បង្ក្រាប​បទល្មើស​ជលផល​នៅក្នុង​តំបន់​អភិរក្ស​ផ្សោត​កាំ​ពី ខេត្តក្រចេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2018 ក+ ក-

​ខេត្តក្រចេះ ៖ ឧបករណ៍​នេសាទ​ជាច្រើន​ប្រភេទ ដែល​ជនល្មើស​បាន​លបលួច​ចូលមក​នេសាទ នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី​ត្រូវបាន​ក្រុម​ឆ្មាំ​ទន្លេ​ចុះបង្ក្រាប​បាន កាលពី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១២ ខែមិថុនា តាម​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។​

​ជាមួយនិង​សកម្មភាព​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី របស់​ក្រុមមន្ត្រី​ឆ្នាំ​ទន្លេ​នា​យប់នោះ គឺ​សមត្ថកិច្ច បាន​ចាប់​ឃាត់​ទូក​នេសាទ​៤​គ្រឿង ដែល​បានធ្វើ​សកម្មភាព​បើក​បណ្តែតមង​ក្រលា​ធំៗ ចាប់​ត្រី​នៅក្នុង​តំបន់ហាមឃាត់​។

​ប្រធាន​ឆ្នាំ​ទន្លេ និង​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ លោក ម៉ុក ពន្លក បានឱ្យដឹងថា ការចុះ​បង្ក្រាប បទល្មើស​នាសា​ទ​ក្នុង​ដែន​អភិរក្ស និង​ជា​រដូវ​បិទ​នេសាទ​នេះ គឺមាន​ការចូល​រួមសហកា​រណ៍ ពី​កម្លាំង​សហគមន៍​នេសាទ​ជ្រោយ​បន្ទាយ កម្លាំង​ឆ្នាំ​ទន្លេ និង​កម្លាំង​ខណ្ឌ​ជលផល​ក្រចេះ​ផងដែរ​។​

​លោក​បាន​បន្តថា ក្នុងការ​ចុះបង្ក្រាប​នេះ​គឺ​សមត្ថកិច្ច​ចាប់​ឃាត់​បាន​ទូក​ម៉ាស៊ីន​ចំនួន​០៤​គ្រឿង មង​បណ្តែត​ចំនួន​០៤​ត្បូង មាន​ប្រវែង​ជិត​២​ពាន់​ម៉ែត្រ ហើយ​វត្ថុតាង​ទាំងនោះ​ត្រូវបាន​យកមក​រក្សារ​ទុក​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ស្តីពី​ជលផល​។ ដោយឡែក​ម្ចាស់​ទូក​នេសាទ​ខុសច្បាប់​ទាំង​៤​ខាងលើ​គឺ​បាន​គេចខ្លួនបាត់​នៅពេលដែល​សមត្ថកិច្ច​អូស​ទូក​ចូលដល់​ខាង​។

​ជាមួយគ្នានេះ ប្រធាន​ឆ្មាំ​ទន្លេ​ក្រចេះ ក៏បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់​សូមមេត្តា​កុំ​ចូលមក​នេសាទ​ក្នុង​តំបន់ហាមឃាត់ ដែលជា​កន្លែង​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី និង​អន្លង់​ត្រី​មេ​ពូជ​មិនថាឡើយ​រដូវ​បើក​នេសាទ​ឬក៏​រដូវ​បិទ​នេសាទ​នោះទេ ប្រយោជន៍​ដើម្បី​ការពារ​សត្វ​ផ្សោត​ដែលជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​មានជីវិត​របស់​យើង​៕​