នាយករដ្ឋមន្ត្រី ស្នើ​ឲ្យបញ្ឈប់​ការ​បញ្ឆេះ​រឿង​ព្រះសង្ឃ​នៅ​បន្ទាយមានជ័យ​ឆាន់​ពោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2018 ក+ ក-

​កំពង់ចាម ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ មិថុនា នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានស្នើ​សូមកុំ​អោយមាន​ការនិយាយ​បន្តទៀត​លើ​រឿងអាស្រូវ ព្រះ​ស​ង្ឈ​ឆាន់​ពោត ជាមួយ​នារី​ម្នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ ដោយ​សម្តេច​ព្រមាន ចំឈ្មោះ​អ្នក​ដែល​បញ្ឆេះ​រឿងនេះ​អោយ​កាន់តែខ្លាំង​នោះ គឺ​លោក ផែង វណ្ណៈ និង ខាន់ ចាន​សុផល តែម្តង​! សម្តេច​បាន​ព្រមាន​ថា បើ នៅតែ​បន្ត​បញ្ឆេះ​រឿងនេះ​ទៀត អ្នក​ទាំងពីរ​នឹង​អាច​ត្រូវ​ដកចេញ​ពី​ការងារ​បច្ចុប្បន្ន​ជាម​ន្ត្រី​យោធា ដើម្បី​កុំអោយ​ប៉ះ​។​

ខណៈដែល​រឿងអាស្រូវ​នៃ​ការ​បែកធ្លាយ​វីដេអូ​ព្រះ​ស​ង្ឈ​ឆាន់​ពោត ជាមួយ​នារី​ម្នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ កាន់តែ​ក្លាយជា​ប្រធានបទ​ក្តៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រយៈពេល​ស​ប្តា​ហ៌​មកនេះ នៅក្នុង​ពិធី​សម្ពោធ​បើក​អោយប្រើ​ប្រាស់ កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​អំពាវនាវ ដោយ​ស្នើសុំ​កុំអោយ​មានការ​និយាយ​បន្តទៀត​លើ​រឿងនេះ ដើម្បី​កុំអោយ​ប៉ះពាល់​ជារួម​ដល់​ព្រះពុទ្ធសាសនា និង តម្លៃ​ស្ត្រី​ខ្មែរ តែម្តង​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា នេះ​ជា​រឿង​បុគ្គល ហើយក៏​ត្រូវបាន​ចាត់ការ​ទៅតាម វិន័យ​សាសនា ហើយ​ដែរ ប៉ុន្តែ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​លើក​រឿងនេះ មក​និយាយ​ជា​បន្តបន្ទាប់​បន្ថែមទៀត​។ សម្តេច​តេ​ជោ បាន​ព្រមាន​ចំឈ្មោះ​អ្នក​ដែល បញ្ឆេះ​រឿងនេះ​តែម្តង គឺ​លោក ផែង វណ្ណៈ និង លោក ខាន់ ចាន់​សុផល ដែល​បាន​ទៅ​សម្ភាស​ន៌​ផ្ទាល់​ព្រះ​ស​ង្ឈ និង នារី ដែល​ពាក់ព័ន្ធ​ក្នុង​រឿងនេះ ដែល​រឹតតែ​ធ្វើអោយ​រឿងនេះ ទទួលរង​ការរិះគន់​ខ្លាំង កំពុង​ធ្វើអោយប៉ះពាល់​ដល់ តម្លៃ​ព្រះពុទ្ធសាសនា និង​ស្ត្រី​ខ្មែរ​។​

ខ្ញុំ​សូម​អំពាវនាវ​រឿង​ពោត​ស្ងោ​ពោត​ដុត​នេះ សូមអោយ​បញ្ចប់​រឿងនេះ​បានទេ ដើម្បី​រក្សា​តម្លៃ​ព្រះពុទ្ធសាសនា​ខ្មែរ និង​រក្សា​តម្លៃ​ស្ត្រី​ខ្មែរ រឿង​មនុស្ស​តែ​ពីរ​នា​កសោះ​ធ្វើអោយ​ពោត​ឡើងថ្លៃ ចុះថ្លៃ មិន​សំ​ហេតុផល​សោះ​! អ្នក​ដែល​ពូកែ​បង្កើត​រឿង​គឺ ផែ​វណ្ណៈ ដែល​សម្ភាស​ន៌​ខាង​លោក​។ ឯ ខាន់​ចាន់​សុផល ទៅ​សម្ភាស​ន៌​ខាង​ស្រី វា​មិន​ខុសពី​ចាំ​សង្អារ​ប្រជល់​គ្នា​ទេ​… អស់លោក​សុទ្ធតែជា​មន្ត្រី​យោធា បើ​នៅតែ​បន្ត​មានតែ​បណ្តេញចោល​ពី​ជួរ​កងទ័ព​តែម្តងទៅ​…​កុំ​តាំងខ្លួន​ជា​តុលាកា​កាត់ក្តី​…៕