សេវាកម្ម​រថយន្តក្រុង​សាធារណៈ អាច​ទូទាត់​ប្រាក់​តាមរយៈ​កាត អេ​ឡិ​ក​ត្រូ​និ​ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​បង្ករ​ភាពងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​ជាតិ និង​អន្តរជាតិ​តាម​សេវាកម្ម​ដឹកជញ្ជូន​តាម​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កាត​អេ​ឡិ​ក​ត្រូ​និ​ច​ដើម្បី​ទូទាត់​សាច់ប្រាក់​នៅពេល​ធ្វើដំណើរ​ម្តងៗ ដោយ​មិនបាច់​ប្រើ​សាច់ប្រាក់​ដោយផ្ទាល់​ក៏បាន​។​

​ក្នុង​ពិធី​ប្រកាស​ដាក់អោយ​ដំណើរការ កាត​ទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅលើ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណត​រថយន្តក្រុង​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌ​ឬ​ស្សី​កែវ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា សេវាកម្ម​ប្រើប្រាស់​កាត​អេឡិចត្រូនិក សំរាប់​ទូទាត់​សាច់ប្រាក់ នៅពេល​ធ្វើដំណើរ​តាម​រថយន្តក្រុង​ម្តង គឺ​វា​បង្ករ​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ​គ្រប់​ប្រភេទ ទាំង​ជាតិ និង​អន្តរជាតិ ហើយក៏​បញ្ជាក់​អោយ​បានឃើញ​កាន់តែច្បាស់​ពី​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា របស់​កម្ពុជា ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​ទូទាំងប្រទេស​ផងដែរ​។​

​លោក អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់ទៀតថា ការប្រើប្រាស់​កាត​អេឡិចត្រូនិក​ទូទាត់​សាច់ប្រាក់​នៅលើ​សេវាកម្ម​រថយន្តក្រុង​នេះ គឺ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វី​ង ជា​អ្នកលក់​កាត​អេឡិចត្រូនិក​ជូន​អតិថិជន​ដើម្បី​បង្ករ​ភាពងាយស្រួល ព្រោះថា​បច្ចុប្បន្ននេះ មាន​អ្នកដំណើរ​តាម​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ដល់​ជាង​២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ​។​

​លោក អភិបាល​បញ្ជាក់ទៀតថា ការប្រើប្រាស់​រថយន្តក្រុង ក្រៅពី​ជួយ​សម្រួលការ​ធ្វើដំណើរ ក្នុង​រាជធានី និង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ស្របតាម​គោ​នយោបាយ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា ពិសេស​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការគ្រោះថ្នាក់​ចរាចរណ៍ និង​ការបំពុល​បរិស្ថាន​ផងដែរ​។​

​លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ថ្លែងថា ប្រព័ន្ធ​ទូទាត់​តាម​កាត​អេឡិចត្រូនិក សំរាប់​អ្នកដំណើរ​តាម​រថយន្តក្រុង គឺមាន​ចំនួន​១៤៥៩ ដែល​ពួកគាត់​បាន​ប្រើប្រាស់​រថយន្តក្រុង​ចំនួន​ជាង​៥​ម៉ឺន​២​ពាន់​ដង​។ ការដែល​ប្រើប្រាស់​កាត​អេ​ឡិច​ត្រូ​និ​ចនេះ គឺ​វា​មាន​ភាពងាយស្រួល​សំរាប់​ការគ្រប់គ្រង​ចំណូល​និង​ទិន្ន័យ​អតិថិជន​។​

​លោក អ៊ា​ន សុ​ឃីម បញ្ជាក់ថា សំរាប់​កាត​អ្នកជិះរថយន្ត​ក្រុងមាន​ពីរ​ប្រភេទ ប្រភេទ​ពណ៌​ខៀវ គឺ​សំរាប់ សិស្ស មនុស្ស​ចាស់ ព្រះសង្ឃ កម្មករ​-​កម្មការិនី ជនពិការ កីឡាករ កីឡាការិនី និង​កុមារ​ដែលមាន​កំពស់​ក្រោម​១​ម៉ែត្រ ដែល​អាច​ជិះ​រថយន្តក្រុង​ចំនួន​១៨០​ដងដោយ​ឥតគិតថ្លៃ ហើយ​កាត​នេះ លក់​ក្នុងតម្លៃ​៤​ពាន់​រៀល​។ ចំពោះ​កាត​ពណ៌​បៃតង មានតម្លៃ​៦​ពាន់​រៀល និង​១​ម៉ឺន​រៀល សំរាប់​អ្នកដំណើរ​ទូទៅ អតិថិជន​អា​ចប​ញ្ជូ​ល​ទឹកប្រាក់​ទៅក្នុង​កាត បាន​នៅ​គ្រប់​ភ្នាក់ងារ​វី​គ្រប់​ទីកន្លែង​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​មាន​រថយន្តក្រុង​ចំនួន​១៥៥​គ្រឿង ដែល​កំពុង​រត់​លើផ្លូវ​សំខាន់ៗ​ចំនួន​៨​ខ្សែ ក្នុង​រាជធានី​ភ្នំពេញ ហើយ​មាន​អ្នកជិះ​ជា​មធ្យម​ចន្លោះ​ពី​២០០០០​នាក់ ទៅ​២១០០០​នាក់ ដែល​ធ្វើដំណើរ​ប្រចាំថ្ងៃ តាម​រថយន្តក្រុង​សាធារណៈ​ទាំង​៨​ខ្សែ​នេះ​៕​