រដ្ឋមន្ត្រី​ការងារ​ថ្លែងថា ភាគី​ចិន​គ្រោង​បង្កើត​សាលា​ធំ​មួយ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ ព្រឹក​នេះ​ថា ភាគី​ចិន​មាន​គម្រោង​ចង់​បង្កើត​សាកលវិទ្យាល័យ​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ស្វែងយល់ អំពី​ស្ថានភាព​នៃ​គោលនយោបាយ និង​សម្រាប់​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផងដែរ​។​

​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ចិន ដឹក​ដោយ​លោកស្រី​សា​ស្រា​ចា​រ្យ លៀន ជី (LIAN Jie) លេខា​គណៈកម្មាធិការ​ប​ក្ស​កុម្មុយនីស្ត​ចិន នៃ​សាកល វិទ្យាល័យ​ពហុបច្ចេកទេស ធាន​ជី​ង (Tianjin Polyteehmic University) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ ព្រឹក​ថ្ងៃទី​៥ មិថុនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​បញ្ជាក់ថា ជំនួប​នាពេលនេះ​ភាគី​ចិន ដើ​ម្ប​សិក្សា​ស្វែងយល់​អំពី​តម្រូវការ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​ជាមួយ សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា ក្នុងការ​បង្កើត​សា​លក​វិទ្យាល័យ​ពហុបច្ចេកទេស​កម្ពុជា​-​ចិន​។​

​លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀតថា ភាគី​ចិន​ពិតជា​មានការ​ចាប់ អារម្មណ៍​ខ្លាំង​ជាមួយ​កំណើនសេដ្ឋកិច្ច និង​តម្រូវការ​ធនធានមនុស្ស​នៅ​កម្ពុជា ជាពិសេស​ភាពជា​ដៃគូ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​វិស័យនេះ ហើយ ក៏​ស្របទៅនឹង​យុទ្ធសាស្ត្រ ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ របស់​ចិន​ផងដែរ​។ ជាមួយនឹង​គម្រោង​ខាងលើ ឯក​ត្ត​ម​បាន ថា ភាគី​ចិន​នឹង​ចាប់​ដៃគូ​សហការ​ជាមួយ លោក​ឧកញ៉ា ពុង ឃាវ​សែ ម្ចាស់​ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី (OCIC) និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន​នៅ​កម្ពុជា ដើម្បី​បង្កើត​សាលា​នេះ​ស្ថិតនៅ​តំបន់​ជ្រោយចង្វារ រាជធានី ភ្នំពេញ​។​

​លោក​បណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា សាលា​នេះ​នឹង​រួម​ភាគទាន​សំខាន់​នៅក្នុង​ការអភិវឌ្ឍ ធនធានមនុស្ស​នៅ​កម្ពុជា ដែល​សាលា​មួយ​នេះ ជា​សាកលវិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ដែល​បណ្តុះបណ្តាល ទៅ​កម្រិត​ជាន់ខ្ពស់ តាំងពី​កម្រិត​បណ្ឌិត អនុបណ្ឌិត រហូតដល់​វិជ្ជាជីវៈ (​សញ្ញាបត្រ​ជាន់ខ្ពស់ ដល់​វិញ្ញាបនបត្រ​) ដែលមាន​ប្រើប្រាស់​ជា​ភាសា​ខ្មែរ ចិន និង​ភាសា​ដទៃ​ផ្សេងទៀត​។

​ទាក់ទង​គម្រោង​នេះដែរ ភាគី​ចិន នឹង​ជំរុញ ឲ្យ​សម្រេចបាន​ជោគជ័យ​នាពេល​ឆាប់ៗ​ខាងមុខ ខណៈដែល​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង រវាង​កម្ពុជា​និង ចិន​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ​៕​