លោក ហូ ចំរើន ត្រូវបាន​បញ្ចប់​តំណែង​ទាំង​ទីប្រឹក្សា​សម្តេច​តេ​ជោ និង​តំណែង​ក្នុង​កងទ័ព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

​ភ្នំពេញ ៖ ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​មួយរូប ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​បញ្ចប់​តំណែង​ទាំង​ទីប្រឹក្សា ទាំងមុខ​តំណែង​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។​

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បញ្ចប់​តំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូ ចំរើន ពី​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ដែល​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃទី​៣០ ខែឧសភា នេះ​។​

​គួររំឭកថា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ និង​មាន​ងារ​ជា​ឧកញ៉ា ហូ ចំរើន បាន​បាញ់​គំរាម​ឪពុកក្មេក​នៅក្នុង​ផ្ទះ​វីឡា​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ក្រោយ​កើតហេតុ​ភ្លាមៗ ឧកញ៉ា ហូ ចំរើន ពុំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ទេ រហូតមកដល់​ល្ងាច​ថ្ងៃទី​១៥ ខែឧសភា ទើប​មានការ​ឃាត់ខ្លួន​ឧកញ៉ា ហូ ចំរើន ។ ហើយ​នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ហូ ចំរើន ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បញ្ជូន​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​។ លុះ​មកដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្កា​ប់​បញ្ចប់​មុខតំណែង លោក ហូ​ចំរើន តែម្តង ដើម្បី​បើកផ្លូវ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បន្ត​អនុវត្តន៍​ច្បាប់​៕