ផ្សារ​ទំនើប​ចំនួន​១៣​ទៀត នឹង​បង្កើតនៅកម្ពុជា​ក្នុងឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2018 ក+ ក-

​ភ្នំពេញ ៖ ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ចង់​ប្រែក្លាយ​ក្រុងភ្នំពេញ​អោយទៅជា​បណ្តុំ​ទីផ្សារ​ដ៏​ពេញនិយម​មួយ​ក្នុង​តំបន់​នោះ បើតាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ នឹងមាន​វត្តមាន​ផ្សារ​ទំនើប​ចំនួន​១៣​ទៀត បង្កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​! ដូចនេះ​នឹងធ្វើ​អោយ​ទំហំ​ទីផ្សារ​ទំនើប កើនឡើង​ដល់​ជិត​៣៧​ម៉ឺន​ម៉ែត្រក្រឡា បើ​គិត​ក្រឡា​ផ្ទៃ​សរុប​រួមបញ្ចូល​គ្នា នៃ​ផ្សារ​ទំនើប​ទាំងអស់ ។

កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​បាន​ចេញទៅ​ទិញ​ទំនិញ​នៅក្រៅ​ប្រទេស ដូចជា​នៅ​ទីក្រុង​ហុងកុង និង ប្រទេស​សិង្ហ​បុរី​ជាដើម ដោយសារ នៅ​ទីនោះ​មានឈ្មោះ​ល្បី​ថា​ជា​បណ្តុំ​ទីផ្សារ​ដែលមាន​លក់​ផលិតផល ម៉ាក​ល្បី​របស់​ពិភពលោក ដ៏​សំបូរបែប​។

ខណៈដែល​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ភាពល្អប្រសើរ និង​ដើម្បី​ទាក់​យក​ចំណូល​បន្ថែមទៀត ពី អ្នកទេសចរ​មកពី​ក្រៅប្រទេស​ផង​នោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ចង់អោយ​ទីក្រុង​ភ្នំពេញ ក្លាយជា​បណ្តុំ​ទីផ្សារ​ដ៏​ពេញនិយម​មួយ​ផងដែរ សម្រាប់​ការដើរ​ទិញ​ទំនិញ​ដែល​ផ្តោត​ទាំង​លើ​គុណភាព និង​បរិមាណ ដូចជា​នៅក្នុង​ផ្សារ​ទំនើប​នៃ​អគារ​ចក្ក​វា​ឡ៏​ប្លែក​គេ ដែលមាន​សុទ្ធតែ​ហាង​លក់ទំនិញ​ម៉ាក​ល្បីៗ​របស់​ពិភពលោក ជាដើម ។
​ទន្ទឹមនេះ បើ​យោងតាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​ផ្សារ​ទំនើប​ថ្មីៗ​ចំនួន​១៣ ទៀត កំពុង​ត្រៀមខ្លួន​បង្កើត​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ទំហំ​ផ្ទៃក្រឡា សរុប នៃ​ផ្សារ​ទំនើប​ទាំងនេះ មាន​ជាង ១៤​ម៉ឺន​៧​ពាន់​ម៉ែត្រក្រឡា ខណៈដែល ទំហំ​ផ្សារ​ទំនើប​សរុប​ដែល​កំពុងដំណើរការ និង​បានបញ្ចប់​ការសាងសង់​ហើយ​នោះ មាន​ប្រមាណ​២២​ម៉ឺន​ម៉ែត្រក្រឡា​។ ដូចនេះ​ការវិនិយោគ ផ្សារ​ទំនើប​នៅ​កម្ពុជា នឹង​កើន​ទំហំ​ផ្ទៃក្រឡា​សរុប ដល់​ជិត​៣៧​ម៉ឺន​ម៉ែត្រក្រឡា​។

​តាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ Propertyarea.asia បាន​បញ្ជាក់ថា ទីតាំង​ផ្សារ​ទំនើប ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅក្នុង​ឆ្នាំនេះ រួមមាន ដូចជា Midtown Community Mall, The Bridge Commercial, Downtown 93, The Park, Noro Mall, Prince Central Plaza, ជាដើម​។ ចំណែក​គម្រោង​សាងសង់ ទីតាំង​លក់រាយ​ជាច្រើន​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាងសង់ មានដូចជា PH Eco Mall និង Diamond Peng Hourt Mall ជាដើម​។

​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បង្ហាញថា បច្ចុប្បន្ននេះ ការវិនិយោគ​ទៅលើ​ទីតាំង លក់រាយ​នៅ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​ក្នុងឆ្នាំនេះ និង​មាន​ទីតាំង​លក់រាយ​ប្រហែល​១១​នឹង​បើក​ដំណើរការ ក្នុងចំណោម​ផ្សារ​ទំនើប​ចំនួន​១៣​ទីតាំង​។

​យោងតាម​របាយការណ៍​របស់ ក្រុមហ៊ុន CBRE Cambodia នេះ ក៏បាន​បង្ហាញ​ដែរ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំនេះ នៅ​កម្ពុជា​នឹងមាន​ទីតាំង​លក់រាយ​ប្រហែល​២៩ ភាគរយ​ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​! ២៦​ភាគរយ ក្នុង​ខណ្ឌចំការមន​! ១៩ ភាគរយ​ក្នុង​ខណ្ឌទួលគោក​! ១៣​ភាគរយ​ក្នុង​ខណ្ឌ​ច្បារអំពៅ​! ៦​ភាគរយ ក្នុង​ខណ្ឌដូនពេញ និង​ខណ្ឌមានជ័យ និង​១​ភាគរយ​ក្នុង​ខណ្ឌ​៧​មករា​៕