ដឹងហើយ ! ថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រទេស​កម្ពុជា កំពុង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន មាន​ស្ពាន ផ្លូវ​ផ្ន​ល់ និង​ស្ពាន​អាកាស ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍ និង​សម្រួលការ​ដឹកជញ្ជូន ឆ្លងកាត់ រាជធានី​ភ្នំពេញ​។ ដោយ​មូល​ហេតុនេះ រាជរដ្ឋាភិបាល​បាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង ស្ពាន និង​ស្ពាន​អាកាស​ជា​បណ្តើរៗ ដើម្បី​បង្កើន​សេដ្ឋកិច្ចជាតិ​ផង និង​ទាក់ទាញ​អ្នកវិនិយោគ មក​ចូលរួម​អ​ភី​វ​ឌ្ឍ​ប្រទេស​កម្ពុជា​។ ជាក់ស្តែង​ស្ពាន​អាកាស​ថ្មី​មួយទៀត កំពុង​សាងសង់ ដោយ​ក្រុមហ៊ុន​សៀង​ហៃ​គ្រុប នៅលើ​ផ្លូវ​សហព័ន្ធ​រុស្សី សង់​ជិត​រួចរាល់​ទាំងស្រុង នឹង​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ។​

​អ្នកនាំពាក្យ ក្រសួង​សាធារណៈការ​នឹង​ដឹកជញ្ជូន ឯកឧត្តម វ៉ា សឹម​សុរិយា មានប្រសាសន៍ នៅ​ថ្ងៃទី​១៣ ខែមិថុនា​ឆ្នាំ​២០១៨​ថា ស្ពាន​អាកាស​ថ្មី​នៅ​ផ្សារ​ដី​ហុយ គ្រោង​សម្ភោ​ធ​ដាក់​ឲ្យ ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។ ឯកឧត្តម​មានប្រសាសន៍​បន្តថា ស្ពាន​អាកាស​នេះ ប្រវែង​៩៤២​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ​កន្លះ ចំណាយ​ថវិកា​សាងសង់​ប្រមាណ ១៦​លាន​ដុល្លារ​កន្លះ​។ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ មុននឹង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា ផ្លូវការ ក្រុមហ៊ុន​នឹងធ្វើ​ការពិសោធន៍​វិស្វកម្ម ពង្រឹងគុនភាព​ស្ពាន នៅ​ថ្ងៃទី​១៤​និង​១៥ ខែមិថុនា ដើម្បី​វាស់​ស្ទង់​ទម្ងន់​អតិប្បរមា​អាច​ឲ្យ​ឆ្លងកាត់​ស្ពាន​។ ស្ពាន​នេះ​ត្រូវបាន​ក្រុមហ៊ុន​ចិន ឈ្មោះ​សៀង​ហៃ​គ្រុប កំពុង​សាងសង់​ជិត​រួច​ជា​ស្ថាប​ពរ​ហើយ​។​

​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នេះ ស្ថិតនៅក្នុង​គម្រោង ខ្សែក្រវ៉ាត់​ក្រុង​ទី​២ ដែលមាន​ចម្ងាយ​សរុប ១៦​គីឡូម៉ែត្រ ភ្ជាប់​ទំនាក់ទំនង​ចរាចរណ៍ ពី​ខេត្តកណ្តាល មក​រាជធានី​ភ្នំពេញ​។ គម្រោង​ខ្សែក្រវ៉ាត់​ក្រុង​ទី​២​នេះ គ្រោង​ចំណាយ​ថវិកា ៦១​លាន​ដុល្លារ​អាមេរិក ជា​ថវិកា​កម្ចី​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​គួរ​ជម្រាបជូន​ថា ក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​សម្ភោ​ធ​ឲ្យ​ដំណើរការ​រួចរាល់ ហើយ​ចំនួន​៤ និង​ស្ពាន​អាកាស​ថ្មី​ផ្សារ​ដី​ហុយ​នេះ​មួយទៀត​សរុប​៥​ស្ពាន​អាកាស​៕