រំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំរួចបោះ ចោលក្នុងពាងទឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

ភ្នំពេញ​៖ គួរ​ឲ្យ​សង្វេគ​ក្មេងស្រី​ម្នាក់ ដែលមាន​អាយុ​ទើបតែ​៤​ឆ្នាំ ត្រូវបាន​បុរស​ចិត្ត​ព្រៃផ្សៃ​ម្នាក់​ដែល​រស់នៅ​ម្ដុំ​ក្បែរ​ផ្ទះ​គ្នា​ចាប់រំលោភ ហើយ​សម្លាប់​យកទៅ​ទម្លាក់​ក្នុង​ពាងទឹក​នៅលើផ្ទះ​ដែល​គេ​ទុកចោល ដោយ​ត្រូវបាន​បងប្អូន​សាច់ញាតិ​រកឃើញ​សព​ក្មេងស្រី កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​លើផ្ទះ​គេ​ទុកចោល ស្ថិត​ក្នុងភូមិ ក សង្កាត់​ច្រាំង​ជំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ភ្លាមនោះ​ជនដៃដល់​ដឹងខ្លួន បាន​រត់គេច​បាន​ប្រហែល​២​ម៉ោង ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ តាម​ប្រមាញ់​ចាប់បាន​មកវិញ ។​

​សព​ក្មេងស្រី​រងគ្រោះ​ខាងលើ មានឈ្មោះ ខា ស្រី​ច័ន្ទ អាយុ​៤​ឆ្នាំ ដោយមាន​ម្ដាយ​ឈ្មោះ ម៉ា ចាយ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ទីតាំង​កើតហេតុ​ខាងលើ ។ ចំណែក​ជនដៃដល់​មានឈ្មោះ អា យ៊ី ហៅ​អា​ដំឡូង អាយុ​ជាង​៣០​ឆ្នាំមាន​មុខរបរ​លក់​ដំឡូង ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ ។​

​តាម​សម្ដី​ប្រជាបលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រឿងនេះ គឺ​ក្មេងស្រី​រងគ្រោះ​ខាងលើ បាន​រត់​លេង​ជាមួយ​ក្មេងៗ​ឯទៀត តែ​ក្រោយមក​ក៏បាន​បាត់​ក្មេងស្រី​រងគ្រោះ​អស់​រយៈពេល​ជាង​២​ម៉ោង ហើយ​ត្រូវបាន​ឪពុកម្ដាយ រួមទាំង​សាច់ញាតិ​អ្នកភូមិ​ជួយ​ដើររក ។ ពេលនោះ ត្រូវបាន​ពូ​បង្កើត​ក្មេងស្រី​រងគ្រោះ​ខាងលើ ឡើងទៅ​លើផ្ទះ​ឈើ​ដែល​គេ​ទុកចោល​យូរ​ខែ​មកហើយ​នោះ និង​បាន​អើតមើល​ក្នុង​ពាងទឹក​លើផ្ទះ ស្រាប់តែ​ប្រទះឃើញ​សព​កូនស្រី​ដេកស្លាប់​ក្នុង​ពាងទឹក​ដោយ​មិន​ស្លៀកពាក់​ខោអាវ​នោះឡើយ ។​

​តែ​ទោះបីជា​ក្មេងស្រី​រងគ្រោះ​ខាងលើ​បាន​ស្លាប់បាត់​បង់ជីវិត​ក៏ដោយ ក៏​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ព្យាយាម​ដឹកយក​កូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ដេចឪ សម្ដេចម៉ែ ផងដែរ តែ​ជា​អកុសល​ក្មេងស្រី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​មុនពេល​ប​ញ្ចូ​ន​មកដល់​មន្ទី​ពេទ្យ​បាត់ទៅហើយ​។​

​ក្រោយមក សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើ​កោសល្យ​វិឆ័យ និង​ប្រគល់​សព​ក្មេងស្រី​រងគ្រោះ ឲ្យ​ទៅ​សាច់ញាតិ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រណី ។ ដោយឡែក​ជនដៃដល់ ក្រោយពី​ដឹងខ្លួន​ទាន់ ក៏​រត់គេចខ្លួន​បាន​ប្រហែល​ជាង​២​ម៉ោង តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់មុខ បាន​តាម​ចាប់ខ្លួន យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សួរនាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​