​អាជ្ញាធរ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ខណៈ​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់​គ្នា​ធ្វើ​ឲ្យ​ទន្លេ​សេសា​ន្ត​ជន់​លិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2018 ក+ ក-

​ខេត្តរតនគិរី ៖ មន្ទីរ​ធនធានទឹក​ខេត្តរតនគិរី សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេ​សេសា​ន្ត និង​ទន្លេស្រែពក ក្នុង​ខេត្តរតនគិរី ឲ្យ​មានការ​ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈ​រក​ទីទួល​សុវត្ថិភាព​។​
ការសុំ​អំពាវនាវ​នេះ លោក ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បានផ្ដល់​បទ​សម្ភាស ដល់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​០៥ មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​ខេត្តរតនគិរី មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ រយៈពេល​ថ្ងៃ ហើយ​ទឹកទន្លេ​មានទឹក​ឡើង​យ៉ាង​កំ​ហុក​។​

បើតាម​លោក ចាន់ ប៊ុន​ធៀន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បើទោះជា​ទឹកទន្លេ​សេសា​ន្ត និង​ទឹក​ទន្លេស្រែពក ក្នុង​ខេត្តរតនគិរី មានកំ​រិត​កំពស់​ទឹក​មិនទាន់​ដល់​កំរិត​ប្រកាស់​អាស​ន្ត​យ៉ាងណាក៏ដោយ ក៏​ការសុំ​អំពាវនាវ​នេះ គ្រាន់​ជាការ​ដាសតឿន ដល់​ប្រជាពលរដ្ឋ​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ក្នុង​ខេត្តរតនគិរី តំបន់​ដែល​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ មាន​៤​ស្រុក គឺ​ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស ស្រុក​វើ​ន​សៃ និង​ស្រុក​លំផាត់ ស្រុក​ទាំង​៤​នេះ ប្រជាពលរដ្ឋ​សុទ្ធសឹង​រស់នៅ​តាម​ដង​ទន្លេ​សេសា​ន្ត​និង​ទន្លេស្រែពក​។ ប្រជាពលរដ្ឋ​ទាំង​ស្រុក​៤​ស្រុក​នេះ សុទ្ធតែ​ធ្លាប់​រងគ្រោះ ខូចខាត​ទ្រព្យសម្បត្តិ​ដោយសារ​ជំនន់​ទឹកភ្លៀង ស្ទើរតែ​រៀងរាល់ឆ្នាំ ពិសេស​ជាងគេ​គឺ ស្រុក​លំផាត់ ដែលមាន​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ​ប្រ៉​ប​តា​មដង​ទន្លេស្រែពក​តែម្ដង​។​

គួរ​បញ្ជាក់ថា ទឹក​ទន្លេស្រែពក ស្ថិតក្នុង​ស្រុក​លំផាត់ ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ធ្វើ​ឲ្យ​ទឹក​កើនឡើង​កំពស់ ៤.២៦​ម៉ែត្រ ក្នុង​កំរិត​ប្រកាសអាសន្ន​១២.៥០​ម៉ែត្រ​។ ទឹកទន្លេ​សេសា​ន្ត ស្ថិតក្នុង​ស្រក​អណ្ដូង​មាស ស្រុក​តា​វែង និង​ស្រុក​វើ​ន​សៃ កំពស់​ទឹកបាន​កើន​កើនឡើង​៣.០៥​ម៉ែត្រ ដែល​ក្នុង​កំរិត​ប្រកាសអាសន្ន​៨.៥០​ម៉ែត្រ​។​
បើទោះជា​កំរិត​ទឹក​នៅ​ទាប​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​នៅ​ខេត្តរតនគិរី ទឹកជំនន់​អាច​បង្ករ​ជា​គ្រោះមហន្តរាយ​ដល់​ប្រជាពលរដ្ឋ តែ​រយៈពេល​ពី​២​ទៅ​៣​ម៉ោង បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ​៕