ប៉ោយប៉ែត ៖ តាមសេចក្តីរាយការណ៍ពីស្រុកអូជ្រៅ ឲ្យដឹងថា រថយន្ត ហៃឡិនឌើ មួយគ្រឿងកំពុង បើកចូលស្ថានីយសុខៗ ស្រាប់តែឆាបឆេះបង្កជាអណ្តាតភ្លើងផ្អើលពេញលើផ្លូវជាតិលេខ5 កាលពី ម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី17 មិថុនា 2018 ជិតស្ថានីយបញ្ចូលហ្គាសមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចស្រុកអូរជ្រៅបន្តថា រថយន្តខាងលើម៉ាក HILANDER ពាក់ស្លាកលេខ ភ្នំពេញ 2AK-6805 ពណ៌ខ្មៅ ជារថយន្តប្រើហ្គាស បើកបរដោយឈ្មោះ បឿយ បៀ ភេទប្រុស អាយុ30ឆ្នាំ និងប្រពន្ធឈ្មោះចាន់ ដារី អាយុ៣០ឆ្នាំ អ្នកទាំង២មានទីលំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភណ្ឌ ។
លោក សេស វិបុល អធិការនគរបាលស្រុកបានប្រាប់តាមទូរស័ព្ទថា មុនកើតហេតុ មានរថយន្តមួយគ្រឿងជិះគ្នា២នាក់ប្តីប្រពន្ធបើកពីកើតមកលិចបំណងទៅប៉ោយប៉ែត ហើយមកដល់កន្លែងកើតហេតុបំរុងបត់ចូលស្ថានីយ ដើម្បីបញ្ចូលហ្គាស តែមិនទាន់បានទាំងបត់ចូលផង ស្រាប់តែអណ្តាតភ្លើងឆាបឆេះពីក្រោយដេញមកខាងមុខធ្វើឱ្យ២នាក់ប្តីប្រពន្ធភ័យលស់ព្រលឹង ចំណែកម្ចាស់ស្ថានីយក៏ព្រលឹងចុងសក់ ព្រោះកន្លែងកើតហេតុនៅជិតស្ថានីយរបស់គាត់។ យ៉ាងណាក៏ដោយករណីនេះមិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ គឺអ្នកបើកបរ និងប្រពន្ធបានចេញពីរថយន្តទាន់ពេលវេលា។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងលោកក៏បានចុះទៅកន្លែងកើតហេតុ ហើយលោក អាត់ ខែម ស្នងការនគរបាលខេត្តក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅកន្លែងកើតហេតុ ដើម្បីជួយផងដែរ តែរថយន្តខាងលើត្រូវបានឆេះអស់ស្ទើរតែទាំងស្រុងទៅហើយ ព្រោះកន្លែងកើតហេតុឆ្ងាយនៅពីសមត្ថកិច្ច។ ហើយករណីនេះ លោកសង្ស័យថា អាចបណ្តាលមកពីតប្រព័ន្ធដាក់ហ្គាសប្រើខុសបច្ចេកទេស៕