ភ្នំពេញ៖ លោក ថោង សារ៉ាត់ ដែលជាជនត្រូវចោទជាមេខ្លោងនៃអំពើឃាតកម្មគិតទុកជាមុនដ៌េលត្រូវបានសមត្ថកិច្ចនៃប្រទេសកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៦មេសានៅខេត្តស្វាយរៀងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនក្នុងពន្ឋនាគារព្រៃសជាបណ្តោះអាសន្ន។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការដាក់ក្រោមការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដោយរង់ចាំការស៊ើបអង្កេត និងបើកសវនាការជំនុំជម្រះសំណុំរឿងក្តីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក។
ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីលោក លី សុខឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរអស់រយៈពេលជិត ០៤ម៉ោង។
លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ថោង សារ៉ាត់ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួននៅភូមិមួយក្នុងខេត្តស្វាយរៀង ក្បែរព្រំដែនប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ។
ថោង សារ៉ាត់ ត្រូវចាប់ខ្លួនតាមដីការបស់តុលាការដោយចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និង២០០ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត។ ថោង សារ៉ាត់ ជាប់ពាក់ព័ន្ឋនឹងការបញ្ជាឱ្យអង្គរក្សបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈដែលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ខាងលិចអាងទឹកស្តាតអូឡាំពិក។
ខណះតុលាការសាកសួរ ថោង សារ៉ាត់ នោះដែរ ក៏មានវត្តមានលោក ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការសាកសួរ ថោង សារ៉ាត់ ផងដែរ ។ ក្នុងសំណុំរឿងនេះ ក្រៅពីថោង សារ៉ាត់ នៅមានអង្គរក្ស៤នាក់ ទៀតរបស់ ថោង សារ៉ាត់ កំពុងជាប់ពន្ឋនាគារ មានឈ្មោះ សៀង វាសនា អាយុ៤៤ឆ្នាំ ជាជនដល់ដល់ និងឈ្មោះ មាស សម្បត្តិ ហៅទូច អាយុ២៧ឆ្នាំ ត្រូវបានតុលាការចោទ ប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុន ”។ ចំណែកឈ្មោះ កូយ ចាន់ថុល អាយុ២៩ឆ្នាំ ( អ្នកមើលផ្លូវ ) និងឈ្មោះ លី សៅ ហៅវី អាយុ២៨ឆ្នាំ (អ្នកឌុបជនដៃដល់) ត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។
ដោយឡែកលោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទ ” ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ” តាមមាត្រា២០០ និងមាត្រា២៧ នៃក្រមព្រហ្មទណ្ឌ។
ក្រុមជនត្រូវចោទទាំងអស់ អាចប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ឋភាពដូចការចោទប្រកាន់មែន។
ថោង សារ៉ាត់ ត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាជនចុងក្រោយដែលអាចបើកវាំងននខ្មៅលាតត្រដាងការពិកក្នុងសំណុំរឿងឃាតកម្មលើ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីចុងឆ្នាំ២០១៤ កន្លងមក៕