កម្មករ​អាច​សម្រាក​បាន​៣​ថ្ងៃ​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត ដោយ​នៅមាន​ប្រាក់​ឈ្នួល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​លិខិត​ជូនដំណឹង​មួយ ដោយ​ស្នើ​ដល់​ថៅកែ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ អនុ​ញ្ញា​ឲ្យ​កម្មករ​-​ន​យោ​ជិត​ឈប់សម្រាក រយៈពេល​៣​ថ្ងៃ ដើម្បី​អាច​ទៅ​ចូលរួម​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ខែ​ចុងខែ​កក្កដា​ខាងមុខ​។

​សេចក្ដីជូនដំណឹង របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង ថា យោងតាម​លិខិត​លេខ​៩៦១ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) គឺ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ជម្រាប​ដល់​ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់​ជ្រាប ថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់ក​ម្មករ​-​ន​យោ​ជិត ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ម្ចាស់ នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​-​ន​យោ​ជិត បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ ជូន​កម្មករ​-​ន​យោ​ជិត​ដដែល​។

​ជាមួយគ្នានេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សង្ឃឹមថា ម្ចាស់ និង​នាយក​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ព្រមទាំង​កម្មករ​-​ន​យោ​ជិត នឹង​អនុវត្ដ​តាម​សេចក្ដីជូនដំណឹង​នេះ ប្រកបដោយ​ប្រសិទ្ធភាព​។​មេដឹកនាំ​សហជីព​សាទរ និង​ស្វាគមន៍​ចំពោះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បានស្នើ​ដល់​ថៅកែ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន អនុញ្ញាត​ឲ្យ​កម្មករ​-​ន​យោ​ជិត​បាន​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ដើម្បី​អាច​ទៅ​ចូលរួម​ការបោះឆ្នោត ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ដ​។

​សូម​ជម្រាប ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត​នេះ​។ មន្ដ្រី​គណបក្សនយោបាយ​ទាំង​២០​នេះ តែងតែ​ជំរុញ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ​-​ន​យោ​ជិត កុំ​ភ្លេច​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដោយ​គ្មាន​ការបង្ខិតបង្ខំ​ណាមួយ​ឡើយ​៕​