នាំខ្លួន​កូនប្រុស​ឧកញ៉ា ដួង ងៀប វ៉ៃ​កូន​ឧកញ៉ា​ទ្រី ភាព ទៅ​តុលាការ​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2015 ក+ ក-

​ភ្នំពេញ​៖ កូនលោក​ឧកញ៉ា ដ៏​មាន​ឥទ្ធិ ពល​ពីរ​នាក់​បាន​ឈ្លោះ​ទាស់សំដី​គ្នា បង្ក​ឲ្យ​មាន​ការប្រើ​អំពើហិង្សា​ដាក់គ្នា រហូតដល់​កម្លាំង​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​កូនប្រុស​ឧកញ៉ា ឌួង ងៀប ឈ្មោះ ដួង ឆាយ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល ម៉ោង​២ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៥ ។​

​ជនបង្ក​ត្រូវ​ស្ថិតក្រោម​ការសាកសួរ​ពី​តំណាង​អយ្យការ លោក កុល បុ​ន បន្ទាប់ពី​សមត្ថកិច្ច​ក​ង​រាជ អាវុធហត្ថ​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែមេសា សាកសួរ​និង​សំយោគ​បទល្មើស ចោទប្រកាន់​ចំនួន ២​ករណី ទី​១-​បទ​ហិង្សា​ដោយ​ចេតនា និង​ទី​២-​បទ​គំរាមថា​នឹង​បាញ់សម្លាប់​ទៅលើ​កូន​ឧកញ៉ា ទ្រី ភាព ។​

​សេចក្តីរាយការណ៍​បានអោយដឹងថា កូន​ឧកញ៉ា​ដែល​អាង​ឥទ្ធិពល​ឪពុក គឺមាន​ឈ្មោះ ដួង ឆាយ​ជា​កូនលោក​ឧកញ៉ា ដួង ងៀប ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​គូរ​ជម្លោះ​ម្ខាង​ទៀត​ជា​កូន​របស់លោក​ឧកញ៉ា ទ្រី ភាព ដែលមាន​ឈ្មោះ​ល្បី​ក្នុងការ​រ​ស៊ី​ជំនួញ​ឈើ​មានឈ្មោះ ទ្រី ដា​លុច ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។​
​កូនលោក​ឧកញ៉ា ដួង ងៀប គឺ​ឈ្មោះ ដួង ឆាយ ត្រូវបាន​កម្លាំង​កង​រាជ​អាជ​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​នៅ​ជិត រង្វង់​មូល​សម្ដេច​សង្ឃ​ជូន ណាត កាលពី​យប់​ថ្ងៃទី​១៣ ខែមេសា​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កូន​ឧកញ៉ា ទ្រី ភាព ឈ្មោះ ទ្រី ដា​លុច និង​ប្អូនប្រុស​ម្នាក់ទៀត រួម​ជាមួយនឹង​មិត្តភក្តិ បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​មួយ ក្រោយមក​ក៏​ត្រលប់​ចូល​អង្គុយលេង ហាង​សាក់​រូប ស្ថិតក្នុង​ខណ្ឌចំការមន​។ គ្រានោះ ឈ្មោះ ឌួង ឆាយ ត្រូវជា​កូន​ឧកញ៉ា ឌួង ងៀប ក៏បាន​ចូលទៅក្នុង​ហាង​សាក់​រូបនោះ​ផងដែរ ដើរ​ដោយ​ដំណើរ​កោង​ក្អេងក្អាង ទើប​អ្នក​នៅក្នុង​ហាង រួមទាំង​កូន​ឧកញ៉ា ទ្រី ភាព ផងដែរ បាន​មើលមុខ ទើប​ធ្វើ​ឲ្យ ឌួង ឆាយ ដែល​គេ​ទទួលស្គាល់ថា ជន​ដ៏​ទំនើង និង​ឈ្លើយ​ផុត​លេខ​នោះ ខឹង រួច​វាយ​កូន​ឧកញ៉ា ទ្រី ភាព ដែល​បាន​មើលមុខ​។ ស្របពេល​ដែល​កូន​ឧកញ៉ា ទ្រី ភាព ដើរចូល​ទៅក្នុង​យក​ឆ្នាំង​សាក​ទូរស័ព្ទ ជនបង្ក ឌួង ឆាយ ក៏បាន​ស្រែក​សំឡុត និង​គំរាម ព្រមទាំង​វាយ​យ៉ាងដំណំ ត្រូវចំ​ក្រោម​ស្និត​ផ្កា បណ្តាល​ឲ្យ​បែក​ឈាម​។​

​ប្រភព​ដដែល បន្តថា ជនរងគ្រោះ មិនបាន​តបត​ជាមួយនឹង​ជនបង្ក​នោះទេ ប៉ុន្តែ ឌួង ឆាយ នៅតែ​ធ្វើ​សកម្មភាព​វាយ​បន្ថែម និង​បញ្ជា​ឲ្យ​អង្គរក្ស​យក​កាំភ្លើង ថា​គំរាម និង​បាញ់​សម្លាប់ចោល ប៉ុន្តែ​ក្រុម​អង្គរក្ស​មិនបាន​ស្តាប់​បទបញ្ជា ទើប​ម្ចាស់​ហាង​ស្ទុះ​ទៅ​សម្របសម្រួល​។ ភ្លាមៗ​នោះ ឌួង ឆាយ ក៏បាន​ចូល​រថយន្ត​បើក​ចេញ ក្នុង​គោលបំណង​គេច​ខ្លួ​ច ប៉ុន្តែ​ធ្វើដំណើរ​ដល់​ចំនុច​ម្តុំ​នាគ​បាញ់​ទឹក នៅ​ជិត​រង្វង់​មូល​សម្ដេច សង្ឃ​ជូន ណាត ស្ថិតនៅក្នុង​ខណ្ឌដូនពេញ ក៏​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ ដូនពេញ ឃាត់​រថយន្ត ដើម្បី​ឲ្យ​ជនបង្ក​ចុះ មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

គួររំលឹកថា ជនបង្ក ឌួង ឆាយ ធ្លាប់​ប្រព្រឹត្ត​នូវ​បទល្មើស ដែល​ប្រើ​អំពើហិង្សា បង្ក​របួស ស្នាម បាញ់បោះ​សេរី ល្បី​ពេញ​រាជធានី​ភ្នំពេញ ក្នុងនោះ​រូបគេ​ក៏​ជា​ឈ្មួញ​ព្រៃឈើ លោតឆ័ត្រ ដែល​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បានជា​ញឹកញាប់ និង​ចាប់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ថ្មីៗ​នេះ​ជនបង្ក​ទើបតែ​ចេញពី​គុក PJ មិនទាន់​បាត់​ក្លិន​គុក​ផង​នោះ ក៏​ប្រព្រឹត្ត​បទល្មើស ដោយ​ភាពមិន​រាងចាល ចំពោះ​សកម្មភាព​បទល្មើស​ដដែលៗ​។ ដូច្នេះ តំណាង​អយ្យការ លោក កុល បុណ្យ គួរតែ​ពិនិត្យឡើងវិញ​ឲ្យ​ដិតដល់​ប្រកបដោយ​តម្លាភាព ពាក់ព័ន្ធ​ទៅនឹង​បទល្មើស ដែល​ជនបង្ក​ធ្លាប់​ប្រព្រឹត្ត និង​ទើប​ចេញពី​គុក ដោយ​ទោស​ព្យួរ គួរតែមាន​វិធានការ តាមផ្លូវ​ច្បាប់​ចំពោះ​ទោស​ដែលមាន​ស្រាប់ និង​បទល្មើស​ថ្មី ដែល​បង្កើត​បន្ថែមទៀត​៕
11116495_407303972774733_9174054582849882019_o1