គ ជ ប និង​ភាគី​ពាក់ព័ន្ធ​ប្រជុំ​ពី​ការបិទ​ផ្សាយ​បញ្ជី​គណបក្ស និង​បេក្ខជន​ឈរឈ្មោះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2018

​ភ្នំពេញ ៖ កាលពី​ព្រឹក​មិញ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ជួបប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការបិទ​ផ្សាយ​បញ្ជីរាយនាម​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ផ្លូវការ​តាម​មណ្ឌល រាជធានី ខេត្ត និង​សិទ្ធិ​ទទួលបាន​នូវ​ការការពារ​សុវត្ថិភាព​របស់​គណ​បេក្ខជន​។​

លោក ឌុ​ច សុន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​មានប្រសាសន៍ថា កាល​បរិ ច្ឆេ​ទ និង​ពេលវេលា​ទទួល​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត បានចាប់ផ្តើម​ទទួល​ពីថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ និង​បានបញ្ចប់​នៅ​ថ្ងៃទី​១៤ ខែ ឧសភា ឆ្នាំ​២០១៨ ហើយ​មុននឹង​បិទ​ផ្សាយ​បញ្ជីរាយនាម​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត​ផ្លូវការ​តាម​មណ្ឌល​នីមួយៗ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​កិច្ច​ការដែល​ត្រូវធ្វើ តាម​លំដាប់លំដោយ​ជាច្រើន​។ ក្នុង​កិច្ចប្រជុំ​នេះដែរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានស្នើ អោយ​គណបក្សនយោបាយ​ទាំងអស់​ដែល​ចូលរួម​ការបោះឆ្នោត​អនុវត្ត​អោយបាន​ត្រឹមត្រូវ​ទៅតាម​នីតិវិធី នៃ​ការបោះឆ្នោត ហើយ​ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ដោះ ស្រាយ​នូវ​បញ្ហា​ណាមួយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ដើម្បី​ញ៉ាំងអោយ​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​អាច​ទទួលយកបាន ទាំងអស់គ្នា​។​

ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ ក៏មាន​ការលើកឡើង​ពី​តំណាង​គណបក្សនយោបាយ​អំពី​បញ្ហា​មេភូមិ ដែល​បានបង្ហាញ​វត្ត​មាននៅ​ជិត​ការិយាល័យ​បោះឆ្នោត ក្នុង​ថ្ងៃ​បោះឆ្នោត ដោយ​តំណាង​គណបក្ស​ន​យោ បាយ​លើកឡើង​នាពេលនេះ​ថា វត្តមាន​របស់​មេភូមិ​នៅ​ជិត​ការិយាល័យ​បោះឆ្នោត ក្នុង​ថ្ងៃ​បោះឆ្នោត​បានធ្វើ អោយ​អ្នកបោះឆ្នោត​ភិតភ័យ ហើយ​ជាការ​ឆ្លើយតប​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ ឆ្នោត លោក ទេព នីថា បាន​សុំអោយ​មានការ​ថ្លឹងថ្លែង​អោយបាន​ច្បាស់លាស់​អំពី​បញ្ហា​នេះ​។​

សូម​ជម្រាបជូន​ថា​៖ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​មាន​គណបក្សនយោបាយ​ចូលរួម​ចំនួន ២០ ដើម្បី​ដណ្តើម​កៅអី​ក្នុង រដ្ឋសភា​ចំនួន ១២៥៕