មន្ត្រីការទូត​ជាន់ខ្ពស់ កូរ៉េខាងជើង ទៅដល់​ក្រុង ប៉េកាំង មុនពេល​បន្តទៅ​ក្រុង វ៉ាស៊ីនតោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2018 ក+ ក-

​កូរ៉េ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស កូរ៉េខាងជើង បាន​ទៅដល់​ទីក្រុង ប៉េកាំង ក្នុង​ដំណើ​ទស្សនកិច្ច​ដែល​សារព័ត៌មាន Yonhap កូរ៉េខាងត្បូង ចុះផ្សាយ​ថា នឹង​បន្តដំណើរ​ទៅ​ទីក្រុង វ៉ាស៊ីនតោន នៅ​ថ្ងៃ ពុធ នេះ ទំនងជា​ផ្ដោតទៅលើ​ការរៀបចំ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី 12 មិថុនា ក្នុងប្រទេស សិង្ហ​បុរី ។ លោក គីម យ៉ុង​-​ឆុ​ល គឺជា​មន្ត្រីជាន់ខ្ពស់​តំណាង​ឲ្យ​ទីក្រុង ព្យុងយ៉ាង ក្នុង​កាត​ចរចា​អន្តរជាតិ ហើយ​ប្រសិនបើ​លោក គីម ទៅដល់​ទីក្រុង វ៉ា​ស៊ីន​, នេះ​គឺជា​លើកដំបូង​ក្នុង​រយៈពេល​ជិត 20 ឆ្នាំ ដែល​មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង ធ្វើដំណើរ​ទៅ សហរដ្ឋអាមេរិក ។
​សារព័ត៌មាន Yonhap បញ្ជាក់ថា លោក គីម បាន​កក់​សំបុត្រ​យន្តហោះ​ពី​ទីក្រុង ប៉េកាំង ទៅ ទីក្រុង ញូយ៉ក ។​

​លោក គីម យ៉ុង​-​ឆុ​ល អនុប្រធាន​គណៈកម្មកា​រ​មជ្ឈិម​គណៈបក្ស​ពលករ តំណាង កូរ៉េខាងជើង ក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​កន្លងមក តែងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រវាង​លោក គីម ជុង​អ៊ុន ជាមួយ​មេដឹកនាំ កូរ៉េខាងត្បូង និង​ជាមួយ​មេដឹកនាំ ចិន ព្រមទាំង​អំឡុង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក កាលពី​ដើមខែ ឧសភា ចំណែក​វត្តមាន​របស់លោក គីម នៅ សហរដ្ឋអាមេរិក នឹង​បង្ហាញថា កូរ៉េខាងជើង ពិតជា​ចង់​ឲ្យ​មាន​ជំនួប​ជាមួយ សហរដ្ឋអាមេរិក ។​

ចំណែក​ប្រធាន​គណរដ្ឋមន្ត្រី កូរ៉េខាងជើង លោក គីម ចាង​-​សុន បានធ្វើ​ដំណើរ​ទៅ សិង្ហ​បុរី តាមរយៈ​ទីក្រុង ប៉េកាំង កាលពី​យប់​ថ្ងៃ ច័ន្ទ ដើម្បី​ជួប​ជាមួយ​ប្រតិភូ សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​អនុប្រធាន​សេត​វិមាន ចូ ហា​ជីន ។

​ក្នុង​ឆ្នាំ 2010 លោក គីម យ៉ុង​-​ឆុ​ល ត្រូវបាន សហរដ្ឋអាមេរិក ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ ថា​ជា​អ្នកគាំទ្រ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង មី​ស៊ី​ល កូរ៉េខាងជើង ហើយ​ហាម​មិន​ឲ្យ​ចូល​ទឹកដី អាមេរិក ចំណែក កូរ៉េខាងត្បូង បានធ្វើ​ដូចគ្នា ក្នុង​ឆ្នាំ 2016 ។ ប្រសិនបើ​លោក គីម យ៉ុង​-​ឆុ​ល ទៅដល់ សហរដ្ឋអាមេរិក មានន័យថា ទណ្ឌកម្ម​ត្រូវបាន​លើកលែង ៕