មាន​អ្នក​ចាញ់បោក​យក​មាស​៧​ជី ដូរ​យក​គ្រាប់កង់​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2018 ក+ ក-

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រែកយំ​បណ្តើរ រត់​បណ្តើរ​ទៅរក​ប៉ូលីស​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់ពី​ដឹងខ្លួន​ថា ចាញ់ល្បិច​ក្រុម​ទម្លាក់យោង ល្បួង​បញ្ឆោត​យក​គ្រឿងអលង្កា អស់​មាស​៧​ជី ខ្សែដៃ​ប្លា​ទី​ទម្ងន់​៤​ជី និង​លុយ​អស់​ជាង​៧០០​ដុល្លារ ហើយ​ក្រុម​ជនសង្ស័យ​នាំគ្នា​គេចខ្លួន​បាត់អស់​។​
​រឿងនេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង​១៥ នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​បេតុង​ច្រកចូល​រោងចក្រ​ក្រដាស់ កែង​ផ្លូវ​មុខ​ផ្សារ​ព្រៃទា ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ យ៉ែម ស្រី​ពៅ អាយុ​៣៥​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ច្រនាង​ថ្មី ឃុំ ពោធិ៍​អង្គ្រង ស្រុក​ប​សេធ ខេត្ត កំពង់ស្ពឺ ។ សម្ភារៈ​បាត់បង់ គ្រឿង​អ​ល័​ង្កា ចិញ្ចៀន ខ្សែក ក្រវិល សរុប​ទម្ងន់​៧​ជី​មាស ខ្សៃ​ដៃ​ប្លា​ទីន​ទម្ងន់​៤​ជី លុយ​ដុល្លា​ជាង​៧០០​ដុល្លា និង​អត្តសញ្ញាណប័ណ​ផ្ទាល់ខ្លួន កាត​ការងារ និង​ឯកសារ​មួយចំនួនទៀត​ក្នុង​កាបូប ដោយឡែក​សម្ភារៈ​ដែល​បានមក​វិញ គឺ​គ្រាប់កង់​មួយកញ្ចប់ ដាក់​ក្នុង​កាបូប​តូច​មួយ​ទុក​ឲ្យ​ជនរងគ្រោះ​។​

​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គាត់​ដើរ​ចេញពី​បន្ទប់​ជួល បាន​ជួប​ស្ត្រីជន​សង្ស័យ​ម្នាក់ មាឌ​ធាត់​ខ្មៅ​ស្រ​អៀម មក​សួរ មាន​ឃើញ​កាបូប​គេ​ជ្រុះ​បាត់​មុននេះ​ដែរ​អត់ ក្នុងនោះ​មាន​មាស​លុយ​ជាច្រើន គ្រាន់តែ​ឆ្លើយថា​អត់​ដឹងផង មិនទាន់​ផុតពី​មាត់​ផង ក៏​លេចមុខ​ស្ត្រី​សង្ស័យ​ម្នាក់ទៀត សម្បុរ​ស ស្គម ចំណាស់ ជិះ​ម៉ូតូ ឌុប​ដោយ​បុ​រ​ម្នាក់​មក​ប្រាប់ថា កុំ​មាត់ ពួកគេ​រើស​បាន យើង​ទុក​ចែកគ្នា ហើយ​បាន​បើក​មាត់​កាបូប​ឲ្យ​មើល ឃើញ​សុទ្ធតែ​ក្រដាស់​ដុល្លា និង​លោហៈ​ក្រហមច្រាល ក៏​បបួល គាត់​ជា​ជនរងគ្រោះ ឡើង​ជិះ​ម៉ូតូ​២​គ្រឿង ចេញ​ពីមុខ​រោងចក្រ ៣​ជាន់ ផ្លូវ​QMI ទៅដល់​ខាងមុខ​ច្រកចូល​រោងចក្រ​ក្រដាស់ ទល់មុខ​ផ្សារ​ព្រៃទា ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ឈប់​ម៉ូតូ លាត​មាត់​កាបូប​ឲ្យ​ម់ល​ម្តងទៀត ប្រាប់ថា រងចាំ​ទៅ​ដូរ​ចែកគ្នា តែ​ហាម​មាត់​និយាយប្រាប់​គេ ថា​ហើយ ក៏​ហុច​កាបូប​មួយ​ឲ្យ​ជនរងគ្រោះ​កាន់ រួច​ក្រុម​ជនសង្ស័យ ចាប់​ដោះយក​គ្រឿង​អ​ល័​ង្កា​ពី​ជនរងគ្រោះ និង​ឆក់យក​កាបូប​របស់​ជនរងគ្រោះ ប្រាប់​ឲ្យ​នៅចាំ ហើយ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជិះ​ម៉ូតូ​ចាក​ចេញទៅ​បាត់ ដោយ​ប្រាប់ថា​ទៅ​ដូរ​លុយ ។ ប្រភព​បន្តទៀតថា ចាំ​មួ​យស​ន្ធុះ​មិនឃើញ​មកវិញ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ទៀត ប្រាប់ថា​ទុក​ឲ្យ​ពួកគេ​ជិះ​ទៅតាម កុំ​ឲ្យ​ស៊ីដាច់ ថា​ហើយ​ចេញទៅ​បាត់ បន្សល់ទុក​តែ​ជនរងគ្រោះ​ឈរ​ចាំ​ម្នាក់ឯង ចេះតែ​ងឿងឆ្ងល់ ចុះទៅ​ដូរ​លុយ មាស យូរ​ម្លេះ លួច​បង្ហើប​កាបូប​មើល ពុទ្ធោ ! នៅក្នុង​កាបូប សុទ្ធតែ​គ្រាប់កង់ ទើប​ស្រែក​ទ្រហោយំ ដឹងថា​ចាញ់ល្បិច​ក្រុម​នោះ​ហើយ ជិះ​ម៉ូតូឌុប ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ដែល​នៅក្បែរ​ផ្ទះ​ស្នាក់នៅ​ស្រាប់ ។​

​សមត្ថកិច្ច បាន​បញ្ជក់​ថា បើតាម​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ គឺ​ក្រុម​ជនសង្ស័យ​ទាំងនោះ ជា​មនុស្ស​ដដែលៗ ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន ព្រោះ​កន្លងមក មាន​ជនរងគ្រោះ​ច្រើន​នាក់​មកហើយ​ដែល​ត្រូវ​ពួក​ទាំងនោះ​គៀបស៊ី​។ ជាមួយនេះ សមត្ថកិច្ច ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​កុំ​ចង់បាន​របស់គេ ហើយ​បើសិនជា​គេ​រើស​បាន​របស់​មានតម្លៃ​ពិតមែន​នោះ គឺ​គ្មាន​អ្នកណា​ចិត្តល្អ​មក​បបួល​យើង​ដែល​មិនដឹង​រឿងនេះ​សោះ ទៅ​ចែកគ្នា​នោះទេ​៕