នាយករដ្ឋមន្ត្រី បន្ត​ជួប​កម្មករ និយោជិត​នៅ​ខេត្តកណ្ដាល ជាង​១​ម៉ឺន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

​កណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ៣០ ឧសភា នេះ បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ​១​ម៉ឺន​៦​ពាន់​នាក់ មកពី​រោងចក្រ​ចំនួន​១០ មកពី​ស្រុក​ស្អាង និង​ស្រុក កោះធំ ខេត្តកណ្តាល​។​
​នេះ​ជា​លើក​ទី​៣​ហើយ​បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​នៅ​ខេត្តកណ្ដាល​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​ជីវៈ​បាន​បញ្ជាក់ថា រោងចក្រ សហគ្រាស​ចំនួន ១០ ដែល​ជួបជុំ​ថ្ងៃនេះ​មកពី​ស្រុក​ស្អាង​ចំនួន​៨ មាន​កម្មករនិយោជិត និង​ស្រុក​កោះធំ​ចំនួន​២​ដែលមាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ទាំងអស់ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៨ បោកគក់​ចំនួន​មួយ និង​តម្បាញ​មួយ​។

​ផលិតផល​ទាំងអស់ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​
​រោងចក្រ​សហគ្រាស​នៅ​តំបន់​នេះ​បាន​កសាង​នៅតាម​មូលដ្ឋាន​ជាប់​នឹង​ប្រជាពលរដ្ឋ ដែល​បាន​បង្កើត​នូវ​មុខរបរ​និង​ការងារ​បន្ថែម​ជាច្រើន​ងាយស្រួល ដល់ យុវជន​ក្នុង​ការរក​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន របរ​ជួល​ផ្ទះ លក់​ម្ហូបអាហារ ការដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​ទៀត​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង ថា​រាជរដ្ឋាភិបាល​នៅតែ​ផ្តល់​អាទិភាព​លើ​វិស័យ​ឧស្សាហកម្ម​ធន់​ស្រាល​ដូចជា វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង​ជាដើម​។ តាមរយៈ​នេះ រាជរដ្ឋាភិបាល​បាន​បន្តធ្វើ​ការពង្រាយ​រោងចក្រ​ទៅ​ឲ្យ​ដល់​តាម​បណ្តា​ខេត្ត​នានា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​មិនបាច់​ធ្វើ ចំណាកស្រុក​ទៅកាន់​រាជធានី​ភ្នំពេញ​។ ពិសេស​វា​នឹង​អាច​កាត់បន្ថយ​ការ​ចំណា យ​លើ​ផ្ទះជួល​ស្នាក់នៅ ការចំណាយ​ប្រចាំថ្ងៃ​ដែល​វា​នឹងធ្វើ​ឲ្យ​កំរិតជីវភាព​រស់នៅរ​បស់​ប្រជាជន​កាន់តែ​ប្រសើរឡើង​ប្រសិនបើ​រាជរដ្ឋាភិបាល មិន​ធ្វើការ​ពង្រាយ​នៅតាម​បណ្តា​ខេត្ត​នោះទេ ប្រហែលជា​ពេលនេះ​កម្មករ ជាច្រើន​នឹងធ្វើ​ការប្រមូលផ្តុំ​កាន់តែ​ច្រើនតែ​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ភាគច្រើន នឹង​នៅតែ​ជា​កសិករ​ធ្វើស្រែ​ចំការ​នៅ​មូលដ្ឋាន​មិន​ខាន​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បន្ត​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​នានា​ឲ្យ​បន្តធ្វើ​ការវិនិយោគ​បង្កើត​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​នានា ដើម្បី​បង្កើត​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​កាន់តែច្រើន​ថែមទៀត ។ បើតាម​សម្តេច ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ការវិនិយោគ​បង្កើត​រោងចក្រ រាជរដ្ឋាភិបាល​នៅតែ​បន្ត​អភិវឌ្ឍ​វិស័យ​អគ្គិសនី និង​ពង្រឹង​ធនធានមនុស្ស​ឲ្យ​កាន់តែ​សម្បូរបែប​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​វិនិយោគិន​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ត្រូវ​ធ្វើការ ដោះ ស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ចំពោះ​កម្មករ​ដែល​ត្រូវ​ថៅកែ​រត់ចោល ដោយ​គ្មាន​ប្រាក់ បៀ​វត្ត​ន៍​។ សម្តេច​តេ​ជោ​បន្ត​ក្រើនរំលឹក​ជាថ្មី​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​ទាំងអស់ ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​មិនត្រូវ​ចាំតែ​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​នោះ ទេ​។ បើតាម​សម្តេច នៅ​ខែមិថុនា​ខាងមុខ​រាជរដ្ឋាភិបាល​នឹងធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​ស្តីពី​វិស័យ​រោងចក្រ​កាត់ដេរ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រសួង​ការងារ​មាន​វិធាន ការ​ចំពោះ​ថៅកែ​រត់ចោល​កម្មករ​ដោយ​មិន​ទទួលខុសត្រូវ​។ ពិសេស​វិសោធនកម្ម ច្បាប់​ថ្មី​នោះ​នឹង​តម្រូវ​ឲ្យ​និយោជក​ត្រូវ​បើកប្រាក់​អតីតភាព​ការងារ​សម្រាប់​កម្មករ រាល់​៦​ខែម្តង ដើម្បី​ចៀសវាង​នៅពេល​ថៅកែ​រត់ចោល​មិន​ដោះស្រាយ​ប្រាក់​អតីត ភាព​ការងារ​ជូន​កម្មករ​៕​