ភ្លៀង និង​ខ្យល់​កន្ត្រាក់​បោក​រំលំ​ដើមឈើ​និង​ប៉ាណូ​៣​ផ្ទាំង នៅ​ក្រុងភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2018 ក+ ក-

​ភ្នំពេញ ៖ ភ្លៀង​លាយ​លំនឹង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​បាក់​មែកឈើ​ដ៏​ធំ​សង្កត់​លើ​ម៉ូតូ​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១​រសៀល ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ ១៦៩ ខាងមុខ​វិទ្យាល័យ​បាក់​ទូក ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺមាន​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉​ង​លក់​ភេសជ្ជៈ​នៅ​ចត​លក់​នៅ​ខាងក្រោម​ដើម​អំពិល​បារាំង​ដ៏​ធំ​មួយ​ដើ​នៅខាងមុខ​វិទ្យាល័យ​បាក់​ទូក ហើយក៏​មាន​អ្នកធ្វើដំណើរ​ជាច្រើន​ផងដែរ ខណៈ​មេឃ​ភ្លៀង​មួយ​មេ​លាយ​លំនឹង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​មែក​ដើម​អំពិល​បារាំ​ដ៏​ធំ​មួយ​ដើម​នេះ​រលំ​សង្កត់ពីលើ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​លក់​ភេសជ្ជៈ​៣​គ្រឿង និង​ម៉ូតូ​អ្នកធ្វើដំណើរ​មួយគ្រឿង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ បន្ទាប់ពី​កើតហេតុ​ហើយ​ភ្លៀង​បាន​រាំង សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែងកើតហេតុ​ដើម្បី​ជួយ​សម្រួល​ចរាចរ ហើយ​ទាក់ទង​ទៅខាង​មន្ទីរ​សាធារណៈការ​មក​កាត់​យក​មែកឈើ​ចេញ​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​នៅ​តំបន់​នេះ និង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​។

​ជាមួយគ្នា​នោះដែរ នៅ​ខណ្ឌដូនពេញ ក៏មាន​ករណី​បាក់​ប៉ាណូ សង្កត់​លើ​ម៉ូតូ​១​គ្រឿង ម៉ាកស​ងើ​កូរ៉េ​ផង ដែរ​សំណាងល្អ​មិន​បង្កអោយមាន​អ្នករបួស​ឡើយ ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៉ី​សុវត្ថិ​ចំណុច​ក្បែរ​ប៉ុស្តិ៍​ចតុមុខ ខណ្ឌដូនពេញ​។​និង​មួយ​ករណី​ទៀត ប៉ាន់​ណូ​បាន​បាក់​ធ្លាក់​ចុះដី​សង្កាត់​រថយន្ត​១​គ្រឿង នៅ​ចំណុច សកល​វិទ្យាល័យ​ពា​ណិ​ជ្ច​សាស្ត្រ​ជិត​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ផងដែរ​៕