អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព សម្តេចក្រុមព្រះ​នឹងត្រូវ​បញ្ជូន​តាម​យន្តហោះ​មក​ភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2018 ក+ ក-

​ខេត្តកំពត ៖ អ្នក​ម្នាង បានទទួល​មរណភាព​ហើយ ចំណែក​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​កំពុងមាន​បញ្ហា​លើ​ព្រះរាជសុខភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរខេត្ត រៀបចំ​ដឹក​តាម​ជើងយន្តហោះ​ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​សង្គ្រោះ​ព្យាបាល​បន្តទៀត នៅ​រសៀល​ថ្ងៃទី​១៧ មិថុនា នេះ​។​

​សូម​រំលឹកថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែម​ថុ​នា​ឆ្នាំ នេះ សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​ទៀតហើយ ខណៈ​ក្បួន​ព្រះទីនាំង របស់ ព្រះអង្គ​ត្រូវធ្វើ​ដំណើរ​ចេញពី​ខេត្តកំពត ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​។​

​ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍​នេះ បង្កឡើង​ដោយសារ​មាន​រថយន្ត​មួយគ្រឿង​បាន​បើក​មក​បុក​ព្រះទីនាំង​របស់​ព្រះអង្គ ខណៈ​យាង​ពី​ខេត្ដ​កំពត មកកាន់​ខេត្ដ​ព្រះសីហនុ ដើម្បី​ជួប​សំណេះ សំ​ណា​ល​ជាមួយ​សមាជិក​-​សមាជិកា​ប្រមាណ​ជាង ២​ពាន់​នាក់ ដែល​បានរៀបចំ​ពី​ធី​នៅ​ខេត្ដ ព្រះ សីហនុ​។​

​តាម​ប្រភពព័ត៌មាន​ជា​ជំហាន​ដំបូង បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ វេលា​ម៉ោង​ប្រមាណ​ជា ៩​ព្រឹក នៅ​ភូមិ​អូរ​តាសេក​,​ឃុំ​អូរ​ចំណារ​,​ស្រុក​ព្រៃ​ណ​ប់​,​ខេត្ដ​ព្រះ​សី​ហុន ដោយសារ​រថយន្តឈ្នួល​មួយគ្រឿង​ម៉ាក ហៃ​លែ​ន​ឌើ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 9667 ធ្វើដំណើរ ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ បញ្ច្រាស់ទិស​គ្នា​បុក​ចំ​ទីនាំង​របស់​ព្រះអង្គ​តែម្តង ហើយ នៅក្រោយ ពេល​កើតហេតុ​ភ្លាមៗ សម្ដេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ ព្រះរាជសុខភាព នៅ​មន្ទីរពេទ្យ​ខេត្ដ​ព្រះសីហនុ ។​

​លោក ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​គ្រោះ ថ្នាក់ ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្តឈ្នួល​មួយគ្រឿង​ម៉ាក ហាយ​លែ​ន​ឌើ ពាក់​ស្លាក​លេខ ភ្នំពេញ 2L 9667 ធ្វើដំណើរ​ពី​ខេត្ដ​ព្រះសីហនុ ទៅកាន់​រាជធានី​ភ្នំពេញ ហើយ​បាន​បុក​ចូល​ទីនាំង​របស់​សម្តេចក្រុមព្រះ​តែម្តង​។ នៅ​ទីនាំង​នោះ មាន​អ្នកបើកបរ​ម្នាក់ ព្រះអង្គ​សម្តេចក្រុមព្រះ និង​អ្នក​ម្នាង អ៊ុក ផល្លា​។​បើតាម​ប្រភពព័ត៌មាន ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព នៅវេលា​ម៉ោងជាង​១២​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ប្រាប់​ឲ្យ​ដឹងថា អ្នក​ម្នាង អ៊ុក ផល្លា ពិតជា​បានទទួល​មរណភាព តាំងពី​វេលា​ម៉ោង​១២៖២៣​នាទី ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក ចំណែក​សម្ដេចក្រុមព្រះ នរោត្តម រណ​ឫទ្ធ ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​សង្គ្រោះ​បន្ដ​នៅ​រាជធានី​ភ្នំពេញ នៅពេល​រៀ​សល​ថ្ងៃទី​១៧ មិថុនា នេះ​៕