កម្ពុជា​ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន លើកទី២ នៃសម័យប្រជុំលើកទី៧៣ ​​របស់ UN
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2018 ក+ ក-

ភ្នំពេញ​៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា
ចុះថ្ងៃទី​៧ ខែមិថុនា ឆ្នាំ ២០១៨​ បាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ចំនួន​១៥​ផ្សេងទៀត មកពី​ក្រុម​ប្រទេស​តំបន់​ផ្សេងៗ ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន រួមជាមួយ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៃ​សម័យប្រជុំ​លើក​ទី​៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ សំរាប់​អាណត្តិ​ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាល​មហាសន្និបាត នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​។

​យោងតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ស្មារតី​លើកតម្កើង​កិត្យានុភាព និង​កិត្តិយស​ជាតិ នៅលើ​ឆាក​អន្តរជាតិ បានដាក់​បេក្ខភាព​កម្ពុជា​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ នៅ​ខែមករា ឆ្នាំ​២០១៧​។

​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៨ បេក្ខភាព​របស់​ព្រះរាជា​ណា​ក្រ​កម្ពុជា និង​ប្រទេស​ចំនួន​បួន​ផ្សេងទៀត ទទួលបាន​ការគាំទ្រ​ជា​ផ្លូវការ ដោយ​ប្រទេស​នៃ​ក្រុម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ធ្វើជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​។

​ក្នុងឋានៈ​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើ​របស់​ប្រធាន​។

លើសពីនេះ​ទៀត កម្ពុជា​ក៏​នឹង​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែលមាន​មុខងារ​ដូចជា​ពិនិត្យ​របៀបវារៈ​បណ្តោះអាសន្ន និង​បញ្ជី​បន្ថែម​ចំនុច​ពិភាក្សា ផ្តល់​អនុសាសន៍​ដល់​ម​ហាស​ន្និបាត និង​ជួយ​ដល់​ប្រធាន​និង​មហាសន្និបាត​ក្នុង​ការរៀបចំ​របៀបវារៈ​សម្រាប់​កិច្ចប្រជុំពេញអង្គ​នីមួយៗ ហើយ​និង​ក្នុង​ការងារ​ទូទៅ​របស់​មហាសន្និបាត​។

​គួរកត់សម្គាល់​ដែរ​ថា កម្ពុជា​ត្រូវបាន​ជ្រើសតាំង​លើកដំបូង​ជា​អនុប្រធាន​នៃ​សម័យប្រជុំ​ម​ហាស​ន្និ​-​បាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ ២០០១-២០០២៕