រដ្ឋាភិបាល ៖ ជាង​១៣​ឆ្នាំនេះ បាន​ជួយ​ឲ្យ​កុមារ​ចាក​ផុតពី​កម្លាំង​ពលកម្ម​បាន​៣៦​ម៉ឺន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា កម្លាំង​ពលកម្ម​កុមារ​បាន​ថយចុះ​យ៉ាងគំហុគ បើ​គិត​ចន្លោះ​ឆ្នាំ​២០០០ ដល់ ២០១៣ រដ្ឋាភិបាល​បាន​ជួយ​ក្មេង​ប្រមាណ​៣៣​ម៉ឺន​នាក់ ពី​ចំនួន​៧៥​ម៉ឺន​នាក់ ហើយ​ក្នុង​អា​ណិ​ត្ត​ថ្មី​នេះ​គឺ​ជួយ​កុមារ​បាន​ប្រមាណ ជា​៣​ម៉ឺន​នាក់​បន្ថែមទៀត សរុប​ប្រមាណ​៣៦​ម៉ឺន​នាក់​។​

​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន នៅក្រោយ​បញ្ចប់​ខួប​លើក​ទី​១៧ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​នេះ​នៅ​ទីស្តីការក្រសួង ឯកឧត្តម វ៉េង ហៀ​ង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ បាន​លើកឡើងថា ចំនួន​ខាងលើនេះ បើ​ធៀប​នឹង​គោលដៅ​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ (UNDP) ប្រទេស​កម្ពុជា​បាន​គៀក​បំផុត​ក្នុងចំណោម​ប្រទេស​ទាំង​៥​លើ​ពិភពលោក ក៏ដូចជា​សហរដ្ឋអាមេរិក បាន​វាយតម្លៃថា កម្ពុជា ជា​ប្រទេស​នាំមុខ​ក្នុងចំណោម​ប្រទេស​ចំនួន​១៣ លើ​ពិភពលោក ក្នុង​ការងារ​ប្រឆាំង​កម្លាំង​ពលកម្ម​កុមារ​ផងដែរ​។​

​បើទោះជា​កម្ម​ពលកម្ម​កុមារ មានការ​ថយចុះ​យ៉ាងនេះ​ក៏ដោយ ឯកឧត្តម អគ្គលេខាធិការ​បានលើកឡើង​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដែល គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ បាន​ជួបប្រទះ នាពេល​កន្លងមក ទាមទារ​ឱ្យមាន​ការពង្រឹង នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​លោកជំទាវ ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិកា​ក្រសួង ការងារ​និង​បណ្តុះបណ្តាល បាន​មានប្រសាសន៍ថា នៅ​ប្រទេស​កម្ពុជា​ចំនួន​ពលកម្ម​កុមារ​ក្នុង​វិស័យសេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល​ពី​ចំនួន ៧៥​ម៉ឺន​នាក់ មក​ត្រឹម​ជាង ៤២​ម៉ឺន​នាក់ និង​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​បាន​ថយចុះ​ជាង ២៥​ម៉ឺន​នាក់ មក​ត្រឹម​ជាង ២៣​ម៉ឺន​នាក់ ទោះបី​កំណើនប្រជាជន​បាន​កើនឡើង​ពី​១០​លាន​នាក់​ក្នុង​ឆ្នាំ​២០០១ ដល់​ជិត​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៣​។ ទន្ទឹមនេះ​ចំនួន​កុមារ​បម្រើ​ការងារ​ក្នុងផ្ទះ​បាន​ថយចុះ​ពី​ជិត​០៣​ម៉ឺន​នាក់​នៅ​រា​ធានី​ភ្នំពេញ​ឆ្នាំ​២០០១ មក​ត្រឹម​ជាង ៦​ពាន់​នាក់ នៅ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​២០១២​។​

​លោកជំទាវ រដ្ឋលេខាធិការ​បញ្ជាក់​ថា សម្រាប់​អាណត្តិ​ទី​៥ បាន​ដក់ហូត និង​ទប់ស្កាត់​ពលកម្ម​កុមារ ប្រមាណ​៣​ម៉ឺន​នាក់ ដើម្បីឱ្យ​កុមារ​ទទួល​ការអប់រំ បណ្តុះបណ្តាល​ជំនាញ និង​សមាហរណកម្ម ទៅក្នុង សង្គមជាតិ​វិញ​។ ក្រសួង​បា​នព​ង្រី​ការងារ​សមរម្យ​សម្រាប់​យុវជន​ប្រមាណ ១៤០០​នាក់ និង​ក្រុមគ្រួសារ​ពលកម្ម​កុមារ​ក្រីក្រ​ប្រមាណ​២​ពាន់ តាមរយៈ​កម្មវិធី​លើកកម្ពស់​ឱកាស​សេដ្ឋកិច្ច​និង​បង្កើត​មុខរបរ​ចាប់តាំងពី​ឆ្នាំ​២០១២-២០១៦​។​

​គួរ​បញ្ជាក់ថា ចំនួន​ពលកម្ម​កុមារ​ត្រូវបាន​កាត់បន្ថយ ពី​ចំនួន​១៦.៥% នៅ​ឆ្នាំ​១៩៩៩ មក​នៅត្រឹម​៨.៧% នៅ​ឆ្នាំ​២០១៦ ដែល​កៀក​នឹង​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​។ ដោយឡែក​ចំនួន​ពលកម្ម​កុមារ នៅក្នុង វិស័យសេដ្ឋកិច្ច​រៀបរ​យ​បាន​ថយចុះ​គួរឱ្យកត់សម្គាល់​ពី​ចំនួណ​៧៦​ករណី នៅ​ឆ្នា​២០១៣ ចំនួន​៣៤​ករណី នៅ​ឆ្នាំ​២០១៤ មក​ត្រឹម​១៣​ករណី នៅ​ឆ្នាំ​២០១៥ ចំនួន​៤​ករណី​នៅ​ឆ្នា​២០១៦ ចំនួន​២​ករណី នៅ​ឆ្នាំ​២០១៧ និង​០១​ករណី​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨ ស្របពេល​កម្លាំង​ពលកម្ម​នៅតាម​សហគ្រាស គ​រឹះ​ស្ថាន កើនឡើង​ពី​៥០​ម៉ឺន​នាក់ ដល់​៧៣​ម៉ឺន​នាក់​៕​