ប្រយ័ត្ន ! រកឃើញ​គ្រឿងសម្អាង​ក្លែងក្លាយ​ជាង​១​តោន​នៅ​ស្ទឹងមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2018 ក+ ក-

​ភ្នំពេញ ៖ គ្រឿងសម្អាង​ជាច្រើន​ប្រភេទ ចំនួន​ជាង​មួយ​តោន ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រក ឃើញ​នៅ​ទីតាំង​មួយកន្លែង​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ត្រូវបាន​សមត្ថកិច្ច តុលាការ​បញ្ជា​ឲ្យ​ដកហូត​ជា​បណ្តោះអាសន្ន ដើម្បី​ទុក​សម្រាប់​ជា​វត្ថុតាង​បន្ត​នីតិវិធី បន្ថែមទៀត​។

​ករណី​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ផលិតផល​គ្រឿងសម្អាង​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ ជាមួយ មន្ត្រី​សុខាភិបាល សាខា​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅដល់​ទីតាំង​វេច​ខ្ចប់​និង​ចែកចាយ ផលិតផល​គ្រឿងសម្អាង​គ្មាន​ច្បាប់​អនុញ្ញាត​១​កន្លែង ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង សង្កាត់ ស្ទឹង​មាន ជ័យ​១ ខណ្ឌមានជ័យ ដោយបាន​រកឃើញ​គ្រឿង សម្អាង​ក្លែងក្លាយ​ជាង ១​ពាន់ គីឡូក្រាម​។​

​មន្ត្រីនគរបាល​ក្នុង​ប្រតិបត្តិការ​បានបញ្ជាក់​ថា ការចុះ​ត្រួតពិនិត្យ​រក​បទល្មើស​នេះ ធ្វើឡើង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ និង​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដដែល​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ថា ទីតាំង​វេច​ខ្ចប់ និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​មួយ​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ ឡើយ ក្នុងនោះ​វត្ថុតាង​គ្រឿងសម្អាង​ចម្រុះ​ដែល​លាយ​រួច សំបក​វេច​ខ្ចប់ វត្ថុ​ធាតុ​ផ្សំ​សម្រាប់​លាយ ចេញ​ជា​គ្រឿងសម្អាង និង​គ្រឿងសម្អាង​ចម្រុះ​ជាច្រើន​ប្រភេទ​សរុប ១,១៤៣​គីឡូក្រាម​។​

​ក្រោយ​ត្រួតពិនិត្យ​ក្នុង​ទីតាំង​ខាងលើ​រួចហើយ លោក​ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បាន​បញ្ជា ឱ្យកម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ទាំងអស់​យកទៅ​រក្សាទុក​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​នាំ​ម្ចាស់​ទីតាំង​ឈ្មោះ គឹម ហ៊​ង ភេទ​ស្រី អាយុ​២៤​ឆ្នាំ មក​សាកសួរ​បំភ្លឺ នៅ នាយកដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​។​

​សូមជម្រាបថា ពាក់ព័ន្ធ​នឹង​ករណីនេះ សមត្ថកិច្ច​ជំនាញ តែង​បានធ្វើការ​ផ្សព្វផ្សាយ​ក្រើន រំលឹក​ជា​បន្តបន្ទាប់​ចំពោះ​ប្រជាពលរដ្ឋ ពិសេស​ចំពោះ​បងប្អូន​ស្ត្រី​ដែល​និយម​ប្រើប្រាស់​គ្រឿង សម្អាង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន រាល់​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង ដែល​គ្មាន​បញ្ជាក់​ពី ប្រភព ច្បាស់លាស់ ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​៕​