ដឹង​ទេ ! មន្ទីរពេទ្យ​នៅ​ទូទាំង​កម្ពុជា​ត្រូវការ​ឈាម​ប៉ុន្មាន​រយ​ប្លោក​ក្នុង​១​ថ្ងៃ ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម វេជ្ជបណ្ឌិត ហុក គឹម​ចេង ថ្លែងថា ក្នុង​១​ថ្ងៃ​យើង​ត្រូវការ​ឈាម យ៉ាងហោចណាស់ ២០០​ប្លោក ខណៈដែល​ក្នុង​១​ម៉ោង មានការ​ស្នើសុំ​ឈាម​ប្រហែល ៩​ប្លោក ដើម្បី​យក ទៅ​សង្គ្រោះ​ជីវិត​អ្នក​ជម្ងឺ​នៅ​ទូទាំងប្រទេស ហើយ​លោក​ក៏បាន​អំពាវនាវ​អោយ​ពលរដ្ឋ​កម្ពុ​ជាទូទៅ​ចូលរួម ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​។​

​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ក្នុងឱកាស​នៃ​ការទទួល​ការបរិច្ចាគ​ឈាម​ពី​មន្ត្រី​អគ្គលេខាធិការ ដ្ឋា​ន​រដ្ឋសភា​ព្រឹក​ថ្ងៃទី​១៤ មិថុនា​នេះ​មានប្រសាសន៍ថា ប្រសិនបើ​គ្មាន​ឈាម​ក្នុង​ស្តុក​នោះទេ យើង​មិន អាចមាន​ឈាម​ដើម្បី​សង្គ្រោះបន្ទាន់​ដល់​ជីវិត​អ្នក​ជម្ងឺ​បានទេ ដោយ​ក្នុង​១​ថ្ងៃ​យើង​ត្រូវការ​ឈាម​យ៉ាងហោច ណាស់​ក៏ ២០០​ប្លោក​ដែរ​ដើម្បី​ស្តុក​ទុក ខណៈដែល​មានការ​ស្នើសុំ​ឈាម​ពី​តាម​មន្ទីរពេទ្យ​នានា ក្នុង​១ ថ្ងៃ​យ៉ាងតិច​ចំនួន ៩​ប្លោក​។​

​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​គូសបញ្ជាក់ថា ឈាម​ពិត​ជាមាន​សារៈ សំខាន់ ហើយ​ការផ្តល់​ឈាម​គឺ​រឹតតែ​សំខាន់​ទៅទៀត ដើម្បី​ជួយ​ស្រោចស្រង់​អាយុជីវិត​អ្នក​ជម្ងឺ​ដែល​ត្រូវការ នូវ​ការចាក់​បញ្ចូល​ឈាម​មានដូចជា អ្នក​ជម្ងឺ​ដែល​ត្រូវការ​នូវ​ការវះកាត់ និង​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​ពួកគេ​សុទ្ធតែ​ត្រូវការ​ការចាក់​បញ្ចូល​ឈាម​។ លោក​ថា កាលពីមុន​ឈាម​ខ្មែរ​បាន​ហូរ​ដោយសារ សង្គ្រាម តែ​ពេលនេះ​ឈាម​ខ្មែរ​ហូរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទៅវិញ ដោយ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នក គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ស្លាប់ ទាំង​របួស​ស​ជាច្រើន​នាក់ ហើយ​អ្នករងរបួស​ធ្ងន់ធ្ងរ គឺជា​អ្នកត្រូវការ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​។ ដូច្នេះ​ប្រសិនបើ​គ្មាន​ឈាម​បំរុង​ទុក ឬ​ស្តុក​ទុកជាមុន​ទេ គ្រូពេទ្យ​មិនអាច​មាន​ឈាម យកទៅ​សង្គ្រោះ​ដល់​អ្នក​ជម្ងឺ​បាន​បន្ទាន់​នោះទេ​។​

​លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា ដោយ​ឃើញ​ពី​សារសំខាន់​នៃ​ការផ្តល់​ឈាម​នេះហើយ ទើបបានជា​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បានអោយ​មន្ត្រី​របស់ខ្លួន​ផ្តល់​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​
​ឈាម ដោយ​រាប់ទាំង​លើក​នេះ​ផង ​ចំនួន ៥​លើក​ហើយ ដោយ​ក្នុង​១​លើកៗ​មាន​ប្រមាណ​ជា ៧០​នាក់​៕​