សមាគម​មីក្រូហិរញ្ញវត្ថុ ប្រាប់​សមាជិក​ត្រូវ​ត្រៀម​ទុនបម្រុង​សម្រាប់​ផ្ដល់​ជំនឿ​អតិថិជន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2018 ក+ ក-

​ភ្នំ​ពេ​ញំ​៖ បើទោះបីជា​ព្រឹត្តិការណ៍​បោះឆ្នោត​ថ្នាក់ជាតិ​នៅពេល​ខាងមុខនេះ កាន់តែ​ខិតជិត​មកដល់​ក្តៅ តែ​ស្ថានភាព​ហិរញ្ញវត្ថុ មិនមាន​អ្វី​ប្រែប្រួល​ឬ​បារម្ភ​នោះឡើយ ក្នុង​នោះគេ​ឃើញថា​កម្ចី​ឥណទាន និង​ប្រាក់​បញ្ញើ​បាន​កើនឡើង​ទន្ទឹមគ្នា នៅតាម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​ដែលមាន​អាជ្ញាប័ណ្ណ ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។

​ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ហៅ​កាត់​ថា CMA, លោក គា បូរ៉ាន់ បានប្រកាសថា សមាជិក​ទាំងអស់​គួរតែ​ត្រៀម​ទុនបំរុង​សម្រាប់​ទប់ទល់​នឹង​ស្ថានការណ៍ នៅពេល​បោះឆ្នោត ក្រែងលោ​មាន​អតិថិជន​អ្នក​ដាក់​ប្រាក់​បញ្ញើ​ត្រូវ​ការដក​ប្រាក់​បន្ទាន់ៗ​យកទៅ​ប្រើប្រាស់ បើទោះបីជា​ស្ថានភាព​នយោបាយ​មិន​ប្រែប្រួល​ក៏ដោយ ។

​លោក គា បូរ៉ាន់ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអោយដឹងថា ស្ថានភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្នុង​ឆ្នាំ ២០១៨​នេះ នៅតែមាន​ភាពល្អប្រសើរ បើទោះបីជា​ឆ្នាំនេះ កម្ពុ​ជាមាន​ព្រឹត្តិការណ៍​បោះឆ្នោតជាតិ​ក៏ដោយ​ក្តី ។ លោក​ថា ការបោះឆ្នោត​ឆ្នាំនេះ មិនមែន​លើក​ទី​១ ឬ​ទី​២ ទី​៣​ដែរ តែ​វា​ជា​លើក​ទី​៦​ហើយ តាំងពី​ឆ្នាំ ១៩៩៣​មក ហើយ​នៅក្រោយ​ការបោះឆ្នោត​ម្ដងៗ​ក៏​មិនឃើញ​មាន​ព្រឹត្តិការណ៍​អី​អាក្រក់​ប៉ុន្មាន​នោះដែរ ក្នុង​នោះគេ​ឃើញ​អាជីវកម្ម​នានា​នៅ​កម្ពុជា នៅតែ​ដើរទៅ​មុខ និង​បាន​រុញអោយ​កំនើនសេដ្ឋកិច្ច​ឈរ​ក្នុង​កម្រិត​មួយ​គួរអោយកត់សម្គាល់​។

​លោក​បន្តថា សម្រាប់​ការបោះឆ្នោត​ខាងមុខ​នេះដែរ គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គួរតែ​ត្រៀម​ទុនបំរុង​របស់ខ្លួន​អោយបាន​ត្រឹមត្រូវ និង​ត្រៀម​ទប់ទល់ ជាមួយនឹង​ស្ថានការណ៍ ។ ក្នុងករណី​អតិថិជន​ត្រូវការ​សាច់ប្រាក់​ដក​ជាប​ន្ទា​ន់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ត្រូវតែមាន​ប្រាក់​សម្រាប់​ទុក​បើក​ជូន​អតិថិជន ហើយ​ទុនបំរុង​មិនមែន​សម្រាប់តែ​ទុក​ក្នុងពេល​មាន​ព្រឹត្តិការណ៍​បោះឆ្នោត​នោះទេ តែ​គ្រប់​គ្រឹះស្ថាន​ទាំងអស់​ត្រូវតែ​ត្រៀម​ទុនបំរុង​អោយបាន​ល្អជា​និច្ច ។

​ម្យ៉ាងទៀត​នៅពេល​ស្នើរ​សុំ​បើក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារជាតិ​ក៏បាន​តម្រូវការ អោយ​ដំកល់​ទឹកប្រាក់​មួយចំនួន​នៅក្នុង​ធនាគារជាតិ ការពារ​ហានិភ័យ​កើតឡើង នឹង​យកប្រាក់​ដំកល់​នោះមក​ដោះស្រាយ ។ ក៏ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏ត្រូវ​មាន​ទុន​ពី​ខាងក្រៅ​ដើម្បី​ត្រៀម​នៅក្នុង​ស្ថាប័ន​របស់ខ្លួន​ដែរ ។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​មីក្រូហិរញ្ញវត្ថុ ស្ថាប័ន​ធនាគារពាណិជ្ជ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ក៏បាន​ត្រៀម​ទុន​របស់ខ្លួន ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​នៅ​ជិត​ការបោះឆ្នោត​ឆ្នាំ ២០១៨​នេះដែរ បើ​ទោះ​បច្ចុប្បន្ននេះ ស្ថានការណ៍​នយោបាយ​នៅតែមាន​ភាពល្អប្រសើរ​ក៏ដោយ ជាក់ស្ដែង​ធនាគារពាណិជ្ជ​ធំជាងគេ អេស៊ីលីដា ក៏បាន​អោយដឹងថា ខ្លួន​បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ទុនបំរុង​ទុក​ជូន​អតិថិជន​របស់ខ្លួន​ដក​នៅពេល​ត្រូវការ​ប្រើប្រាស់​សាច់ប្រាក់​ជា​ចាំបាច់​ណាមួយ​នៅក្នុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​ថ្នាក់ជាតិ នៅ​ចុងខែ​កក្កដា ឆ្នាំ ២០១៨​ខាងមុខនេះ ៕​