កំពត ៖ នៅព្រឹកថ្ងៃទី១៧ ខែមថុនាឆ្នាំ នេះ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ទៀតហើយ ខណៈក្បួនព្រះទីនាំង របស់ ព្រះអង្គត្រូវធ្វើដំណើរចេញពីខេត្តកំពត ឆ្ពោះទៅខេត្តព្រះសីហនុ។
ហេតុការណ៍គ្រោះថ្នាកចរាចរណ៍នេះ បង្កឡើងដោយសារមានរថយន្តមួយគ្រឿងបានបើកមកបុកព្រះទីនាំងរបស់ព្រះអង្គ ខណៈយាងពីខេត្ដកំពត មកកាន់ខេត្ដព្រះសីហនុ ដើម្បីជួបសំណេះ សំណាលជាមួយសមាជិក-សមាជិកាប្រមាណជាង ២ពាន់នាក់ ដែលបានរៀបចំពីធីនៅខេត្ដ ព្រះ សីហនុ។
តាមប្រភពព័ត៌មានជាជំហានដំបូង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅ វេលាម៉ោងប្រមាណជា ៩ព្រឹក នៅភូមិអូរតាសេក,ឃុំអូរចំណារ,ស្រុកព្រៃណប់,ខេត្ដព្រះសីហុន ដោយសាររថយន្តឈ្នួលមួយគ្រឿងម៉ាក ហៃលែនឌើ ពាក់ស្លាកលេខ ភ្នំពេញ 2L 9667 ធ្វើដំណើរ ពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ បញ្ច្រាស់ទិសគ្នាបុកចំទីនាំងរបស់ព្រះអង្គតែម្តង ហើយ នៅក្រោយ ពេលកើតហេតុភ្លាមៗ សម្ដេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា ត្រូវបានបញ្ជូនទៅពិនិត្យ ព្រះរាជសុខភាព នៅមន្ទីរពេទ្យខេត្ដព្រះសីហនុ ។
លោក ឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាគ្រោះ ថ្នាក់ ចរាចរណ៍នេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាក ហាយលែនឌើ ពាក់ស្លាកលេខ ភ្នំពេញ 2L 9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្ត របស់ សម្តេចក្រុមព្រះតែម្តង។
លោក ជួន ណារិន បន្តថា គ្រោះថ្នាក់នេះបណ្តាលឲ្យសម្តេចក្រុមព្រះ និង អ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ចំណែក ភាគី រថយន្តឈ្នួល ហាយលែនឌើ មានអ្នកដំណើរចំនួន៥នាក់ រងរបួសអ្ថន់ពីរនាក់ ស្រាលបីនាក់៕