត​កំទេចចោល​៕