ការស្វែងរក​យន្តហោះ MH 370 ដែល​បាត់​ឆ្នាំ​2014 បានបញ្ចប់ ដោយ​គ្មាន​លទ្ធផល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2018 ក+ ក-

​ម៉ាឡេស៊ី ៖ ការស្វែងរក​យន្តហោះ ម៉ាឡេស៊ី ដែល​បាត់​ក្នុង​ឆ្នាំ 2014 បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ ដោយ​មិនបាន​យ​រកឃើញ​យន្តហោះ​ដែល​បាត់​នោះឡើយ ក្រោយ​ស្វែងរក​ក្រោម​ទឹក​ទំហំ 11 ម៉ឺន 2 ពាន់​គីឡូ​ម៉ែត្រការ៉េ រយៈពេល 3 ខែ ។

​រដ្ឋមន្ត្រី​គម​នា​គម ម៉ាឡេស៊ី បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ក្រុមហ៊ុន Ocean Infinity បានបញ្ចប់​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ Boeing-777 នៃ​ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ដោយ​ប្រើប្រាស់​ឧបករណ៍​ទំនើប​បំផុត ដោយ​មិនបាន​ប្រទះឃើញ​សញ្ញា​ណាមួយ​នៃ​យន្តហោះ​ដែល​បាត់​ក្នុង​ឆ្នាំ 2014 ប៉ុន្តែ​រដ្ឋាភិបាល ពិចារណ​ទៅលើ​ដំណើរការ​ស្វែងរក​បន្ត ប្រសិនបើ​មាន​តម្រុយ​ជាក់លាក់​ណាមួយ ត្រូវបាន​បង្ហាញ ។

​សូម​រំឭកថា យន្តហោះ Boeing 777 នៃ​ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី មាន​អ្នកដំណើរ 227 នាក់ និង​បុគ្គលិក​យន្តហោះ 12 នាក់ បាត់​ទំនាក់ទំនង​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ការហោះហើរ នៅលើ​ផ្លូវ​ហោះហើរ​ចេញដំណើរ​ពី​ទីក្រុង កូ​ឡា​ឡាំ​ពួរ ទៅ​ទីក្រុង ប៉េកាំង នៅ​ថ្ងៃទី 8 មិនា ឆ្នាំ 2014 ។ ការបាត់​យន្តហោះ MH370 ក្លាយជា​ឧបទ្ទវហេតុ​អាថ៌កំបាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ពិភពលោក ហើយ​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ ចំណាយ​ច្រើន​បំផុត​មិន​ធ្លាប់មាន ក្នុង​ប្រវត្តិ​នៃ​ការស្វែងរក​យន្តហោះ​កន្លងមក ។​

​ក្រុមហ៊ុន Ocean Infinity មាន​មូលដ្ឋាន​នៅ​រដ្ឋ Houston សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល ម៉ាឡេស៊ី កាលពី​ខែ មករា ឆ្នាំ 2018 ដើម្បី​ស្វែងរក​យន្តហោះ MH370 ដែល​បាត់ ដោយ​កិច្ចព្រមព្រៀង​នៃ​ការស្វែងរក​មាន​រយៈពេល 3 ខែ ប្រសិនបើ​រកឃើញ​ក្នុង​រយៈពេល​នេះ នឹង​ទទួលបាន​ប្រាក់​រហូតដល់ 70 លាន​ដុល្លារ ហើយ​ប្រតិបត្តិ​ការស្វែងរក​នឹង​បញ្ចប់​នៅ​ខែ មិថុនា ៕