អាហារ​ផ្ទុក​សារធាតុ​គីមី​ជាង​១០០​តោន ត្រូវបាន​កម្ទេចចោល នៅ​ស្រុក​ឧដុង្គ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2018

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ ដែល​បង្ករ​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមិថុនា​នេះ បានរៀបចំ​កម្ទេចចោល​នូវ ផលិតផល​ចំណីអាហារ​ខូចគុណភាព​ខុសច្បាប់​ដែលមាន​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ចំនួន​១០០​តោន​ដែល​សមត្ថកិច្ច បង្ក្រាប រឹបអូស ពី​ជនល្មើស​ជា​ជន​ជាតិចិន​១​កន្លែង ដែល​បាន​ចរាចរ ស្តុក​ទុក និង​ចែកចាយ នៅ​ភូមិ​ថ្មី​ពីងពុង​ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ​ខេត្ត​កំ​ព​អ់​ស្ពឺ ក្រោម​វត្តមាន សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ តំណាង​អង្គទូត ស្ថាប័ន​តុលាការ អង្គការ​ជាតិ អន្តរជាតិ អាជ្ញាធរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បានឱ្យដឹង​ក្នុង​ពិធី​នោះ​ថា អនុវត្ត តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ប្រមុខ​ដឹកនាំ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​សិប្បកម្ម​កែឆ្នៃ​ស្រោម​សាច់ក្រក​ខុសច្បាប់ ១​កន្លែង ដែលមាន​ច្ចាស់​ឈ្មោះ វី​ង ហ៊ុយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។

​ក្នុង​យុទ្ធនា​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រកឃើញ វត្ថុតាង​ចំនួន​១៦​មុខ មាន​ទម្ងន់​សរុប​ប្រមាណ​ជាង​១០០​តោន ដែល​ពុំមាន​ច្បាប់​អនុញ្ញាត ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់ ។ តុលាការ​បានសម្រេច បង្គាប់​ឱ្យ​គណៈកម្មាធិការ​ធ្វើការ​កម្ទេច​ចោល​នូវ​ផលិតផល​ចំណីអាហារ​ខូចគុណភាព​និង​មាន​សារ​ធាតុគីមី​ទាំងនោះ​។​

​នាឱកាស​នោះ សម្តេច ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ការដុត​កម្ទេចចោល​នូវ​ផលិតផល ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​នូវ​សារ​ធាតុគីមី​ដែល​ច្បាប់​បាន​ហាមឃាត់​ទាំងនេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប របស់​សមត្ថកិច្ច បាន​ទាន់ពេល បើ​ពុំ​ដូច្នោះ​ទេ វា​នឹងត្រូវ​ចែកចាយ​នៅលើ​ទីផ្សារ ហើយ​អ្នក​ដែល​រងគ្រោះ គឺជា​ប្រជាពលរដ្ឋ ខាត​ទាំង​ថវិកា ខូច​ទាំង​សុខភាព បង្ករ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ដោយ​ជំងឺមហារីក និង ជំងឺ​ធ្ងន់ធ្ងរ​គួរឱ្យ​ព្រួយបារម្ភ​។​

​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា ពិតណាស់ថា​បញ្ហា​ទាំងនេះ គ្មាន​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​អាចធ្វើ​ការលុបបំបាត់ ឬ​ទប់ស្កាត់ តែ​ឯកឯង​ទទួលបាន​ជោកជ័យ​នោះឡើយ គឺ​ត្រូវមាន​កិច្ចសហការ និង​ការចូលរួម​ពី​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ផ្សព្វផ្សាយ អប់រំ និង​ទប់ស្កាត់ ជាពិសេស ការចូលរួម​របស់​ប្រជាពលរដ្ឋ ពិត​ជាមាន​សារសំខាន់​ណាស់​។​

​សម្តេច​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ផលិតផល​ចំណីអាហា ត្រូវ​ពិនិត្យពិចៃ​ឱ្យបាន​ច្បាស់លាស់ មុននឹង​ទិញយក​មក​ពិសារ ឬ​ប្រើប្រាស់​។ ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់ នូវ​ផលិតផល​ខូចគុណភាព និង​មានប្រើ​ប្រាស់​នូវ​សារធាតុ​គីមី ដែល​បង្ករ​គ្រោះថ្នាក់ ដល់​សុខភាព​៕​