ជនភៀសខ្លួន​៧០០​នាក់​ស្លាប់​បន្ថែមទៀត ក្នុង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2015 ក+ ក-

​ជនភៀសខ្លួន​មកពី​ទ្វីបអាហ្វ្រិក បាន​បន្ត​នាំគ្នា​ពពាក់ពពូនផ្សងគ្រោះថ្នាក់​ឆ្លង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ដើម្បី​ចូលមក​កាន់​ទឹកដី​អឺរ៉ុប តាមរយៈ​ប្រទេស​អ៊ីតាលី​។ គ្រោះ​អកុសល​បានកើត​ឡើង​មួយ​បន្ថែមទៀត កាលពី​យប់​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ ទី ១៩ មេសា ដោយ​នាវា​ដឹក​ជនភៀសខ្លួន ចំនួន​ជាង​៧​រយ​នាក់ បាន​លិច​នៅក្នុង​សមុទ្រ បន្ទាប់ពី​បានចេញ​ដំណើរ ពី​ប្រទេស​លី​ប៊ី បាន​ជាង​មួយរយ​គីឡូម៉ែត្រ​។ មានប្រតិកម្ម​ផ្ទួនៗ ពី​សំណាក់​ថ្នាក់ដឹកនាំ​នានា ដោយបាន​ចោទ​ត្រង់ៗ ទៅលើ​នយោបាយ​អន្តោប្រវេសន៍ របស់​សហភាព​អឺរ៉ុប ថា​គ្មាន​បាន​លទ្ធផល ហើយ​ថែមទាំង ធ្វើ​ឲ្យ​មាន​អ្នកស្លាប់ កាន់តែច្រើន​។​
​កាល ពីថ្ងៃ​អាទិត្យ ទី ១២​មេសា នាវា​ដឹក​ជនភៀសខ្លួន​ចំនួន ៤០០ នាក់ បាន​លិច​បាត់ មិនទាន់​រក​សាកសព​ឃើញ​នៅឡើយ​ផង ពេលនេះ មាន​នាវា​មួយទៀត ដែល​ដឹក​នុស្ស ចំនួន ជាង​៧០០​នាក់ បាន​លិច​បាត់​បន្ថែមទៀត ក្នុង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​។ បើ​គិត​ចាប់ពី​ដើមឆ្នាំ​២០១៥​នេះ មាន​ជនភៀសខ្លួន​មកពី​ទ្វីបអាហ្វ្រិក ជាង​១៥០០​នាក់​ហើយ ដែល​បាន​ស្លាប់ ចោល​ឆ្អឹង​ក្នុង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ សមុទ្រ​ដែល​ខណ្ឌ​ចែក​ទ្វីបអឺរ៉ុប និង​ទ្វីបអាហ្វ្រិក​។​

​ហេតុការណ៍​បានកើត​ឡើង ក្នុង​យប់​ថ្ងៃ​សៅរ៍ ឈានចូល​ថ្ងៃអាទិត្យ ទី ១៩​មេសា​។ ក្រុម​សង្គ្រោះ បាន​ជួយ​ស្រង់​មនុស្ស​នៅរស់​ចំនួន ២៨​នាក់ និង​សាកសព​ចំនួន ២៤​នាក់​។ បើតាម​សម្តី​របស់​អ្នក​ដែល​នៅរស់​ម្នាក់ បាន​ប្រាប់ថា នាវា​ដែលមាន​ប្រវែង ប្រហែល​ជាជាង ២០​ម៉ែត្រ បានចេញ​ដំណើរ​ពី​ឆ្នេរ​ប្រទេស​លី​ប៊ី បាន​ចំងាយ ប្រហែលជា ១៣០​គីឡូម៉ែត្រ ដោយមាន​ផ្ទុក​មនុស្ស ជាង​៧០០​នាក់ សុទ្ធសឹង​ជា​ជនភៀសខ្លួន មកពី​ទ្វីបអាហ្វ្រិក​។ ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​លិច ដោយសារតែ​មនុស្ស​ផ្អើល​ជាន់គ្នា នៅ​ខាង​តែ​ម្ខាង​នាវា ពេល​គេ​ឃើញ មាន​នាវា​ធំ​មួយទៀត បើក​មក​ជិត​។ ភ្លាមៗ​នោះ នាវា​ក៏​ផ្អៀង ហើយ​លិច​តែម្តង​។​

​ប្រឈមមុខ និង​គ្រោះថ្នាក់​លិច​ទូក​ផ្ទួនៗ​គ្នា​បែបនេះ មតិ​រិះគន់​មាន កាន់តែច្រើន ទៅលើ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​សហភាព​អឺរ៉ុប​។ បេសកកម្ម​ត្រួតពិនិត្យ​ដែនសមុទ្រ​របស់​អឺរ៉ុប ដែល​អនុវត្ត​បច្ចុប្បន្ន មាន​ឈ្មោះថា Triton ត្រូវបាន​គេ​រិះគន់ថា គ្មាន​បាន​លទ្ធផល​អ្វី​ទាំងអស់ ព្រោះ​វា​តម្រូវ​ឲ្យ​ក្រុម​ត្រួតពិនិត្យ ធ្វើការ​ឃ្លាំមើល​តែ​នៅ​ចម្ងាយ ប្រមាណ​ជាជាង ៥០ គីឡូម៉ែត្រ តែប៉ុណ្ណោះ ពី​ឆ្នេរ​អ៊ីតាលី​។​

​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ល់ត៍ បាន​ប្រៀបប្រដូច ហេតុការណ៍​ស្លាប់​ជនភៀសខ្លួន​ទាំងនេះ ទៅនឹង​អំពើ​ប្រល័យពូជសាសន៍ ដែល​ពិភពលោក​ឈរ​ឱបដៃ​មើល គ្មាន​នរណា​ជួយ ឈឺឆ្អាល​។ លោក​ប្រធានាធិបតី​បារាំង បាន​សំណូមពរ ទៅ​ក្រុមប្រឹក្សា​អឺរ៉ុប ឲ្យ​កោះប្រជុំ​ជាបន្ទាន់ ដើម្បី​ស្វែងរក​ជំនួយ និង​រិះរក​វិធី ដើម្បី​ទប់ស្កាត់​គ្រោះ​អកុសល​ទាំងនេះ​។ យ៉ាងណាមិញ លោកស្រី ម៉ូ​ហ្គឺ​រី​នី ប្រមុខ​ការទូត​អឺរ៉ុប បាន​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប​ទាំង​២៨ នឹង​ជួបប្រជុំគ្នា​បន្ទាន់ នៅ​ប្រទេស​លុច​ហ្សំ​បួរ នៅ​ថ្ងៃ​ចន្ទ ទី ២០​មេសា​។​

​សូមបញ្ជាក់ថា ជនភៀសខ្លួន អា​ហ្រិ​ក​ទាំងនោះ នាំគ្នា​ផ្សងគ្រោះថ្នាក់ ដើម្បី​កសាង​ជីវិត​ថ្មី ដោយសារតែ​នៅតាម​ប្រទេស​ខ្លួន​ជួប​គ្រោះ​ទុ​រ​ភិ​ក្ខ និង​ការកាប់សម្លាប់ ដោយ​សង្គ្រាម​ជាដើម​។ នៅ​ពីក្រោយ​គ្រោះថ្នាក់​ទាំងនេះ ក្រុម​ឈ្មួញ​បាន​កេងចំណេញ ឆ្លៀត​ជួញ ដូរ ដឹកជញ្ជូន​ជនភៀសខ្លួន ឆ្លង​សមុទ្រ ទាំង​ពុំមាន​ទូក រឺ​នាវា​ត្រឹមត្រូវ ហើយ​ម្តងៗ​ដាក់​ញាត់ មនុស្ស​ជាន់គ​រលើ​គ្នា មិន​គិតពី​សុវត្ថិភាព​។ មធ្យោបាយ​មួយ​ដែល​ល្អ ដើម្បី​បញ្ចប់​គ្រោះថ្នាក់​ទាំងនេះ គឺ​ត្រួតពិនិត្យ​យ៉ាងណា កុំ​ឲ្យ​នាវា​ខុសច្បាប់​ទាំងនោះ ចេញដំណើរ​បាន​។ មួយវិញទៀត គេ​គួរ​បង្កើតជា តំបន់​ទទួល​ជនភៀសខ្លួន​ទាំងនោះ នៅតាម​ប្រទេស​ជាប់​ឆ្នេរសមុទ្រ ដូចជា លី​ប៊ី អាល់​ហ្ស៊េ​រី និង​អេ​ហ្ស៊ី​ប ជាដើម​៕RFI13231

​គ្រាន់ តែមួយ​សប្តាហ៍ ជនអន្តោប្រវេសន៍ ចំនួន ១១០០០ នាក់ បាន​មកដល់​អ៊ីតាលី តាម​ទូក​។ រូបភាព ថត​នៅ កំពង់ផែ​Trapani ថ្ងៃទី ១៧ មេសា ២០១៥REUTERS/Guglielmo Mangiapane