អភិបាល​រាជធានី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​ផ្សារភ្ជាប់​ទៅ នឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា បង្កើន​នូវ​ភាព​ស្និត​ស្នាល ជាមួយ​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ រួមជាមួយ​អាជ្ញាធរ​ដែនដី និង​ក្រុមការងារ​មួយចំនួនទៀត បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ស្តាប់​សំណូមពរ​ប្រជាពលរដ្ឋ ក្នុង​បុរី​សន្តិភាព​២ ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយបាន​ប្រាប់​ប្រជាពលរដ្ឋ ឱ្យ​ជឿជាក់​លើ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល នឹង​បន្ត​នាំ​ប្រទេស​ឱ្យមាន​ការអភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ និង​អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩ ខែកក្កដា​។​

​នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​សន្តិភាព​២ និង​បាន​ពិនិត្យ​ស្ថានភាព រស់នៅ​ជាក់ស្តែង របស់​បងប្អូន​នៅ​សហគមន៍​នេះ ដែល​កំពុងមាន​ការរីក​ចំរើន​គួរ​ឲ្យ​កត់សំគាល់ ទាំង​សំណង់​លំនៅដ្ឋាន​, ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ក៏ដូចជា​ការរីកចំរើន លើ​ផ្នែក​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ផងដែរ​។​

​លោក ឃួ​ង ស្រេង បាន​ជំរាប​ទៅ​ប្រជាពលរដ្ឋ ដែល​មក​ស្វាគមន៍​ដោយ​ភាព​ជឿជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​សន្យា​ធ្វើ មិនមែន​សន្យា​ខ្យល់​នោះទេ​។ ជាក់ស្តែង បាន​កសាង​សមិទ្ធិផល​ជាច្រើន បំពេញ​តាម​តម្រូវការ​ជា​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ​នៅទីនេះ ដែល​ពីមុន​តំបន់​នេះ គ្មានអ្វី​ទាំង អស់​។ រហូតមកដល់​ឥឡូវ បងប្អូន​មានផ្ទះ​សំបែង រស់នៅ​សមរម្យ មាន​ទីផ្សារ មាន​ប្រព​ន្ធ័​ទឹក ភ្លើង​រដ្ឋ​ប្រើប្រាស់ មាន​សេវា​រថយន្តក្រុង និង​សេវា​សុខភាព​ជាដើម​។​

​ជាមួយគ្នា​នោះ ឯកឧត្តម បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ខិតខំ​ធ្វើយ៉ាងណា​បង្កើត​ប៉ុស្តិ៍​សុខភាព​មួយ​ឲ្យ​បាន​នៅទីនេះ ដោយ​ឲ្យ​សហគមន៍​ផ្តល់​ផ្ទះ​២​ល្វែង សំរាប់​បង្កើត​ប៉ុស្តិ៍​សុខភាព​នេះ នៅ​ចំ​កណ្តាល​សហគមន៍ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​យើង​មក​ទទួល​សេវា​សុខភាព​។​

​លោក​អភិបាល​រាជធានី នូវបាន​ណែនាំ​ឲ្យ​មានការ​ចាក់សាប និង​ដាក់​ប្រព​ន្ធ័​លូ នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​ឲ្យ​បានល្អ​ប្រសើរ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​ដែនដី​នឹង​បន្ត​រៀបចំ​កែលំអរ​ផ្លូវ​បេតុង និង​ដាក់​ប្រព​ន្ធ័​លូ ក្នុង​សហគមន៍​បន្តទៀត នៅក្រោយ​ការបោះឆ្នោត និង​ក្រោយពី​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​ការសន្យា​ធ្វើ​មិន មែន​សន្យា​ខ្យល់​នោះទេ​។

​សហគមន៍​បុរី​សន្តិភាព​២ មានការ​អភិវឌ្ឍន៍ មិន​ចាញ់​សហគមន៍​ដទៃទៀត ក្នុង​រាជធានី​ភ្នំពេញ​នោះឡើយ ក្រោម​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​, ការយកចិត្តទុកដាក់​ពី​រដ្ឋបាល រាជធានី​ភ្នំពេញ ដែល​តែងតែ​ចុះ​ជាប់​ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់​បងប្អូន ជាពិសេស​ទទួលបាន​កា​រ​ណែនាំ និង​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែង​ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច​។​

​លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធ​បោះឆ្នោត សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ផ្តល់ឱកាស​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល ឆ្ពោះទៅរក​ការអភិវឌ្ឍ​ន៏​រីកចំរើន​ខ្លាំងក្លា​បន្តទៀត​។

​សូមបញ្ជាក់ថា សហគមន៍​សន្តិភាព​២ មាន​សហគមន៍ ប្រជាពលរដ្ឋ​ចំនួន​៨ ស្មើនឹង​២៥៥០​គ្រួសារ ដែល​ភាគច្រើន​បងប្អូន ប្រកប​របរ​លក់ដូរ សេវាកម្ម និង​កម្មករ​រោងចក្រ​នានា​។ បងប្អូន​ទាំងនេះ ភាគច្រើន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​បែប​មិន​រៀបរយ ចេញពី​សហគមន៍​ដីក្រហម សហគមន៍​បឹងកក់ និង​១​ផ្នែក​ទៀត​មកពី​ប្រភព​ផ្សេងៗ តាំងពី​ឆ្នាំ​២០០៦,២០០៩​និង​ឆ្នាំ​២០១០៕