ភោជនីយដ្ឋាន​ថ្មីៗ​ជាង​៣០​យីហោ បង្ហាញ​វត្ត​មាននៅ តំបន់​បឹងកក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2018 ក+ ក-

​ភ្នំពេញ ៖ អាជីវករ​ក្នុង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ​កម្ពុជា កំពុង​សម្លឹង​ពី​សក្ដានុពល​វិនិយោគ ក្នុង​តំបន់​បឹងកក់ ដោយសារ​តំបន់​នេះ​កំពុង​តែមាន​ភាព​ទាក់ទាញ និង​ជា​ចំណុចប្រសព្វ​រវាង​ខណ្ឌ​សំខាន់ៗ​ទាំងបី​ក្នុង​រាជធានី​ភ្នំពេញ ។​

ស្របពេល​កំណើន​ប្រាក់ចំណូល​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើន​ឡើងជា​បន្តបន្ទាប់ តម្រូវការ​អាហារ និង​ភេសជ្ជៈ ជាពិសេស​ម៉ាក​ល្បីៗ​ទាំង​ក្នុងស្រុក​និង​ក្រៅ ក៏​ឃើញថា​មាន​កំណើន​ខ្ពស់​ដែរ ដែល​ធ្វើអោយ​អាជីវក​រលើ​វិស័យនេះ បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ នៅតាម​ផ្សារ​ទំនើប​តូចធំ និង​នៅតាម​តំបន់​សក្ដានុពល​មួយចំនួន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ។
​ជាការ​កត់សម្គាល់​តំបន់​បឹងកក់​ដែល​ពី មុន​ជា​បឹង​ធំ​មួយ​នៅ​កណ្ដាល​ក្រុង​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​នៅ​រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​មាន​ភោជនីយដ្ឋាន អាហារ និង​ភេសជ្ជៈ​ល្បីៗ​ដែលជា​ម៉ាក​ក្នុង​និង​ក្រៅ​ស្រុក​បាន​សម្រុក​បើក​ជា​បន្តបន្ទាប់​នៅ​តំបន់ បឹងកក់ ហើយ​រហូតដល់​ពេលនេះ មាន​ប្រមាណ​៣០​យីហោ​កំពុង និង​ត្រៀម​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ ។

​លោក សែ វិចិត្រ ប្រធាន​ផ្នែក​ការអភិវឌ្ឍន៍​អាជីវកម្ម នៃ​មជ្ឈមណ្ឌល​កម្សាន្ត​អេ​ដិ​ន​ហ្កា​ដិ​ន នៅ​កណ្ដាល​តំបន់​បឹងកក់​បានអោយដឹងថា កត្តា​ដែល​ធ្វើអោយ​ហាង​អាហារ និង​ភេសជ្ជៈ ល្បីៗ​លំដាប់​ពិភពលោក បាន​ចូលមក​កាន់​តំបន់​បឹងកក់ ពីព្រោះ​ទីនោះ​ជា​តំបន់​ចំនុចកណ្ដាល​នៃ​ទីប្រជុំ​រវាង​អ្នកមាន​ចំណូល​ខ្ពស់ និង​អ្នកមាន​ចំណូល​មធ្យម ហើយក៏​ជា​ចំណុចប្រសព្វ​រវាង​ខណ្ឌ​ទាំងបី​គឺ​ខណ្ឌទួលគោក ខណ្ឌដូនពេញ និង ខណ្ឌ ៧​មករា ដែល​សុទ្ធសឹងតែ​ជា​បណ្ដុំ​ដោយ​អ្នកមាន​ជីវភាព​ធូ​ធារ ។ ម្យ៉ាងទៀត នៅ​តំបន់​នោះ ក៏​សំបូរ ទៅដោយ​បណ្ដុំ​ការិយាល័យ​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ​ផងដែរ ។

​លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ គេ​មើលឃើញថា តំបន់​នោះ កំពុងអភិវឌ្ឍន៍​ទៅ​កន្លែង​ភោជនីយដ្ឋាន និង​ភេសជ្ជៈ ហើយ​នាពេល​អនាគត​ខាងមុខ​ដ៏​ខ្លី ទីនោះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​បន្ថែម​ពីលើ កន្លែង​ផ្ដល់​សេវាកម្ម​ភេសជ្ជៈ និង​ម្ហូបអាហារ​។ ជាក់ស្ដែង​នៅ​តំបន់​បឹងកក់​បាននិងកំពុង​ត្រៀម បើក​ជា​ក្លឹប​កម្សាន្ត និង រោងភាពយន្ត សម្រាប់​បម្រើអោយ​សេចក្តីត្រូវការ​របស់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ និង​ទូទាំងប្រទេស​ដែល​មក​កម្សាន្ត​នៅ​ភ្នំពេញ ផងដែរ​។
​បើតាម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​វាយតម្លៃ​អចលនទ្រព្យ​ក៏បាន​លើកឡើង​ផងដែរ​ថា បឹងកក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​នៅ​រាជធានី​ភ្នំពេញ ។

​លោក ឌឹ​ត ច​ណ្ណា បានអោយដឹងថា នៅ​ថ្ងៃ​អនាគត បឹងកក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់ ក្នុងនោះ​បណ្ដា​ធនាគារ ការិយាល័យ នឹង​អាច​លេច​វត្ត​មាននៅ​តំបន់​នោះ ។

​លោក​បន្តថា តំបន់​នេះ ជា​ចំណុចកណ្ដាល​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​វា​ក៏​ជាប់​នឹង​ស្ថាប័ន​កំពូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ ដូចជា​ទីស្ដីការគណៈរដ្ឋមន្ត្រី និង សាលា​រាជធានី​ភ្នំពេញ​ជាដើម ។ ម្យ៉ាងទៀត​តំបន់​នោះ ក៏​ជា​កន្លែង​ដែល​មនុស្ស​ជាច្រើន​ឆ្លងកាត់ និង​ស្ថិត​នៅជាប់​មហាវិថី​សំខាន់ៗ​ទៀង​ផង ៕