ក្រសួង​ធនធានទឹក ប្រកាស​ពី​ឥទ្ធិពល​កូន​ព្យុះនៅ​តំបន់​សមុទ្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ប្រកាសប្រាប់​ដល់​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ស្រប​ពេលដែល​ផ្ទៃ សមុទ្រ និង​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​ខ្ពស់ៗ ដោយសារ​ឥទ្ធិពល​ខ្យល់ព្យុះ​។​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ភ្លៀង នឹង​បន្ដ​ធ្លាក់​ខ្លាំង​នៅ​កម្ពុជា ពិសេស​តំបន់​មាត់សមុទ្រ ក្នុង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ដោយ សារ​តែ​ឥទ្ធិពល​របស់​កូន​ព្យុះ​ទី ៤ និង​ព្យុះ​ទី​៥​។ ចំណែក​បណ្តា​រាជធានី ខេត្ត​ដទៃទៀត នឹងមាន របាយ ទឹកភ្លៀង ដែល​នឹង​ថមថយ​ចុះ ពិសេស​រាជធានី​ភ្នំពេញ ខេត្តកំពត តាកែវ កំពង់ស្ពឺ និង ខេត្តកណ្តាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិចតួច​។​

​ស្ថានភាព​អាកាសធាតុ​នេះ កើតឡើង​ដោយ​វិ​សម្ពាធ​ដែល​បាន​កើតឡើង​នៅ​សមុទ្រ ចិន​ខាង ត្បូង បាន​វិវត្តន៍​ខ្លួន​ទៅជា​កូន​ព្យុះ​ទី​៤ ឈ្មោះ អ៊ី​វីន​ណៀ (EWINIAR) និង​កំពុងស្ថិត​នៅក្បែរ​ឆ្នេរ សមុទ្រ​ភាគខាងត្បូង ប្រទេស​ចិន ។ ការព្យាករណ៍ កូន​ព្យុះ​អ៊ី​វីន​ណៀ នឹង​ថយឥទ្ធិពល​ជា​បន្តបន្ទាប់ មកជា​វិ​សម្ពាធ និង​ជា​សម្ពាធ​ទាប នៅ​ថ្ងៃទី​៨​ខែមិថុនា​។ ដោយឡែក​វិ​សម្ពាធ​ថ្មី​មួយទៀត ដែល​បាន កើតឡើង​នៅ​ភាគ​អាគ្នេយ៍ ប្រទេស​ហ្វីលីពីន ក៏​នឹង​វិវត្តន៍​ទៅជា​ព្យុះ​ទី​៥​ផងដែរ តំបន់​មួយចំនួន អាច នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ជាពិសេស​តំបន់ឆ្នេរ​និង​នៅលើ​ផ្ទៃ សមុទ្រ​។ ដូច្នេះ​សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​កម្សាន្ត​តាម​សមុទ្រ​ក៏ដូចជា​ផ្លូវទឹក​ផ្សេងៗ បង្កើន ការ ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ជាង​មុន​បន្ថែមទៀត​។​

ទាក់ទិន និង​បញ្ហា​នេះដែរ លោក យន្ត មីន បញ្ជាក់ថា បានប្រកាស​ដល់​មន្ត្រី​ស្ថាប័ន ពាក់ព័ន្ធ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ មាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល កម្លាំង​កង​រាជ​អាវុធ ហត្ថ អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ មាន​មន្ត្រី​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ ឬ​កងទ័ពជើងទឹក​ជាដើម ឲ្យ​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ពលរដ្ឋ ឬ​ភ្ញៀវទេសចរ ប្រសិនបើ​មាន​គ្រោះ ថ្នាក់​លិចលង់​ទូក​ណា មួយ​ដោយ​យៈថាហេតុ​៕​