បក្សនយោបាយ​ទាំង​២០ ទទួលបាន​លេខ​រៀង​របស់ខ្លួន​នៅលើ​សន្លឹកឆ្នោត​ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2018 ក+ ក-

​ភ្នំពេញ ៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានរៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦​។ ការកំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នីមួយៗ នៅលើ​សន្លឹកឆ្នោត​នេះ នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​គណបក្សនយោបាយ​ពាក់ព័ន្ធ ក្នុងការ​ឃោសនាបោះឆ្នោត​,​ការបោះឆ្នោត​, និង​ជួយ​ឲ្យ​អ្នកបោះឆ្នោត​អាច​ស្គាល់​បាន ដោយ​ងាយស្រួល​នូវ​គណបក្សនយោបាយ ដែល​ពួកគាត់​ស្រលាញ់​ពេញចិត្ដ​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ បានរៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​។ ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប និង​មានការ​និមន្ត​ចូលរួម​ពី​សម្ដេចព្រះសង្ឃរាជ​ទាំង​២​គណៈ ព្រម​ទាំ​តំណាង​គណបក្សនយោបាយ​,​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​,​តំណាង​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​,​និង​អ្នកសារព័ត៌មាន​ជាតិ អន្ដរជាតិ​ជាច្រើនរូប​ទៀត​។

​មុន​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែង ថា លទ្ធផល​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​មាន​អត្ថន័យ​សំខាន់​ណាស់ សម្រាប់​គណបក្សនយោបាយ​ទាំងអស់ ដែល​ឈ្មោះ​បោះឆ្នោត​។ លោក​បាន​ថ្លែងបន្ត ថា ការកំណត់​លេខ​រៀង​គណបក្សនយោបាយ​នីមួយៗ លើ​សន្លឹកឆ្នោត​នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​គណបក្សនយោបាយ ពាក់ព័ន្ធ​នឹង​ការឃោសនាបោះឆ្នោត​,​ការបោះឆ្នោត​,​និង​ជួយ​ឲ្យ​អ្នកបោះឆ្នោត អាច​ស្គាល់​បាន​ងាយស្រួល​នូវ​គណបក្សនយោបាយ ដែល​ពួកគាត់​ស្រលាញ់​ពេញចិត្ដ​។

​បន្ទាប់ពី​ឯកឧត្ដម​ប្រធាន​គ​.​ជ​.​ប បានបញ្ចប់​ការ​ថ្លែង​សុរ​ន្ទ​កថា​រួចមក ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​បានចាប់ផ្ដើម ក្រោម​ព្រះរាជធិបតី និង​ប្រោស​ព្រះរាជទាន​ចាប់ឆ្នោត ដោយ​សម្ដេចព្រះសង្ឃរាជ​ទាំង​២​គណៈ​។ ជា​លទ្ធផល​បង្ហាញ ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​១.​លើ​សន្លឹកឆ្នោត​។ ២-​គណបក្ស មាតុភូមិ​យើង​។ ៣-​គណបក្ស​ពន្លឺ​ថ្មី ៤-​គណបក្ស សញ្ជាតិ​កម្ពុជា​។ ៥-​គណបក្ស ខ្មែរ​ក្រោក​។ ៦-​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ ៧-​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ៨-​គណបក្ស សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​។ ៩-​គណបក្ស រស្មី​ខេមរា​។ ១០-​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ១១-​គណបក្ស ខ្មែរ​សាធារណៈរដ្ឋ​។ ១២-​គណបក្ស ខ្មែរ​ឈប់​ក្រ​។ ១៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ១៤-​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​១៥-​គណបក្ស យុវជន​កម្ពុជា​។​១៦-​គណបក្ស ធម្មាធិបតេយ្យ​។ ១៧-​គណបក្ស ឆន្ទៈ​ខ្មែរ​។ ១៨-​គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​១៩-​គណបក្ស ខ្មែរ​តែមួយ​។ និង​គណបក្ស ប្រជាជន​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​២០ នៅលើ​សន្លឹកឆ្នោត​។

​លោក អ៊​ក គីម​ហាន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង​នេះដែរ ថា គណបក្ស​ប្រជាជន​កម្ពុជា ពេញចិត្ត​ចំពោះ​លេខ​រៀង​គណបក្ស​នៅលើ​សន្លឹកឆ្នោត ដែល​ស្ថិត​លេខ​រៀង​ទី​២០​។ ឯកឧត្ដម​កត់សម្គាល់ ថា ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នាពេលនេះ គឺធ្វើឡើង​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព ក្រោម​ក្រសែភ្នែក​អ្នកសារព័ត៌មាន​ជាតិ​-​អន្ដរជាតិ​,​តំណាង​គណបក្សនយោបាយ​,​និង​តំណាង​អង្គទូត​នានា​ផងដែរ​។​

​ចំ​ណែ​កើ​ផលោក វ៉ាន់ សុផាន់​ណា អគ្គលេខាធិការរង​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏បាន​ថ្លែង​ឲ្យ​ដឹង​ដែរ ថា គណបក្ស​របស់លោក​ចាប់បាន​លេខ​រៀង​ទី​១៣​នៅលើ​សន្លឹកឆ្នោត ហើយ​ក្នុងនាម​លោក​ជា​តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានការ​ពេញចិត្ដ​ចំពោះ​លេខ​រៀង​នេះ​។ លោក​បាន​ថ្លែងបន្ត ថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ មន្ដ្រី​គណបក្ស​នឹង​ជម្រាបជូន​ប្រជាពលរដ្ឋ អំពី​លេខ​រៀង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ស្ថិត​លេខ​រៀង​ទី​១៣​នៅលើ​សន្លឹក​។

​រីឯ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​ពិធី​នេះ ថា ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​នេះ បានធ្វើ​ឡើង​តាម​នីតិវិធី​មួយ​ត្រឹមត្រូវ ច្បាស់លាស់ យុត្តិធម៌ និង​តម្លាភាព ដែល​ទទួល​បានការ​សាទរ​ពី​គ្រប់ភាគី​គណបក្សនយោបាយ​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ស៊ិ​ក ប៊ុន​ហុក បានបញ្ជាក់ ថា អ្នក​ដែល​ឃោសនា ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​នាពេល​ខាងមុខនេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​

​សូម​ជម្រាប ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​ផលិត​សន្លឹកឆ្នោត តាម​មណ្ឌល​នីមួយៗ​សម្រាប់​ប្រើប្រាស់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​ក្នុង​សន្លឹកឆ្នោត​ទាំងនោះ ត្រូវការ​ជា​ចាំបាច់​នូវ​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​នឹងត្រូវ​កំណត់​លេខ​រៀង​នៅលើ​សន្លឹកឆ្នោត​សម្រាប់​មណ្ឌល​ទាំង​២៥​ទូទាំងប្រទេស​៕