សម្តេច​តេ​ជោ​ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ចំនួន​ពីរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2018

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល បានធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៤ ខែមិថុនា​នេះ ឆ្ពោះទៅកាន់​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៨ និង​ការបើក​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​៩ ក្នង​នាម​កម្ពុជា​ជា​ប្រធាន ដែល​កិច្ចប្រជុំ​នេះ​នឹង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​បាងកក ចាប់ពី​ថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ​២០១៨​។

​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ដែល​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​បណ្ឌិត សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។

​តាម​ការ​ថ្លែង​បញ្ជាក់​ពី លោក ស្រ៊ី ថា​ម​រ៉ុ​ង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មុនពេល​ចេញដំណើរ​ពី​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បានអោយដឹងថា កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨ ក្រោម​មូលបទ “​ឆ្ពោះទៅកាន់​សហគមន៍​មេគង្គ​ដែលមាន​សមាហរណកម្ម និង​ការតភ្ជាប់ ដែលមាន លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ជា​ប្រធាន​កិច្ចប្រជុំ នឹង​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ពង្រឹងសមត្ថភាព ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​កាន់តែខ្លាំង​ក្លា​នៅតាម​បណ្តោយ​ព្រំដែន រួម​និង​ការ​បង្រួម​គម្លាត​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ចូលរួម​ពង្រឹង​សន្តិភាព ស្ថិរភាព និង​សមាហរណកម្ម​អាស៊ាន​ទាំងមូល​។

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​នេះ ឯកសារ​សំខាន់​ចំនួន​បី នឹងត្រូវ​អនុម័ត រួមមាន (១) បញ្ជី​គម្រោង​អាទិភាព (២)​ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក ។ ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​វេទិកា​នាយក​ប្រតិបត្តិ ACMECS (ACMECS CEO Forum) ដោយ​សម្តេច​តេ​ជោ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ ស្តីពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ACMECS និង​ការធ្វើសមាហរណកម្ម​។

ដោយឡែក កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​៩ ក្រោម​មូលបទ “​ដើម្បី​ការតភ្ជាប់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ខ្លាំងក្លា​”​នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​នៃ​កិច្ចប្រជុំ រួម​និង​វត្តមាន​ចូលរួម​ពី​សំណាក់ លោក ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក អ៊ូ វីន ម្ញី​ន​ត៍ (U Win Myint) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​! និង​លោក ដា​តុ លីម ចូក ហួយ (Dato Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន ផង​នោះ នឹង​ពិនិត្យឡើងវិញ​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ CLMV នា​បណ្តា​ឆ្នាំកន្លងមក ដើម្បី​ពិភាក្សា​រិះរក​វិធី​យ៉ាងណា​ដើម្បី​បន្ត​ប្រើប្រាស់​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក និង​លើក​កំពស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ​វិស័យ​អាទិភាព សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ការ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​នៅក្នុង​តំបន់ ក៏ដូចជា​លើក​កំពស់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទំនាក់ទំនង​រវាង ប្រជាជន និង​ប្រជាជន ដែលជា​ការរួមវិភាគទាន​ដល់​ការកសាង​សហគមន៍​អាស៊ាន​។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៩ នេះ នឹងមាន​ការអនុម័ត​សេចក្តីថ្លែងការណ៍​រួម ហើយ​បន្ទាប់មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។

​គួរ​កត់សម្គាល់ថា ប្រទេស CLMV មានការ​លូតលាស់​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ដោយសារ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នីមួយៗ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់ និង​សម្របសម្រួល​ដើម្បី​ឲ្យ​មាន​សេរីភាវូបនីយកម្ម ក្នុងការ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច គួបផ្សំ​ជាមួយនិង​កត្តា​លើកទឹកចិត្ត​ផ្សេងៗ​ទៀត ដូចជា​តម្លៃ​ពលកម្ម​ទាប អំណោយផល​នៃ​ប្រជាសាស្ត្រ ក៏ដូចជា​ទីតាំង​ភូមិសាស្ត្រ​មាន លក្ខណៈ​យុទ្ធសាស្ត្រ ជាដើម​។​

​តាម​ការគ្រោងទុក នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​បាងកក​នាពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ ជាមួយ ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត និង​លោក ង្វៀន សួន​ហ្វ៊ុ​ក ជាពិសេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ដើម្បី​ពង្រឹង និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​កក់ក្តៅ និង​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ថៃ​៕