ភ្នំពេញ​គ្រោង​ស្ថាបនា​ផ្លូវ​ទ​ទឺង​៣០​ម៉ែត្រ​ថ្មី​ទៀត ដើម្បី​សំរួល​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ​ដែលមាន​ទទឹង​៣០​ម៉ែត្រ ដោយ​ធ្វើ​ការតភ្ជាប់​ពី​ផ្លូវ​៦០​ម៉ែត្រ​ឆ្ពោះទៅកាន់​ផ្លូវ​៣៧១ ប្រយោជន៍​ដើម្បី​ជួយ​សំរួលការ​កក​ស្ទៈ​ចរាចរណ៍​អោយមាន​លក្ខណៈ​ល្អប្រសើរ​។​

​លោក ម៉េ​ត មាស​ភក្តី អ្នក​នាំពា​ក្ស​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់អោយដឹង នៅក្រោយ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រោម​វត្តមាន ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ មិថុនា​នេះ​នៅ​សាលា​រាជ​ធនា​នី​ភ្នំពេញ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្មី​ដែលមាន​ទ​ទឺង​៣០​ម៉ែត្រ​នេះ គឺមាន​គោលបំណង​ពីរ​៖ ទី​១​ដើម្បី​អនុវត្ដ​ន៍​ទៅតាម​គំរោង​ប្លង់​មេ​នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក​ផង និង​ទី​២​គឺជា​ការរៀបចំ​អោយមាន​សរសៃឈាម​បន្ថែមទៀត​នៅក្នុង​ការរៀបចំ​ប្រព័ន្ធ​ចរាចរណ៍​អោយមាន​លក្ខណៈ​ល្អប្រសើរ​ក៏ដូចជា​សំរួល​និង​កាត់បន្ថយ​ការ​កក​ស្ទៈ​ចរាចរណ៍​នៅក្នុង​តំបន់​ច្រមុះជ្រូក​ស្ទឺ​ង​មានជ័យ ។​

​លោក​ម៉េ​ត មាស​ភក្តី បន្តថា​វត្តមាន​ផ្លូវ​មួយ​ខ្សែរ​នេះ​និង​ជួយ​ប្រជាពលរដ្ឋ​អាចមាន​លទ្ធភាព​ធ្វើដំណើរ​កាត់​មកដល់ ផ្លូវជាតិ​លេខ​២​តែម្តង​ហើយ​ផ្លូវ​ខាងលើនេះ​និង​មាន​ការតភ្ជាប់​ជាមួយនិង​ស្ពាន​មួយ​ខ្សែរ​ស្របតាម​ផ្លូវ​នេះ​ផងដែរ​។

​លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​ពី​ប្លង់ និង​ផលប៉ះពាល់​ផ្សេងៗ​ដែល​កើតមានឡើង​មុន​ហ្នឹង​សំរេច​ធ្វើការ​ស្ថាបនា​ផ្លូវ​ខាងលើនេះ​។​

​គួរ​បញ្ជាក់ថា ផ្លូវ​មួយ​ខ្សែរ​ថ្មី​នេះ​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ២ មក​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅកាន់​ផ្លូវ​៣៧១ ចេញ​តាម​មុខ​ផ្សារ​ប៉េសេ​ថ្មី ស្ថិតក្នុង​ខណ្ឌមានជ័យ ដោយ​គ្រោង​ប្រសិទ្ធ​នាម​ថា ជា​វិថី អ្នកឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី ហ៊ុន នាង​៕​