តុលាការ​បញ្ជូន ថោង សារ៉ាត់ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះ អាសន្ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2015 ក+ ក-

​ភ្នំពេញ​៖​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវ បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន រង់ចាំ​ការស៊ើបអង្កេត​ពាក់​នឹង​សំណុំ​រឿងក្តី​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុខ​ឡេង បាន​សាកសួរ​អស់​រយៈពេល​ជិត ៤​ម៉ោង កាលពី​រសៀល​ថ្ងៃទី​១៧ មេសា រួចមក តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ថោង សារ៉ាត់ បណ្តោះអាសន្ន​នៅ​គុក​ព្រៃ​ស​។​។​

​គួរ​ជម្រាប​ថា ជនសង្ស័យ ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ “​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​”​។ លោក ថោង សារ៉ាត់ ត្រូវ​ចាប់សង្ស័យ​ជា​មេខ្លោង​នៃ អំពើ​ឃាតកម្ម​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។​លោក ថោង សារ៉ាត់ បន្ទាប់ពី​ព្យាយាម​រត់គេចខ្លួន​អស់​ជាច្រើន​ខែ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ សហការ​ជាមួយ នគរបាល​វៀតណាម ចាប់ខ្លួន​នៅ​ប្រទេស​វៀតណាម និង​បាន​នាំខ្លួន​មក​កម្ពុជា កាលពី យប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៥​។​

សូមបញ្ជាក់​ផងដែរ​ថា អង្គរក្ស​ទាំង​៤​នាក់ របស់លោក​ថោង សារ៉ាត់ ចំនួន​៤​នាក់ មានឈ្មោះ សៀង វាសនា អាយុ​៤៤​ឆ្នាំ ជា​ជន​ដល់​ដល់ និង​ឈ្មោះ មាស សម្បត្តិ ហៅ​ទូច អាយុ​២៧​ឆ្នាំ ត្រូវបាន​តុលាការ​ចោទ ប្រកាន់​ពីបទ “​ឃាតកម្ម​គិតទុក​ជាមុន ”​។ ចំណែក​ឈ្មោះ កូយ ចាន់ថុល អាយុ​២៩​ឆ្នាំ ( អ្នកមើល​ផ្លូវ ) និង​ឈ្មោះ លី សៅ ហៅ​វី អាយុ​២៨​ឆ្នាំ (​អ្នក​ឌុប​ជនដៃដល់​)  ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ។​

​ដោយឡែក​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ” ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ” តាម​មាត្រា​២០០ និង​មាត្រា​២៧ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រុម​ជន​ត្រូវ​ចោទ​ទាំងអស់ អាច​ប្រឈមមុខ​នឹង​ការជាប់​ព​ន្ឋ​នាគារ​អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញថា​មាន​ពិ​រុ​ទ្ឋ​ភាព​ដូច​ការចោទប្រកាន់​មែន​។​

​ជនសង្ស័យ ទាំង​០៤​នាក់​នេះ ត្រូវបាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ប្រព្រឹត្ត​កាល​វេលា​ម៉ោង ៧ និង ១៨​នាទី យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា អ៉ឹ​ង ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ខាងលិច​អាងទឹក​ស្តា​ត​អូឡាំពិក ៕
Sarat-thong-fpm
១១Pheak-000334