នៅថ្ងៃច័ន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ នេះជាព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៨២ យាងចូល ៨៣ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រិយ៍នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។
សម្តេចព្រះមហាក្សត្រិយ៍នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានព្រះនាមដើមថា ប៉ូល មូនីក អ៊ីហ្សី។សម្តេចម៉ែទ្រង់ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ដោយមានព្រះបិតាជាជនជាតិបារាំងដើមកំណើតអ៊ីតាលី និងមានព្រះមាតាជាជនជាតិខ្មែរ។
កាលពីកុមារភាពទ្រង់បានសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម មធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅលីសេដេកាត ក្រុងភ្នំពេញ។សម្តេចម៉ែ អាចមានបន្ទូលជាភាសាបារាំង និងអង់គ្លេស ក្រៅពីភាសាកំណើត។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងខែមេសា ឆ្នាំ១៩៥២។សម្តេចព្រះមហាក្សត្រិយ៍ ព្រះអង្គមានព្រះរាជបុត្រពីរអង្គគឺ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់នរោត្តមនរិន្ទ្រពង្ស ។ប៉ុន្តែព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស ទ្រង់បានសោយទិវង្គតនៅឆ្នាំ២០០៣ ដោយព្រះរោគបេះដូង។
នៅចុងឆ្នាំ១៩៦០ ព្រះអង្គជាព្រះប្រធានកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ននេះទ្រង់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។សម្តេចម៉ែ ទ្រង់ជាមហេសីសំណព្វ របស់ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានទទួលព្រះស្រីង្គារ ក្តីស្រឡាញ់ មេត្តាប្រោសប្រណី យ៉ាងខ្លាំងក្លាពីព្រះស្វាមី ក្នុងរយៈពេលដ៏យូរលង់ជាងកន្លះសតវត្សរ៍កន្លងទៅនេះ។
សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានយាងតាមព្រះករុណា ព្រះមហាវីរក្សត្រ ស្ទើរគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យ សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២នោះឡើយ។
នៅឆ្នាំ១៩៩២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានប្រទានគោរមងារព្រះអង្គពីអ្នកម្នាង ជាសម្តេចព្រះជាយានៅឆ្នាំ១៩៩៣ ទ្រង់បានទទួលគោរមងារជា សម្តេចព្រះរាជអគ្គមហេសី ហើយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំព្រះបរមងារថ្វាយព្រះរាជមាតា ដោយថ្វាយព្រះបរមងារថា សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕